អន្តរជាតិ
ការដើរ​ចេញពី​«​ម្លប់​ឆត្រ​អាមេរិក​ទៅរក​ចិន​»​របស់លោក​Duterte ប្រៀប​ដូច​ល្បែង​ទ្វេរ​គ្រោះ​?
19, Oct 2016 , 7:39 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (ប្រភពរូបភាព៖ គណនីហ្វេសប៊ុក Rody Duterte)
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (ប្រភពរូបភាព៖ គណនីហ្វេសប៊ុក Rody Duterte)
ដោយ:
​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ទៅដល់​ក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​បួន​ថ្ងៃ​នៅ​យប់​ថ្ងៃទី​១៨ ខែតុលា​ម្សិលមិញ ដោយមាន​ការរង់ចាំ​ទទួល​ពី​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ជាមួយនឹង​កម្រាលព្រំ​ក្រហមឆ្អិនឆ្អៅ​ផងដែរ​នោះ​។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ហើយ​ទៅកាន់​ចិន ហើយ វា​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ក្រៅ​នៃ​តំបន់​មិត្ត​អាស៊ាន​ផងដែរ​។ ខណៈ​កិច្ចព្រមព្រៀង​ដែលជា​លាភ​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ត្រូវបាន​រំពឹង​ខ្ពស់ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​រូបនេះ ក៏​ត្រូវបាន​មើលឃើញថា​ភ្ជាប់​ជាមួយនឹង​សម្ពាធ​មួយ​ដ៏​ធ្ងន់​ផងដែរ​។ ហើយ​នោះ​គឺ លោក ត្រូវ​ធានា​តុល្យភាព​នៃ​ការមិន​ឲ្យ​បាត់បង់​ទឹកដី និង​ផលប្រយោជន៍​សេដ្ឋកិច្ច ដែល​ប្រៀប​ដូច​ទៅនឹង​ការលេង​ល្បែង​ទ្វេរ​គ្រោះ​យ៉ាង​ដូច្នេះ​ឯង​។



​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចិន លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​ត្រូវបំពេញ​ទស្សនកិច្ច​បួន​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១​ខែតុលា ដែល​តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​ចិន លោក​ប្រធានាធិបតី ស៊ី ជិន​ពីង​។ អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន នឹង​ជជែក​ជាមួយនឹង​សម​ភាគី​ចិន​លោក ស៊ី ជិន​ពីង លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាង និង​មន្ត្រីជាន់ខ្ពស់​ចិន​មួយចំនួន​ផ្សេងទៀត​ផងដែរ​។ នេះ គឺជា​ជំហាន​ទីមួយ​សម្រាប់​ហ្វីលីពីន ក្នុង​បរិការណ៍​នៃ​ការផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​ថ្មី​ឆ្ពោះទៅកាន់​ចិន ដែល​ធ្លាប់តែ​បង្ក​ព្យុះភ្លៀង និង​ភាព​ល្អក់កករ​ការទូត​ជាមួយគ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។

១. ឱនក្បាល​បន្តិច​ដើម្បី​ទទួលផល​ប្រយោជន៍​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ជាតិ​?
​បើទោះបីជា​ភាគី​ចិន ហាក់ដូចជា​ព្យាយាម​លាក់បាំង​ពី​របៀប​វាវៈ​លម្អិត​នៃ​ជំនួប​ដំណើរ​ទស្សនកិច្ច​ក៏ដោយ លោក​ប្រធានាធិបតី ឌើ​ទើ​តេ បាន​ទម្លាយ​ស្ទើរតែ​អស់​ទៅហើយ​។ លោក​ប្រធានាធិបតី ក៏ដូចជា​មន្ត្រីក្រោមឱវាទ​របស់លោក បាន​ឲ្យ​ដឹង​មុន​នៅពេល​នៃ​ដំណើរ​ទស្សនកិច្ច​ថា​លោក នឹង​ផ្តោតលើ​ទំនាក់ទំនង​ក្នុង​វិសាលភាព​ទូលំទូលាយ ដែល​ចាប់ពី​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច រហូតដល់​បញ្ហា​ជម្លោះ​អធិបតេយ្យ​។

