ជាតិ
កម្ពុជា ស្នើសុំ​ទិដ្ឋាការ​ពី​អូស្ត្រាលី សម្រាប់​បញ្ជូន​ពលករ​ខ្មែរ​បម្រើ​ការងារ​
20, Oct 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​អូស្ត្រាលី កំពុង​ពិចារណា​លើ​សំណើរ​កម្ពុជា ដែល​ស្នើសុំ​ទិដ្ឋាការ​រយៈពេល​១​ឆ្នាំ សម្រាប់​បញ្ជូន​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​អូស្ត្រាលី​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ប្រតិភូ​យុវជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រឡប់​ពី​បេសកកម្ម​ក្នុងប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​សេ​ឡង់​កាលពី​ថ្ងៃទី​១៩ តុលា​។​



​ថ្លែង​ចំពោះមុខ​អ្នកកាសែត​លោក ហ៊ុន ម៉ា​ណេ​ត បាន​បញ្ជាក់ថា ៖«​យើង​កំពុងតែ​ចរចា​សុំ​សិទ្ធិ​សុំ​ឱកាស​ឲ្យ​អូស្ត្រាលី​ផ្ដល់​ទិ​ដ្ឋ​ការ ឲ្យ​ពលករ​យើង​ទៅធ្វើ​ការ​នៅ​ទីនោះ​រយៈពេល​ខ្លី​១​ឆ្នាំ​។ បើសិនជា​យើង​បាន​ត្រឹម​៥០​នាក់ ១០០​នាក់​ក្នុង​ឆ្នាំ បានន័យថា ១០០​នាក់​នៃ​ពលករ​ខ្មែរ​យើង​មានឱកាស​ទៅរក​ទទួលទាន​ខាងក្រៅ​បាន​ចំណូល​រក​ជួយ​ជីវភាព​គ្រួសារ​របស់គាត់ ហើយ​បាន​ជំនាញ​។ ហើយ​ប្រជាជន​ខ្មែរ​មាន​ចំណូល​ហើយ ជាតិខ្មែរ​ក៏​ចំណូល​»​។​

​បើតាម​លោក ហ៊ុន ម៉ា​ណែ​ត ក្រៅពី​ពិភាក្សា​លើកសំណើរ​សុំ​ទិ​ដ្ឋ​ការ​សម្រាប់​ពលករ​ខ្មែរ​នេះ លោក​ក៏បាន​ជួប​ជាមួយ​អ្នកជំនួញ​មួយចំនួន ដើម្បី​ពិភាក្សា​ពី​យន្តការ​នានា របស់​កម្ពុជា​ក្នុងការ​លើកទឹកចិត្ត និង​ផ្ដល់​ទំនុកចិត្ត​ពួកគេ ឲ្យ​ងាក​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕


Tag:
 ​ហ៊ុន ម៉ា​ណែ​ត​
 ​ អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com