អន្តរជាតិ
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ព្រមាន​កាត់ទោស​រដ្ឋាភិបាល​ហ្វីលីពីន ពាក់ព័ន្ធ​របាយការណ៍​សម្លាប់​ចុងក្រោយ​នេះ
14, Oct 2016 , 2:47 pm        
រូបភាព
ដោយ:
ទន្ទឹមនឹងមានការព្រួយបារម្ភ និងការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​លើ​រដ្ឋបាល​ថ្មី​ហ្វីលីពីន​ស្តីពីការបង្ក្រាប​គ្រឿងញៀន​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​បី​ពាន់​នាក់ បាននិងកំពុង​តែ​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់​ដូច​ព្យុះភ្លៀង​ស្រាប់​នោះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏បាន​ចេញ​សារ​ព្រមាន​ចាត់​វិធាន​ថ្មី​ផ្លូវច្បាប់​លើ​ហ្វីលីពីន​ផងដែរ​។ តុលាការ អះអាងថា សំណុំរឿងនេះ អាច​នឹង​ត្រូវបាន​ចាត់ការ ប្រសិន ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ នៅតែ​បន្ត​កើតមាន​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែបនេះ​។



​រដ្ឋអាជ្ញា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅ​កាត់​ថា ICC លោកស្រី Fatou Bensouda នៅ​ថ្ងៃទី​១៣ ខែតុលា ម្សិលមិញ បាន​ចេញសេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយ​បា​មរ​ម្ភ​ពី​ស្ថានភាព​ហ្វីលីពីន​ដែល​ពាក់ព័ន្ធ​នឹង​ការស្លាប់​រាប់ពាន់នាក់​នៅ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿង​ញឿ​ន​។ លោកស្រី​រដ្ឋអាជ្ញា បាន​អះអាងថា តុលាការ បាន​ដឹងលឺ​ពី​របាយការណ៍​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​នោះ និង​ថែមទាំង​សោកស្តាយ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ​ជាន់ខ្ពស់​ហ្វីលីពីន ដែល​ហាក់ដូចជា​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ទាំងនោះ​។​

​លោកស្រី​រដ្ឋអាជ្ញា ក៏បាន​បញ្ជាក់​ធ្ងន់​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​យ៉ាង​ដូច្នេះ​ថា «​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ អាច​នឹង​ធ្លាក់​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រទ​ណ្ឌ​អន្តរជាតិ ប្រសិន ពួកគេ ប្រព្រឹត្ត​សកម្មភាព​ដែលជា​ផ្នែក​នៃ​ការវាយប្រហារ​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ ឬ​ជា​ប្រព័ន្ធ​ប្រឆាំងនឹង​ជន​ស៊ីវិល​ដោយ​ប្រើប្រាស់​គោលនយោបាយ​រដ្ឋ​នោះ​...»​។

​ជាងនេះទៅទៀត​នោះ លោកស្រី​រដ្ឋអាជ្ញា ក៏បាន​បង្ហាញ​ពីសារ​មួយ​ដែល​គួរ​ព្រួយបារម្ភ​ទៅលើ​មេដឹកនាំ​ពាក់ព័ន្ធ​មួយចំនួន​របស់​ហ្វីលីពីន ដោយ លោកស្រី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា​: រាល់​បុគ្គល​ទាំងឡាយ​នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​ញុះញង់ ឬ​លើកទឹកចិត្ត​ក្នុងការ​ប្រព្រឹត្ត​ហិង្សា​ទ្រង់ទ្រាយ​ធំ រាប់បញ្ចូល​ទាំង ការបញ្ជា ការស្នើ ការជំរុញ ឬ​ការចូលរួម នៅក្នុង​ឥរិយាបថ​ណាមួយ​ក៏ដោយ គណៈកម្មាធិការ​ទទួល​បន្ទុក​បទល្មើស​ស្ថិតក្រោម​យុត្តាធិការ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​ទទួលខុសត្រូវ​ដើម្បី​កាត់ទោស​នៅ​ចំពោះមុខ​ច្បាប់​»​។