​មុន​មួយ​សប្តាហ៍​ដែល​ត្រូវ​ចាក​ចេញទៅ​ក្រុង​ប៉េកាំង លោក​ប្រធានាធិបតី បានផ្តល់​កិច្ចសម្ភាសន៍​ដល់​សារព័ត៌មាន​រដ្ឋ​ចិន Xinhua​។ ក្នុង​កិច្ចសម្ភាសន៍​នោះ លោក បញ្ជាក់ថា ហ្វីលីពីន រំពឹងថា នឹង​អាច​ពង្រីក​មិត្តភាព​ប្រពៃណី​ជាមួយ​ចិន និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​ផងដែរ​។ លោក ថែមទាំង​សរសើរ​ពី​ភាព​ដឹកនាំ​របស់​ចិន ដោយ​អះអាងថា ចិន ពិត​មានការ​ប្តេជ្ញាចិត្ត និង​សប្បុរស​ក្នុង​ការជួយ​អ្នកដទៃ ក្នុង​ឆាក​អន្តរជាតិ និង​មិនដែល​ភ្លេច​ប្រទេស​ដែល​កំពុង​ជួប​ផល​លំបាក​ដូចជា​នៅ​តំបន់​អាហ្វ្រិក និង​អាស៊ីអាគ្នេយ៍​ឡើយ​។

​ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ ក៏បាន​អះអាង​ដែរ​ថា លោក ចង់​ចូលរួម​ជាមួយ​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» របស់​ចិន​ដែរ ដ្បិត​ហ្វីលីពីន​ខ្វះខាត​ហិរញ្ញវត្ថុ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​។ ហើយ​លោក Duterte ក៏​និយាយ​ដែរ​ថា លោក​នឹង​បង្កើត​កិច្ចសន្ទនា​ជាមួយ​ចិន សំដៅ​ពង្រឹង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក ក៏ដូចជា​ភាពជា​ដៃគូ​ចិន​-​ហ្វីលីពីន​ផងដែរ​។​

​បើតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន Reuters លោក​រដ្ឋមន្ត្រី​ហិរញ្ញ​ហ្វីលីពីន Carlos Dominguez  ក៏បាន​បញ្ជាក់ដែរថា លោក Duterte នឹង​ជជែក​ពី​សក្តា​ពល​របស់​ហ្វីលីពីន​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ចិន​មកលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ហ្វីលីពីន ជាពិសេស​នោះ​លើ​ការតភ្ជាប់​ផ្លូវ​រថភ្លើង​របស់​រដ្ឋធានី​ម៉ានីល​ជាមួយនឹង​តំបន់​ជាយក្រុង​មួយចំនួន ក៏ដូចជា​គម្រោង​ផ្សេងទៀត ដែល​លោក រដ្ឋមន្ត្រី អះអាងថា គម្រោង​ទាំងនោះ នឹងមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ទៀតផង​។

