ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទោះ​គ្មាន​ការអនុញ្ញាត CNRP នៅតែ​ត្រៀម​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដោយមាន​អ្នកចូលរួម​ជាង​៧​ពាន់​នាក់
21, Oct 2016 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​ជំហ​ប្រារព្វ​ពិធី​រំ​ឮ​ក​ខួប​២៥ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ ខែតុលា​ខាងមុខ ដោយមាន​អ្នកចូលរួម​ជាង ៧​ពាន់​នាក់ ខណៈដែល សាលា​រាជធានី​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​ពួកគេ​ប្រារព្ធ​ពិធី​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ​។​



​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អះអាងថា ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ ខែតុលា នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ថ្លែង​ចំពោះ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ​បក្ស​នៅ​ថ្ងៃទី​២១ តុលា​នេះ លោក អេង ឆៃអ៊ាង  អះអាងថា សកម្មជន CNRP ជាង ៧​ពាន់​នាក់ នឹងចូលរួម​សាទរ​ខួប​២៥​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ។ ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បន្ថែមទៀត ដើម្បី​ស្ដាប់​ការបកស្រាយ​ពន្យល់​ពី​អត្ថន័យ នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ​ផងដែរ ។​

​តែ​យ៉ាងណា សាលា​រាជធានី​ភ្នំពេញ​ពុំ​យល់ព្រម​ប្រគល់​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ប្រារព្ធ​ទី​២៥ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ ខែតុលា​ឡើយ​។ សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ហេតុផល​ការប្រមូលផ្ដុំ​ពលរដ្ឋ​សម្តែង​មតិ​ចំពោះ​កិច្ចព្រមព្រៀង ២៣ តុលា នេះ គឺ​មិន​សមស្រប​ឡើយ ។​«​រដ្ឋបាល​រាជធានី ភ្នំពេញ​យល់ឃើញថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវបាន​ស​ភា​ធម្មនុញ្ញ​រៀបចំ​ជា ធាតុ​ផ្សំ​ចូលក្នុង​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា និង​បានប្រកាស​ឲ្យ​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ ១៩៩៣ រហូតដល់​បច្ចុប្បន្ននេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ដែល​បានស្នើ​ឲ្យ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​ទីតាំង​ទី​ស្នាក់​គណបក្ស ឬ​ទីតាំង​ឯកជន​សមស្រប​ណាមួយ​ប្រារព្វ​ពិធី​រំលឹក​ខួប​កិច្ចព្រមព្រៀង ជំនួស​ទីលាន​ប្រជាធិបតេយ្យ​វិញ​។​

​តែ​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មិនទាន់​អាច​បញ្ជាក់ថា គណបក្ស​លោក​នឹង​ប្រារព្វ​ពិធី​រំលឹក​ខួប​កិច្ចព្រមព្រៀង​នៅទីណា​នោះទេ ដោយ​លោក​គ្រាន់តែ​បាន​អះអាងថា «​គណបក្ស​នឹង​ប្រារព្ធ​ពិធី​នេះ​ជាដាច់ខាត​»៕


Tag:
 ឃួ​ង ស្រេង​
  អេង ឆៃអ៊ាង​
  កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com