ពីនេះ ពីនោះ
ពាក្យ​«​តម្លៃ​, រង់ចាំ និង ដំឡើង​» ជា​ពាក្យ​សាមញ្ញៗ ដែល​គេ​តែងតែ​សរសេរ​ខុស​
15, Oct 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សំណេរ​ភាសា​ខ្មែរ រាល់ថ្ងៃនេះ​អ្នកណា​ក៏​សរសេរ​ខុស គ្រាន់​តែមាន​សាធារណជន​ខ្លះ​សរសេរ​ពាក្យ​ខុស​តិច និង​សាធារណជន​ខ្លះ​សរសេរ​ពាក្យ​មួយចំនួន គឺ​មិនដែល​ត្រឹមត្រូវ​។ នៅក្នុង​កំហុស​ទាំងនោះ អ្នកខ្លះ​អាច​ថា​មកពី​ការខ្វះ​ការប្រុងប្រយ័ត្ន ប៉ុន្តែ​អ្នកខ្លះ​គឺ​មិនបាន​ដឹងថា ពាក្យ​ទាំង​សរសេរ​បែបណា​ឲ្យ​ប្រាកដ​ពិតមែន​ព្រោះតែ​មិនបាន​ពិនិត្យ និង​សិក្សា​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។


 
​ពាក្យ «​តម្លៃ​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​តំលៃ​»​។ ពាក្យ «​តម្លៃ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា អ្វីៗ​ដែល​ថ្លៃ​, ប្រាក់​ដែល​ត្រូវ​សង​ដល់​អ្នកដទៃ​ដោយ​ខ្លួន​បាន​ទិញ​វត្ថុ​អ្វីៗ​ពី​គេ​។ ឧទាហរណ៍ៈ របស់​មានតម្លៃ​, អស់​តម្លៃ​, ចុះ​តម្លៃ​, សង​តម្លៃ​។ 
 
​ពាក្យ «​រង់ចាំ​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​រងចាំ​»​។ ពាក្យ «​រង់ចាំ​» មានន័យថា គឺជា​ពាក្យ​ផ្សំ​ចូលគ្នា​រវាង​ពាក្យ​«​រង់​» និង​ពាក្យ​«​ចាំ​» ដែល​ពាក្យ “​រង់ មានន័យថា បង្អង់​ចាំ​, ឈប់​បង្អង់ៈ រង់​មួយស្របក់​សិន​, រង់ចាំ​បន្តិច​សិន​”​។ ចំណែក​ពាក្យ “​ចាំ មានន័យថា មិន​ភ្លេច​,​កត់​ជាប់​នៅក្នុង​ស្មារតី ឬ​ក្នុង​ការនឹកឃើញ​មិន​ភ្លេចភ្លាំង​”​។ ប៉ុន្តែ​ពាក្យ​«​រង់ និង ចាំ​» នេះ គេ​និយម​និយាយ​ផ្សំគ្នា​ក្លាយជា​ពាក្យ​ថា «​រង់ចាំ​» ក្នុងន័យ​ថា ឈប់​បង្អង់​ចាំ ឬ​នៅចាំ​អ្នកណាម្នាក់ ឬអ្វី​មួយ​មកដល់ ជាដើម​។ 
 
​ពាក្យ «​ដំឡើង​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​តំឡើង និង តម្លើង​»​។ ពាក្យ «​ដំឡើង​» មាន​ថ្នាក់​ពាក្យ ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ឡើង​, ធ្វើ​ឲ្យ​ខ្ពស់ជាង​មុន​, ធ្វើ​ឲ្យ​មាន​កម្លាំង​,​ធ្វើ​ឲ្យ​ឃើញ សម្បើមៈ ដំឡើងពន្ធដារ​, ដំឡើងថ្លៃ​អីវ៉ាន់​, ដំឡើងស្នា​, ដំឡើងឫក​, ដំឡើង​ឫទ្ធិ​...​ជាដើម​។ អាច​ប្រើ​ម្យ៉ាង​ទៀតថា លើក​ផ្គុំ​រៀបចំ​តាម​លំនាំ​ស្រាប់ៈ ដំឡើងរទេះ​, ដំឡើងរថយន្ត​។​
​បើ​ប្រើ​ជា​គុណនាម និង​នាម វិញ​ពាក្យ​នេះ​បង្ហាញ​ពី​រដូវ​ដែល​ទឹក​ឡើងៈ រដូវ​ដំឡើង​, ខែ​ដំឡើង​៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​

Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com