កីឡាជាតិ
ជាតិ
FIFA Ranking៖ កម្ពុជា​ឡើងមក​លេខ​១៦៧ ដោយ​ឈរលើ​ក្រុម​ជម្រើសជាតិ​ចំនួន​៣២​លើ​ពិភពលោក​
20, Oct 2016 , 3:49 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​១៧៣​នៅ​ខែកញ្ញា មក​លេខ​១៦៧ នៅ​ខែតុលា នេះ ក្នុង​តារាង​ចំណាត់ថ្នាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA World Ranking)​។ ការ​កើន​ចំណាត់ថ្នាក់​នេះ គឺ​យោងតាម​លទ្ធផល​៤​ប្រកួត​ចុងក្រោយ​របស់​កម្ពុជា ដែល​បានឈ្នះ​៣​លើក និង​ចាញ់​១​លើក​។​



​មុន​ការចេញ​តារាង​ចំណាត់ថ្នាក់ FIFA World Ranking ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Lee Tae Hoon មានការ​ប្រកួត​អន្តរជាតិ​៤​លើក ក្នុងនោះ ពួកគេ​បាន​ចាញ់​ហុងកុង ២-០ ក្នុងជំនួប​មិត្តភាព ប៉ុន្តែ​បាន​ស្តារ​ជ័យជម្នះ​វិញ​នា​ការប្រកួត​បី​លើកចុងក្រោយ ដោយ​ឈ្នះ​ស្រីលង្កា ៤-០ ក្នុងជំនួប​មិត្តភាព ឈ្នះ ឡាវ ២-១ និង​ឈ្នះ​ព្រុយ​ណេ ៣-០ ក្នុងការ​ប្រកួត​ជម្រុះ AFF Suzuki Cup​។​

​យោងតាម​តារាង​ចំណាត់ថ្នាក់​ពិភពលោក កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៦៧ ក្នុងចំណោម​២០២​ក្រុម ស្មើ​កោះ Saint Lucia គូ​វែ​ត និង​ស៊ូដង់​ខាងត្បូង ដោយ​ឈរ​ពីលើ​ក្រុម​ជម្រើសជាតិ​ចំនួន​៣២​ផ្សេងទៀត​។ នៅ​តំបន់​អាស៊ី អ៊ីរ៉ង់​ឈរ​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ ដោយ​ស្ថិតនៅ​លេខ​រៀង​២៧ ខណៈ អូស្ត្រាលី (៤០) កូរ៉េខាងត្បូង (៤៤) អ៊ូ​ស​បេ​គី​ស្ថាន ជប៉ុន (៥១) និង​អា​រ៉ា​ប៊ី សា​អូឌីត (៥៤) ស្ថិតនៅ​បន្តបន្ទាប់​។​

​សម្រាប់​តំបន់​អាស៊ាន ហ្វីលីពីន មាន​ចំណាត់ថ្នាក់​ប្រសើរ​ជាងគេ គឺ​លេខ​១២៤ ដោយ​ឈរ​ពីលើ​វៀតណាម (១៣៦) ថៃ (១៤៦) មី​យ៉ាន់​ម៉ា (១៥៦) និង​ម៉ាឡេស៊ី (១៦៤)​។ កម្ពុជា (១៦៧) ឈរ​ពីលើ​សិង្ហ​បុរី (១៧១) ឡាវ (១៧៥) ឥណ្ឌូនេស៊ី (១៧៩) ទី​ម័​រ​ខាងកើត (១៨៦) និង​ព្រុយ​ណេ (១៩២)​។​

រីឯ​ចំណាត់​ថ្នាក់​កំពូល​លើពិភពលោក អាហ្សង់ទីន ឈរ​លេខ១ ដោយនាំមុខ អាល្លឺម៉ង់ ប្រេស៊ីល បែលហ្ស៊ិក កូឡុំប៊ី ស៊ីលី បារាំង ព័រទុយហ្គាល់ អ៊ុយរូហ្គាយ និងអេស្ប៉ាញ។ ក្រុម​កំពូល​ផ្សេងទៀត​ដែល​ស្ថិតនៅ Top 20 រួមមាន វេលស៍ អង់គ្លេស អ៊ីតាលី ស្វ៊ីស ប៉ូឡូញ ក្រូអាស៊ី ម៉ិកស៊ិក កូស្តារីកា អេក្វាឌ័រ និងហូឡង់៕


Tag:
 ជម្រើសជាតិ​
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com