អន្តរជាតិ
ម្ចាស់​ក្សត្រិយ៍ អេ​លីហ្សា​បែ​តទី​២ ក្លាយជា​ស្តេច​នៅមាន​ព្រះជន្ម​ដែល​សោយរាជ្យ​យូរ​ជាងគេ​
14, Oct 2016 , 11:10 am        
រូបភាព
ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ និងស្តេចភូមិបុលអាប់ឌុលយ៉ាដេត នាព្រះរាជពិធីមួយនៅបាងកក កាលពី​ឆ្នាំ​១៩៩៦។ រូបថត PA Wire
ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ និងស្តេចភូមិបុលអាប់ឌុលយ៉ាដេត នាព្រះរាជពិធីមួយនៅបាងកក កាលពី​ឆ្នាំ​១៩៩៦។ រូបថត PA Wire
ដោយ: រួបរួម
​បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហា​ក្ស​ត្ស​ថៃ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត (Bhumibol Adulyadej) កាលពី​រសៀល​ថ្ងៃទី​១៣ ខែតុលា ម្ចាស់​ក្សត្រិយ៍ អេ​លីហ្សា​បែ​តទី​២ (Elizabeth II) នៃ​ចក្រភព​អង់គ្លេស និង​ប្រជាជាតិ​កុម្ម៉ង់​វែ​ល (Commonwealth realms) បាន​ក្លាយជា​ស្តេច​ដែល​នៅមាន​ព្រះជន្ម ហើយ​សោយរាជ្យ​យូរ​ជាងគេ​នៅលើ​ពិភពលោក​។



​ព្រះមហា​ក្ស​ត្ស​ថៃ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត បាន​ជាប់​ព្រះនាម​ជា​ស្តេច​ដែល​សោយរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក ដោយមាន​រយៈពេល​៧០​ឆ្នាំ និង​៤​ខែ នៅមុន​ពេលដែល​ព្រះអង្គ បាន​យាង​ចូល​ទិវង្គត​ក្នុង​ព្រះជន្ម ៨៩​ព្រះវស្សា​។ នៅពេលនេះ ព្រះមហា​ក្សត្រិយ៍ អេ​លីហ្សា​បែ​តទី​២ បាន​ឡើង​លេខ​មួយ​ម្តង​ក្នុងនាម​ជា​ស្តេច​ដែល​សោយរាជ្យ​យូរ​ជាងគេ ដោយមាន​រយៈពេល​ជាង​៦៤​ឆ្នាំ និង​៨​ខែ​។​

​ព្រះមហា​ក្សត្រិយ៍ អេ​លីហ្សា​បែ​តទី​២ បច្ចុប្បន្ន​មាន​ព្រះជន្ម​៩០​ព្រះវស្សា ដោយ​ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​តាំងពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​១៩៥៣​មក​។ ព្រះ​អង្គជា​ស្តេច​នៃ​ចក្រភព​អង់គ្លេស កាណាដា អូស្ត្រាលី នូ​វេ​ល​សេ​ឡង់ និង​ជា​ព្រះ​ប្រមុខ​នៃ​រដ្ឋ​កុម្ម៉ង់​វែ​ល​។ បន្ថែម​ពីលើ​នេះ ព្រះអង្គ​ក៏​ជា​ក្សត្រ​របស់​រដ្ឋ​ដែល​ធ្លាប់​ស្ថិតក្រោម​អាណានិគម​ចក្រភព​អង់គ្លេស​ចំនួន​១២​ផ្សេងទៀត​ផងដែរ ក្នុងនោះ មាន ហ្សា​ម៉ៃ​អ៊ី​ក បា​បា​ដូ​ស បា​ហា​ម៉ា ហ្គ្រេ​ណា​ដា ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ កោះ​សូ​ឡូ​ម៉ុ​ន ទូ​វ៉ា​លូ Saint Lucia, Saint Vincent and the Grenadines, បេ​លី​ស​, Antigua and Barbuda និង Saint Kitts and Nevis ប៉ុន្តែ​ពេលវេលា​នៃ​ការ​សោយរាជ្យ​ខុសៗ​គ្នា បន្ទាប់ពី​ប្រទេស​ទាំងនោះ​ទទួលបាន​ឯករាជ្យ​។​

​ស្តេច​បន្តបន្ទាប់​ដែល​នៅមាន​ព្រះជន្ម និង​កំពុង​គ្រងរាជ្យ​រួមមាន ស្តេច​ស៊ុ​ល​តង់​ព្រុយ​ណេ Hassanal Bolkiah (​ជាង​៤៩​ឆ្នាំ​) ស្តេច​ស៊ុ​ល​តង់​អូ​ម៉​ង់ Qaboos bin Said al-Said (​ជាង​៤៦​ឆ្នាំ​) ម្ចាស់​ក្សត្រិយ៍​ដា​ណឺ​ម៉ាក Margrethe II (​ជាង​៤៤​ឆ្នាំ​) ស្តេច​ស៊ុយអែត Carl Gusfaf XVI (​ជាង​៤៣​ឆ្នាំ​)​។​

​ស្តេច​ដែល​សោយរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក គឺ​ស្តេច Sobhuza II នៃ​ប្រទេស​ស្វា​ស៊ី​ឡែ​ន ដែល​បាន​គ្រងរាជ្យ​អស់​រយៈពេល​ជាង​៨២​ឆ្នាំ ពី​ឆ្នាំ​១៨៩៩ ដល់​ឆ្នាំ​១៩៨២ ៕


Tag:
 អេ​លីហ្សា​បែ​តទី​២
© រក្សាសិទ្ធិដោយ thmeythmey.com