អន្តរជាតិ
សំឡេងគាំទ្រ ហ៊ី​ឡា​រី កើនឡើង​ខ្លាំង ខណៈ​ដូ​ណា​ល់ ត្រាំ ច្របូកច្របល់​ព្រោះ​រឿងអាស្រូវប្រើពាក្យអាសគ្រាម
18, Oct 2016 , 9:39 pm        
រូបភាព
​យោងតាម​របាយការណ៍​ស្ទង់​មតិ​ជាច្រើន​បានបង្ហាញ​ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​នាំមុខ​លោក ដូ​ណា​ល់ ត្រាំ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ របាយការណ៍​មួយ​បង្ហាញថា ចំនួន​អ្នកគាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នាំមុខ​អ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ដល់​ទៅ ១២ ភាគរយ​ទូទាំងប្រទេស​ទាំងមូល​។ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោកស្រី ក៏​នាំមុខ​លោក ដូ​ណា​ល់ ត្រាំ នៅ​សមរភូមិ​នយោបាយ​សំខាន់ៗ​មួយចំនួន​ដូចជា​នៅ​រដ្ឋ  Colorado, Florida និង​នៅ​រដ្ឋ Pennsylvania ប៉ុន្តែ​សំឡេងគាំទ្រ​ប្រកៀក​ប្រកិត​គ្នា​នៅ​រដ្ឋ Ohio​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​នៅសល់​ប្រហែល ៣​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​មកដល់​ហើយ​។ អ្នកណា​ជា​អ្នកឈ្នះ​នោះ នៅតែ​ពិបាក​សន្និដ្ឋាន ព្រោះ​គ្រប់យ៉ាង​អាច​នឹង​ប្រែប្រួល​នៅ​ថ្ងៃ​បោះឆ្នោត​។ ប៉ុន្តែ ទោះជា​បែបនេះ​ក្តី លោកស្រី អតីតរដ្ឋមន្ត្រី​ការបរទេស​និង​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហាក់​ទទួលបាន​សំឡេងគាំទ្រ​កាន់តែ​ច្រើនជាង​គូប្រជែង​លោកស្រី លោក ដូ​ណា​ល់ ត្រាំ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ របាយការណ៍​ស្ទង់​មតិ​ជាច្រើន​បង្ហាញ សំឡេងគាំទ្រ​របស់លោក​ស្រី​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទូទាំងប្រទេស ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្រី ហាក់​មានប្រៀប​កាន់តែខ្លាំង​នៅ​បណ្តា​សមរភូមិ​នយោបាយ​សំខាន់ៗ​ថែម​ទៀតផង​។ ដូច្នេះហើយ វា​ហាក់បីដូចជា​បង្ហាញ​ឲ្យ​ឃើញថា រវាង​បេក្ខជន​ទាំងពីរ លោកស្រី ហ៊ី​ឡា​រី កាន់តែ​មានប្រៀប​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ ៨​វិច្ឆិកា​ខាងមុខនេះ​។ ប៉ុន្តែ​បេក្ខជន​ទាំងពីរ​នឹង​ជួប​ជាមួយគ្នា​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​ទី ១៩ តុលា​នេះ ដើម្បី​ជជែក​ដេញដោល​គ្នា​ពាក់ព័ន្ធ​បញ្ហា​គោលនយោបាយ​របស់ខ្លួន ហើយ​វា​ជាការ​ជជែក​ដេញ​ដោយ​នយោបាយ​ចុងក្រោយ​បំផុត មុន​ការបោះឆ្នោត​មកដល់​។​

១.​ចំនួន​អ្នកគាំទ្រ​លោកស្រី នាំមុខ​លោក ដូ​ណា​ល់ ត្រាំ ១២​ភាគរយ​ទូទាំងប្រទេស
​យោងតាម​របាយការណ៍​ស្ទង់​មតិ​ទូទាំងប្រទេស​ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ Monmouth បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន កំពុង​នាំមុខ​គូប្រជែង​របស់ខ្លួន​កាន់តែខ្លាំង​។ បើតាម​ការសាកសួរ​អ្នក​ដែល​អាច​ចូលរួម​បោះឆ្នោត  ចំនួន​៥០​ភាគរយ​នៃ​ពួកគេ​បាន​អះអាងថា​ខ្លួន​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហើយ ៣៨​ភាគរយ​ផ្សេងទៀត​នៅ​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ផងដែរ​។​ក្រៅពីនេះ​៥​ភាគរយ គាំទ្រ​លោក Gary Johnson គណបក្ស​សេរីភាព និង ២​ភាគរយ​ផ្សេងទៀត​គាំទ្រ​បេក្ខជន​គណបក្ស​បៃតង Jill Stein​។  

​យោងតាម​លទ្ធផល​នេះ​លោក ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​សំឡេងគាំទ្រ​នាំមុខ​សំឡេងគាំទ្រ​របស់លោក ដូ​ណា​ល់ ត្រាំ ចំនួន ១២ ភាគរយ​ឯណោះ​។ បើ​ប្រៀបធៀប​គ្នា​ជាមួយ​របាយការណ៍​ស្ទង់​មតិ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន វា​មានការ​កើនឡើង រហូតដល់ ៤​ភាគរយ ព្រោះ​លោកស្រី​បានទទួល​សំឡេងគាំទ្រ​ត្រឹម​៤៦ ភាគរយ​ប៉ុណ្ណោះ​។ ចំណែក​សំឡេងគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ  ឯណោះ​វិញ​ធ្លាក់​ពី ៤២ ភាគរយ​មក​ត្រឹម ៣៨​ភាគរយ​ប៉ុណ្ណោះ​។