២. កេរដំណែល​លោក អា​ហ្គី​ណូ ធ្វើ​ឲ្យ​លោក ឌើ​ទើ​តេ ត្រូវ​ឈានដល់​ដំណាក់កាល​ទ្វេរ​គ្រោះ​?
បើ​យោងតាម​​​គេហទំព័រ​នៃ​ស្ថានទូត​ហ្វីលីពីន​​​ប្រចាំ​​​​ក្រុង​ប៉េកាំង ចិន និង​ហ្វីលីពីន បាន​កសាង​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៩​ខែមិថុនា ឆ្នាំ​១៩៧៥​។ រយៈពេល​ជាង​បួន​ទសវត្សរ៍​មកនេះ ទំនាក់ទំនង​ប្រទេស​ទាំងពីរ ប្រៀបប្រដូច​ទៅនឹង​ការធ្វើដំណើរ​នៅលើ​«​ផ្លូវ​រលាក់​»​យ៉ាង​ដូច្នោះ​ឯង​។ ហើយក៏​ព្រោះតែ បើទោះបីជា​រដ្ឋបាល​ហ្វីលីពីន​ខ្លះ មាន​និន្នាការ​ចង់​ស្និទ្ធស្នាល​ជាមួយ​ចិន​ដូចជា​រដ្ឋបាល​លោក​ប្រធានាធិបតី ហ្វី​ដែល រ៉ា​ម៉ូ​ស ក៏ដោយ​នោះ ទំនាក់ទំនង​ទ្វេភាគី នៅតែ​មិនអាច​ទៅរួច ដ្បិត​ជួប​រឿង​ប្រទាំង​ប្រទើស​លើ​ជម្លោះ​ដណ្តើម​ទឹកដី​សមុទ្រ​ចិន​ខាងត្បូង​នោះឯង​។

​អ្វី​គួរកត់សម្គាល់​នោះ ទំនាក់ទំនង​ប្រទេស​ទាំងពីរ បាន​ធ្លាក់​ដល់​ស្ទើរតែ​កម្រិត​សូន្យ​នៅក្នុង​រដ្ឋបាល​របស់លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដែល​ទើបតែ​បញ្ចប់​អាណត្តិ​នៅ​ខែមិថុនា​ឆ្នាំ​២០១៦​នេះ​។ តាម​ភាព​ដឹកនាំ​របស់​រដ្ឋបាល​លោក អា​ហ្គី​ណូ ដែល​ចាប់ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៦ ហ្វីលីពីន បាន​អនុវត្ត​គោលនយោបាយ​ការបរទេស​ប្រឆាំង​ចិន ដោយ​ស្ថិតក្រោម​«​ឆត្រ​របស់​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ដែល​បាន​ចងភ្ជាប់​តាម​សន្ធិសញ្ញា​»​នោះ​។ ក្រោម​ឆត្រ​នោះ​គឺ ហ្វីលីពីន បានរួម​ដៃ​ជាមួយ​អាមេរិក​ដើម្បី​ពង្រឹងសមត្ថភាព​សម​យោធា​ប្រឆាំងនឹង​ចិន ក៏ដូចជា បង្កើត​ចលនា​ប្រឆាំង​ចិន​តាម​វេទិកា​អន្តរជាតិ​។

​ជាក់ស្តែង​សមិទ្ធផល​ជោគជ័យ​ប្រវត្តិសាស្ត្រ​របស់លោក​អា​ហ្គី​ណូ ដែល​បាន​បន្សល់ទុក​ឲ្យ​រដ្ឋបាល​ក្រោយ​លោក​នោះ​គឺ សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​។ លោក​អា​ហ្គី​ណូ បាន​ប្តឹង​ចិន​ទៅកាន់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​នៃ​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់​នៅ​ឆ្នាំ​២០១៣​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំពាន​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​ចុងក្រោយ​នោះ តុលាការ បានប្រកាស​នៅ​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ​ថ្មីៗ​នេះ ដោយបាន​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​ចិន​។ ចិន​វិញ តាំងពី​ចាប់ផ្តើម​នៃ​បណ្តឹង រហូតដល់​ចេញ​សាលក្រម បានប្រកាស​ប្រឆាំង​ដាច់ខាត និង​ថែម​ព្រមាន​រក្សា​ជំហរ​ខ្លួន​ក្នុង​ការពារ​ដែន​អធិបតេយ្យ​ជម្លោះ​។ តែ​ទ្វារ​របស់​ចិន​នៅតែ​ចំហរ​ស្វាគមន៍​ហ្វីលីពីន​ជានិច្ច​សម្រាប់​ការចរចា​ទ្វេភាគី​។