​បើតាម​សេចក្តីថ្លែងការណ៍​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដដែល​នោះ ហ្វីលីពីន គឺជា​ភាគី​នៃ​តុលាការ ពោលគឺ​តុលាការ មាន​យុត្តាធិការ​ចាត់កា​រលើប​ទ​ល្មើស​ប្រល័យពូជសាសន៍ បទល្មើស​ប្រឆាំង​មនុស្សជាតិ  និង​បទល្មើស​ព្រហ្មទណ្ឌ​សង្គ្រាម ដែល​ប្រព្រឹត្ត​លើទឹក​ដី ឬ​ដោយ​ពលរដ្ឋ​ហ្វីលីពីន​។ តុលាការ មាន​យុត្តាធិការ​ដើម្បី​ចាត់ការ​លើ​ហ្វីលីពីន​តាំងពី​ឆ្នាំ​ថ្ងៃទី​០១ ខែវិច្ឆិកា​ឆ្នាំ​២០១១ ដែលជា​ពេលដែល​លក្ខន្តិក​ចូល​ជាធរ​មាននៅ​ក្នុងប្រទេស​ហ្វីលីពីន​នោះឯង​។

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដែលជា​ថ្ងៃ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​មកដល់ពេលនេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ៧០​ម៉ឺន​នាក់ បានប្រកាស​ចូលខ្លួន​សារភាព និង​ជាង​បី​ពាន់​នាក់​ផ្សេងទៀត ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប៉ូលិស និង​ការសហការ​ក្រៅ​ប្រព័ន្ធតុលាការ​។

​ជុំវិញ​បញ្ហា​នេះ មាន​ប្រទេស និង​អង្គការ​ធំៗ​របស់​ពិភពលោក ដែល​រួមមាន​អាមេរិក អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប ក៏បាន​ចូលរួម​សម្តែង​ការព្រួយបារម្ភ និង​រិះគន់​ខ្លាំង​ដល់​រដ្ឋបាល​ថ្មី​ហ្វីលីពីន​របស់លោក​ឌើ​ទើ​តេ ដែល​បាននិងកំពុង​តែ​ប្រើប្រាស់​គោលនយោបាយ​បោសសម្អាត​បទល្មើស​គ្រឿងញៀន​តាម​វិធីសាស្ត្រ​យ៉ាង​ឃោរឃៅ​នោះ​។

​តែបើ​ទោះបីជា​មានការ​រិះគន់​បែបនេះ​ជា​បន្តបន្ទាប់​ក៏ដោយ លោក​ប្រធានាធិបតី ឌើ​ទើ​តេ ហាក់ដូចជា​មិន​ខ្វាយខ្វល់​ឡើយ ដោយ​អះអាងថា រដ្ឋាភិបាល​របស់លោក អនុវត្ត​គោលនយោបាយ​ដោយ​ស្របតាម​គោលការណ៍​នីតិរដ្ឋ​នោះទេ​។ ជាងនេះទៅទៀត​នោះ​លោក ក៏​ធ្លាប់​បានបញ្ជាក់​ដែរ ប្រតិបត្តិការ​របស់លោក គឺជា​ការ​បោសសម្អាត​ជនល្មើស ឬ​ឧក្រិដ្ឋជន​នោះទេ ដោយ​លោក ថែមទាំង​ប្រៀបធៀប​ថា របប​ដឹកនាំ​របស់លោក មិន​ដូច​ការប្រព្រឹត្ត​របស់​ម​ហា​អំណាច​មួយចំនួន​ដែល​បានសម្លាប់​ជន​ស៊ីវិល​ជាច្រើន​ពាន់​នាក់ តែ​គ្មាន​អង្គការ​ណា និយាយ​សោះ​នោះ​។

​ក្នុងករណី​នៃ​ការព្រមាន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះដែរ មិនទាន់មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ឡើយ​។ តែ​គេ​អាច​រំពឹងទុក​ដែរ​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល នឹង​ប្រតិកម្ម​មិន​ខុសពី​ពេលមុនៗ​ដែរ​។ ហើយ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ក៏​អាច​ដើរ​ចេញពី​ភាគី​នៃ​លក្ខន្តិកៈ​នៃ​តុលាការ​នេះ​ក៏​ថា​បានដែរ​៕


Tag:
 ហ្វីលីពីន​
  តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com