​ដោយ ឡែក គេ​គួរស្វែងយល់​បន្តិច​ដែរ​ជុំវិញ​ការធ្លាក់ចុះ​នៃ សំឡេងគាំទ្រ​របស់លោក ដូ​ណា​ល់​ត្រាំ​។ ជារួម​សំឡេងគាំទ្រ​របស់​សេដ្ឋី​អចលនទ្រព្យ​រូបនេះ​ធ្លាក់ចុះ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ពោលគឺ​ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​ប្រើប្រាស់​សម្តី​ចំ​អូ​ង​ចំអាស​បំពារបំពាន​ផ្លូវភេទ​។ ក្រៅពី​រឿងអាស្រូវ​មិន​បង់ពន្ធ​ឲ្យ​រដ្ឋ លោក ដូ​ណា​ល់ ត្រាំ រង​សម្ពាធ​ធំ​ពី​ក្នុង​បក្ស ហើយ​រង​ការរិះគន់​និង​ថ្កោលទោស​ខ្លាំង​ពី​សំណាក់​ប្រជាជន​អាមេរិក និង​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​ផងដែរ​រឿង​ធ្លាប់ប្រើ​ពាក្យសម្តី​អាសគ្រាម​ប្រមាថ​មាក់ងាយ​ស្ត្រីភេទ​កាលពី​ឆ្នាំ ២០០៦​នោះ​។​

​ប្រជាជន​អាមេរិក​ជាពិសេស​ស្ត្រីភេទ​ខឹងសម្បារ​ខ្លាំង​ចំពោះ​សម្តី អាសអាភៀស​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​រូបនេះ ហើយ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ចិត្ត​ចំពោះ​ការបោះឆ្នោត​ខាងមុខ​ដូចគ្នា​។ សូម្បីតែ​បណ្តា​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​រួមទាំង​លោក Paul Ryan ប្រធានសភា​អាមេរិក ក៏បាន​សម្រេចចិត្ត​ដកខ្លួន​ឈប់​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ខាងមុខ និង​មាន​ខ្លះទៀត​ស្នើ​ឲ្យ​លោក​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​ថែមទៀត​។​

​យ៉ាងណាក៏ដោយ ភរិយា​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​ជាពិសេស​ស្ត្រី​អត់អោន​ឲ្យ​ប្តី​របស់​លោកស្រី ព្រោះ​លោក​បាន​សុំ​អភ័យទោស​រួចហើយ​។ លោកស្រី​បាន​អះអាងថា ពាក្យ​ទាំងអស់នោះ​វា​ពិត​មិន​សមរម្យ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​មែន តែ​ស្វាមី​លោកស្រី សុំ​អភ័យទោស​រួចរាល់​ហើយ​។ វា​ជា​អតីតកាល ហើយ​គេ​គួរ​ឈប់​ប្រកាន់ទោស​អូស​ដំណើរ​អ្វី​ទៀត​ដែរ​។​

២. ហ៊ី​ឡា​រី នាំមុខ​នៅ​សមរភូមិ​នយោបាយ​សំខាន់ៗ​ដូចជា រដ្ឋ  Colorado, Florida និង​នៅ​រដ្ឋ Pennsylvania
​ក្រៅពី​ផ្តោតលើ​ការកើនឡើង​នូវ​ការគាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជារួម​នៅ​ទូទាំង​សហរដ្ឋអាមេរិក គេ​ក៏​សង្កេតឃើញថា សំឡេងគាំទ្រ​លោកស្រី កើនឡើង​ច្រើន​នៅ​សមរភូមិ​នយោបាយ​សំខាន់ៗ​ដែល​បក្ស​ទាំងពីរ​ធ្លាប់មាន​សំឡេងគាំទ្រ​ប្រហាក់ប្រហែលគ្នា​ផងដែរ​។ យោងតាម​របាយការណ៍​ស្ទង់​មតិ​របស់​សាកលវិទ្យាល័យ​Quinnipiac លោកស្រី ហ៊ី​ឡា​រី នាំមុខ​លោក ដូ​ណា​ល់​ត្រាំ ៨​ភាគរយ​ដោយ​សំឡេងគាំទ្រ ៤៥ ភាគរយ ទល់ ៣៧ ភាគរយ នៅក្នុង​រដ្ឋ Colorado​។ បើ​នៅ​រដ្ឋ  Pennsylvania លោកស្រី ហ៊ី​ឡា​រី ទទួលបាន​សំឡេងគាំទ្រ ប្រហែល ៤៧ ភាគរយ ខណៈដែល​លោក ដូ​ណា​ល់​ត្រាំ បានទទួល​សំឡេង​ត្រឹម​៤១ ភាគរយ​ប៉ុណ្ណោះ​។ មួយទៀត​គឺ​នៅ រដ្ឋ Florida ព្រោះ​សំឡេងគាំទ្រ​លោកស្រី​នាំមុខ​សំឡេងគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ៤​ភាគរយ ដោយ​លោកស្រី​បានទទួល​សំឡេង ៤៨ ភាគរយ ខណៈដែល​សេដ្ឋី​អចលនទ្រព្យ​នេះ​បានទទួល​ត្រឹម ៤៤ ភាគរយ​ប៉ុណ្ណោះ​។

​យ៉ាងណាមិញ នៅ​រដ្ឋ Ohio បេក្ខជន​ទាំងពីរ​ទទួលបាន​សំឡេងគាំទ្រ​ប្រហាក់ប្រហែលគ្នា​ពោលគឺ ៤៥ ភាគរយ​ម្នាក់  ខណៈដែល​លោក Gary Johnson មកពី​គណបក្ស​សេរីភាព​បាន​ត្រឹម ៦​ភាគរយ​ហើយ  បេក្ខជន​គណបក្ស​បៃតង Jill Stein បាន​ត្រឹម ១​ភាគរយ​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com