ពីនេះ ពីនោះ
កុំពូកែតែទ្រឹស្ដី ប៉ុន្តែប្រតិបត្តិផង ទើបជាតិអាចខ្លាំងបាន
× ភ្នំពេញ៖ ទស្សនៈ គំនិត យោបល់ ជំនឿ គ្រប់និន្នាការនយោបាយ ដែលបានលើកឡើង គឺជាសិទ្ធិបុគ្គល។ ការយល់ឃើញ ហើយបញ្ចេញជាមតិ នៅគ្រប់វេទិការ គ្រប់ជំនួបពិភាក្សា គឺជាវិធានដ៏ល្អ ដើម្បីឈានទៅរកការរៀបចំ និងប្រតិបត្តិឲ្យបានល្អ។ ប៉ុន្តែស្របពេលជាមួយការលើកឡើងនានា បែរជារូបភាពនៃការប្រតិបត្តិមិនមានជារូបរាងគួរឲ្យកត់សម្គាល់ដូចការនិយាយទៅវិញ។
បច្ចុប្បន្ននេះ គេអាចនិយាយបានថា ចរន្តនៃការវិវត្តទ្រឹស្ដី នៅក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរ ហាក់មានសន្ទុះងើបឡើងយ៉ាងខ្លាំងទាំងយុវជន សិស្សានុសិស្ស មន្ត្រីរាជការ បុគ្គលិកគ្រប់ផ្នែក មន្ត្រីនយោបាយ និងថ្នាក់ដឹកនាំសង្គមនានាជាដើម។ ប្រការនេះគឺជារឿងប្រសើមួយដែលបង្ហាញថា ជនជាតិខ្មែរ ចាប់ផ្ដើមមានមូលដ្ឋានទ្រឹស្ដីគ្រប់គ្រាន់ដើម្បីដឹកនាំជីវិតរបស់ពួកគេ។
ប៉ុន្តែត្រឡប់ទៅមើលក្នុងស្ថានភាពជាក់ស្ដែងវិញ ប្រសិទ្ធភាពនៃការប្រតិបត្តិគឺមានតិចជាង ការលើកឡើងជាទ្រឹស្ដី ទាំងនៅតាមបណ្ដាញសង្គម ការនិយាយជាប្រចាំថ្ងៃជាដើម។ បើគេពិនិត្យមួយភ្លែត សង្គមមួយនេះគឺពិតជាសង្គមដ៏ល្អប្រសើបំផុតមួយ នេះបើគេមើលតែទៅលើការបញ្ចេញគំនិត ទ្រឹស្ដី និងការលើកឡើងគ្រប់រូបភាព។ ផ្ទុយមកវិញការប្រតិបត្តិនៅមានកម្រិតទាំងអស់។
សិស្សានុសិស្ស តែងតែលើកឡើងថា ធ្វើបែបនេះទើបក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ។ ចំណែកអ្នកខ្លះថា ក្នុងនាមជាសិស្សត្រូវខិតខំរៀនសូត្រ អ្នកខ្លះដើម្បីរៀនឲ្យពូកែត្រូវធ្វើបែបនេះ បែបនោះ ស្ដាប់ហើយអានហើយ មានអារម្មណ៍ថា អស្ចារ្យ។ ប៉ុន្តែងាកទៅមើលភាពជាក់ស្ដែង អ្នកទ្រឹស្ដីយ៉ាងណា នៅតែទ្រឹស្ដីនិយម តែខ្វះការអនុវត្ត។ ចំណែកអ្នកដែលនិយាយហើយធ្វើ នៅតែធ្វើ។
ចំណែកវិស័យសាធារណៈ មន្ត្រីសាធារណៈ នៅពេលបានជួប បានស្ដាប់ការជជែក ការផ្ដល់អនុសាសន៍ និងការរៀបរាប់ពីវិធីសាស្ត្រធ្វើឲ្យសង្គមមានការរីកចម្រើន មានសណ្ដាប់ធ្នាប់ គឺមានបែបបទល្អគួរពិចារណា។ លោកតែងនិយាយពីការគ្រប់គ្រងមួយដែលនាំមកនូវប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋពិត ទទួលបានទំនុកទុកចិត្តពីប្រជាពលរដ្ឋ ក្នុងភូមិ ឃុំ ជាដើម។ បន្ថែមពីនេះលោកថា គ្រប់យ៉ាងត្រូវចាប់ផ្តើមចេញពីការដឹកនាំ គ្រប់គ្រងដោយគ្មានការរើសអើង ចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ គិតពីសេវាសាធារណៈគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋរស់នៅមានសុខុមាលភាពជាដើម។ ប៉ុន្តែស្រប់ពេលជាមួយគ្នានេះ ការប្រតិបត្តិនៅតែដើរយឺតជាងសម្ដីទាំងនេះដដែល។ ពេលខ្លះដែលនិយាយពីចំនុចទាំងនេះ មិនព្រមប្រតិបត្តិទៅទៀត។
វាជារឿងធម្មតាទេ ដែលទស្សនៈ គំនិត យោបល់ និងប្រភពទ្រឹស្ដី មិនអាចអនុវត្តបាន១០០% ដូចអ្វីដែលបាននិយាយ និងបានលើកឡើង។ ក៏ប៉ុន្តែ បរិបទថ្មីនេះ សង្គមខ្មែរមានការផុសផុល ទ្រឹស្ដីនិយមខ្លាំងមែនទែន។ អ្វីដែលគួរកែ គឺត្រូវតែកែ។ ទ្រឹស្ដីមួយមានតម្លៃ គឺអាស្រ័យលើការប្រតិបត្តិ។ គំនិតមួយមានប្រយោជន៍ គឺអាស្រ័យលើការអនុវត្ត។ យោបល់មួយ មានសារសំខាន់ គឺអាស្រ័យលើការយកទៅប្រើប្រាស់។ ក៏ប៉ុន្តែអ្វីទាំងនោះនៅតែគ្មានន័យ នៅពេលនិយាយហើយគ្មានការអនុវត្ត។
© រក្សាសិទ្ធិដោយ thmeythmey.com