​ងាក​មក​ភ្ជាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក ឌើ​ទើ​តេ និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​វិញ​ម្តង​! គិត​ចាប់ពី​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​ថ្ងៃទី​៣០ ខែមិថុនា​មក លោក​ប្រធានាធិបតី បានប្រកាស​ជំហរ​មួយ​ថ្មី​ជាមួយនឹង​ចិន នោះ​គឺ ការចរចា​ទ្វេភាគី​។ ហើយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​រដ្ឋ​ចិន Xinhua លោក​បញ្ជាក់ថា លោក មិន​ចង់​បង្ក​សង្គ្រាម​ប្រឆាំង​ចិន​ដើម្បី​ដណ្តើមយក​ទឹកដី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពី​ចិន​ឡើយ ដោយ​លោក ទទួលស្គាល់ថា បើទោះបីជា​លោក​ចង់​ប្រឆាំង​ចិន ក៏​មិនអាច​ទៅរួច​ដែរ​។ តែ​នេះ ក៏​មិនមែន​មានន័យ​ដែរ​ថា លោក បោះបង់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ លោក​ប្រធានាធិបតី​បាន​បង្ហើប​ថា​លោក ចង់​ចរចា​ជាមួយនឹង​ចិន​ក្នុង​ជំហាន​ដំបូង​ដើម្បី​សុំ​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន​អាច​ចូល​នេសាទ​បែប​ប្រពៃណី​ក្នុង​តំបន់​វិវាទ Scarborough ដែល​តំបន់​នោះ​ក៏​ស្ថិតនៅក្នុង​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។

​តែ​អ្វី​គួរ​ព្រួយ​បា​មរ​ម្ភ​នោះ លោក​ប្រធានាធិបតី បាន​បញ្ជាក់ថា លោក អាច​នឹង​បញ្ចប់​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិក ដែល​រួមមាន​ទាំង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ ដែល​រដ្ឋបាល​ហ្វីលីពីន​មុន ប្រើប្រាស់​ជា​យន្តការ​មួយ​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​ចិន​ដែល​បាននិងកំពុង​តែ​វាទទី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​លើ​តំបន់​ដែល​ហ្វីលីពីន​គ្រប់គ្រង​ផងដែរ​នោះ​។ ហើយ​ជំនួស​កិច្ចសហប្រតិបត្តិការ​នេះ លោក ហ៊ាន​និយាយថា​ហ្វីលីពីន អាច​នឹងធ្វើ​សមយុទ្ធ​ជាមួយនឹង​ចិន និង​រុស្ស៊ី​ដែលជា​គូប្រជែង​របស់​អាមេរិក​នៅក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​នោះ​។

​យ៉ាងណា​ក៏ដោយចុះ ទំនាក់ទំនង​ហ្វីលីពីន និង​ចិន ថា​តើ​អាច​នៅ​ជាមួយនឹង​បាន​ឬ​យ៉ាងណា នឹងត្រូវ​អាស្រ័យ​លើ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឌើ​ទើ​តេ​បួន​ថ្ងៃ​ទៅកាន់​ចិន​ហើយ​។ នេះ មានន័យថា ស្ថានភាព​ដែល​លោក ឌើ​ទើ​តេ ត្រូវ​សម្រេច​គឺជា​ស្ថានភាព​ទ្វេ​គ្រោះ ពោលគឺ បើ​លោក អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ផលប្រយោជន៍​សេដ្ឋកិច្ច ហើយ​ធ្វើ​ឲ្យ​ខាតបង់​មុខមាត់​លើ​បញ្ហា​ទឹកដី នោះ​លោក ក៏ត្រូវ​បាត់បង់​ប្រជាប្រិយភាព​ដែល​លោក បាន​រក្សា​ជា​យូរ​មកហើយ​នោះ​៕


Tag:
 សេដ្ឋកិច្ច​
  សមុទ្រ​ចិន​ខាងត្បូង​
  ហ្វីលីពីន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com