ជាតិ
អ្នករាយការណ៍ UN ថា ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​មានការ​រើសអើង
20, Oct 2016 , 9:37 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) បាន​លើកឡើងថា ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា កំពុងមាន​ភាព​រើសអើង ក្រោម​ហេតុផល​នយោបាយ ទោះបីជា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​បញ្ជាក់​ច្បាស់ ពី​ការអនុវត្ត​ច្បាប់​ដោយ​ឯករាជ្យ​ក្នុង​ប្រព័ន្ធតុលាការ​ក្តី។




អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​ឧទាហរណ៍​ដែល​ច្បាប់​រើសអើង​នោះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​មន្ត្រី អង្គការ​អាដហុក​ចំនួន៤រូប ត្រូវបាន​ឃុំខ្លួន កន្លងទៅ។

«ខ្ញុំ​បានលើកឡើង​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា ការចោទប្រកាន់ ប្រឆាំងនឹង​ពួកគាត់ (មន្ត្រី​អាដហុក) ត្រូវតែមាន​ការបង្ហាញ​ភស្តុតាង ឬក៏​ពួកគាត់​គួរ​ត្រូវបាន​ដោះលែង​ភ្លាម ដោយ​ត្រូវ​បិទ​សំណុំរឿង»។ នេះ​ជាការ​លើកឡើង​របស់​អតីត​សាស្ត្រាចារ្យ​ច្បាប់ លោកស្រី រ៉ូ​ណា ស្មី​ត ដែល​ស្នើ​ឲ្យ​ក្រសួងយុត្តិធម៌ ធានា​ការគោរព​ច្បាប់​ដោយ​គ្មាន​ការរើសអើង និង​លុបបំបាត់​ការយក​កម្រៃ​ក្រៅ​សេវា​តុលាការ ស្របតាម​ច្បាប់​អន្តរជាតិ កាលពី​ថ្ងៃទី១៩ ខែតុលា។


លើសពីនេះ​ទៀត លោកស្រី​សង្កេតឃើញថា ចៅក្រម​បាន​អនុវត្តខុសៗគ្នា​ពី​ការបង្ហាញ​ភស្តុតាង ចំពោះ​ការចោទប្រកាន់​ជនរងគ្រោះ។ ហេតុនេះ​លោកស្រី​បាន​ជំរុញ​យ៉ាង​មុតមាំ​ឲ្យ​ក្រសួងយុត្តិធម៌ ពិចារណា​ក្នុងការ​តាក់តែង​គោលការណ៍​ណែនាំ​ស្តីពី លក្ខខណ្ឌ​តម្រូវ​នៃ​ការបង្ហាញ​ភស្តុតាង ដើម្បី​ធានា​ការអនុវត្ត​ច្បាប់​ដោយ​តម្លាភាព។


ជាងនេះទៀត លោកស្រី រ៉ូ​ណា ស្មី​ត បានផ្តល់​អនុសាសន៍​ឲ្យ​ក្រសួងយុត្តិធម៌​បង្កើន​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​សំអាង​ហេតុ​ផ្នែក​ច្បាប់​ក្នុង​សំណុំ​រឿងក្តី​នានា ដល់​ចៅក្រម​ថែមទៀត។
«ចៅក្រម​ទាំងអស់​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​អំពី​បញ្ហា​នេះ ដើម្បី​ជួយ​សម្រួល​ឲ្យ​មានការ​យល់ដឹង​កាន់តែច្បាស់​អំពី សេចក្តីសម្រេច របស់​តុលាការ»។ អ្នករាយការណ៍​ពិ​សស UN បញ្ជាក់​ពេល​បញ្ចប់​ទស្សនកិច្ច ជា​លើក​ទី៣ រយៈពេល ១០ថ្ងៃ។

លោកស្រី រ៉ូ​ណា ស្មី​ត បាន​សង្កត់ធ្ងន់​ជាថ្មី​ដូច្នេះ​ថា៖
«ក្រសួងយុត្តិធម៌​ត្រូវ​ធានាថា តុលាការ​នី មួយៗ គួរ​ដាក់​បង្ហាញ​តារាង​តម្លៃ​រឿងក្តី​ផ្លូវការ ព្រមទាំង​តម្លៃ​ស្របច្បាប់​កំណត់»។ លោកស្រី រ៉ូ​ណា ស្មី​ត សង្កត់ធ្ងន់ មុនពេល​លោកស្រី​បន្ត​ជំរុញ​ក្រសួង​ឲ្យ​បើក​ការស៊ើបអង្កេត និង​ដាក់ទណ្ឌកម្ម​វិន័យ​ជា​ចាំបាច់ ក្នុងករណី​មាន​ភស្តុតាង​ពី​ការយក​កម្រៃ​បន្ថែម លេចឡើង។

គួរ​ជម្រាបជូន​ថា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​ទទួលបន្ទុក​ផ្នែក សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​បំពេញ ទស្សនកិច្ច​ផ្លូវការ ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី ២០ នៅ​កម្ពុជា។ កន្លងទៅ លោកស្រី​បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការក្រៅរដ្ឋាភិបាល និង​សហគមន៍​ពលរដ្ឋ​ជាដើម។ ពួកគេ​បាន​ជជែក​គ្នា​ពី​បញ្ហា​សិទ្ធិមនុស្ស ការរើសអើង​ស្រី្ត និង​កុមារ ប្រព័ន្ធយុត្តិធម៌ និង​បញ្ហានយោបាយ​ជាដើម៕

Tag:
 រ៉ូ​ណា ស្មី​ត
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com