អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម ISIS ដណ្ដើមបាន​ទីក្រុង​មួយ​មកវិញ ខណៈ​សមរភូមិ Mosul កាន់តែ​ក្ដៅ​
25, Oct 2016 , 10:29 am        
រូបភាព
 
 
​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​កំពុង​ជាប់ដៃ​ការពារ​ក្រុង Mosul បាន​ដណ្ដើមបាន​ទីក្រុង​មួ​យមក​ត្រួតត្រា ស្រប​ពេលដែល​ការប្រយុទ្ធ​នៅ​សមរភូមិ Mosul កំពុងតែ​ខ្លាំងក្លា​។ កងទ័ព​ចម្រុះ​អ៊ីរ៉ាក់​ជាច្រើន​ពាន់​នាក់ ដែល​គាំទ្រ​ដោយ​កងទ័ពអាកាស​សម្ព័ន្ធ​មិត្ត​ដឹកនាំ​មុខដោយអាមេរិក កំពុងតែ​បើក​យុទ្ធនា​ការរំដោះ Mosul​។ ប៉ុន្តែ​ពួកគេ​ជួបប្រទះ​ការ​វាយបក​ពី​សំណាក់​សកម្មជន​រដ្ឋ​ឥស្លាម ដែល​ព្យាយាម​ការពារ​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​ពួកគេ​លើទឹក​ដី​អ៊ីរ៉ាក់​។​

 
​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ថ្ងៃទី​២៤ ខែតុលា បាន​គ្រប់គ្រង​ទាំងស្រុង​ទីក្រុង Rutba ភាគ​ខាងលិច​ខេត្ត Anbar ដែលមាន​ចម្ងាយ​រាប់រយ​គីឡូ​ម៉ែត​ពី​ទីក្រុង Mosul ជា​សមរភូមិ​ក្ដៅ​ពេលបច្ចុប្បន្ន​នេះ​។ សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម​បាន​វាយ​ដណ្ដើម​ទីក្រុង​មួយ​នេះ ខណៈដែល​កងទ័ព​ចម្រុះ​ជិត​បី​ម៉ឺន​នាក់ កំពុងតែ​វាយ​ដណ្ដើមយក​ទីក្រុង Mosul មកវិញ និង​បាន​ត្រូ​ត​ត្រា​តំបន់​ជាច្រើន​នៅ​ជុំវិញ Mosul រួចហើយ​ដែរ​។​
 
​ការវាយប្រហារ​ទីក្រុង Rutba គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុម​រដ្ឋ​ឥស្លាម ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​របស់​កងកម្លាំង​អ៊ីរ៉ាក់ ដែល​កំពុង​យកចិត្តទុកដាក់​ដណ្ដើម​ទីក្រុង Mosul ដែលជា​ទីក្រុង​ធំជាងគេ​ទី​ពីរ​របស់​អ៊ីរ៉ាក់​។ សារព័ត៌មាន Al Jazeera ផ្សាយ​ថា សកម្មជន​រដ្ឋាភិបាល បាន​គ្រប់គ្រង​អាគារ​ការិយាល័យ​រដ្ឋាភិបាល ព្រមទាំង​គ្រប់គ្រង​តំបន់​ជុំវិញ​ទីក្រុង​នេះ​។ មួយវិញទៀត ក្រុម​ជ្រុលនិយម​នេះ ក៏បាន​សម្លាប់​មនុស្ស​មួយចំនួន​ផងដែរ​។​
 
​តាមពិតទៅ ទីក្រុង Rutba ក៏​ជាទី​ក្រុង​យុទ្ធសាស្ត្រ​សំខាន់​មួយ​ដែរ ដ្បិត​ទីក្រុង​នេះ​គឺជា​ផ្លូវ​ឆ្លងកាត់​ទៅកាន់​ហ្ស៊​កដា​នី និង​ស៊ី​រី​។ ការ​ដណ្ដើមបាន​ទីក្រុង​ដែលមាន​ប្រជាជន​ពីរម៉ឺន​នាក់​នេះ គឺជា​ជោគជ័យ​មួយ​របស់​សកម្មជនរ​ដ្ឋ​ឥស្លាម ដែល​កំពុង​ទប់ទល់​នឹង​ការវាយប្រហារ​ពី​សំណាក់​កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់ ឃើ​ដ ស៊ូ​នី និង​ស៊ី​អ៊ី​ត ដែល​ព្យាយាម​ដណ្ដើម​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់ខ្លួន​នោះ​។ 
 
​ងាក​ទៅ​សមរភូមិ Mosul វិញ កង​ម្លាំ​ង​ចម្រុះ​ជិត​បី​ម៉ឺន​នាក់ បាន​វាយ​សម្រុក​ខ្លាំងៗ​លើ​ទីតាំង​នានា​របស់​សកម្មជនរ​ដ្ឋ​ឥស្លាម​។ កងកម្លាំង​ចម្រុះ ដែលមាន​ជំនួយ​ពី​កងកម្លាំង​អាកាស​សម្ព័ន្ធមិត្ត​ដឹកនាំ​មុខ​ដោយ​អាមេរិក កំពុង​ខិត​ទៅរក​ជ័យជម្នះ បើទោះជា​យុទ្ធនាការ​នេះ​អាច​ចំណាយពេល​យូរ​ក្ដី​។ នេះ​ក៏​ដោយសារតែ​សកម្មជន​រដ្ឋ​ឥស្លាម នឹងមិន​បោះបង់​ទីក្រុង​ដែល​ពួកគេ​ធ្លាប់​គ្រប់គ្រង​អស់​ពេល​ពីរ​ឆ្នាំ​ដោយ​ងាយ​ឡើយ​។   
 
​កងទ័ព​សម្ព័ន្ធមិត្ត​បាន​អះអាងថា កាលពី​ថ្ងៃ​២៣ ខែតុលា ខ្លួន​បាន​ប្រតិបត្តិការ​ផ្លូវអាកាស​៦​ដង​លើ​ទីតាំង​ប្រយុទ្ធ​ចំនួន​១៩​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ មិនតែប៉ុណ្ណោះ កាំភ្លើង​ធំ រ៉ុក្កែត​ជាច្រើន​គ្រឿង​របស់​សកម្មជន​រដ្ឋ​ឥស្លាម ក៏ត្រូវ​បាន​កម្ទេច​ដែរ​។ ដោយសារ​តែមាន​ជំនួយ​របស់​អាមេរិក កងកម្លាំង​អ៊ីរ៉ាក់​អាចមាន​លទ្ធភាព​ត្រួតត្រា​ទីតាំង​ជាច្រើន ដោយ​មិនសូវ​មានការ​វាយបក​ខ្លាំង​ប៉ុន្មាន​ឡើយ​៕  
 
    

Tag:
 ​អ៊ីរ៉ាក់​
  ក្រុម​រដ្ឋ​ឥស្លាម​
  Mosul
© រក្សាសិទ្ធិដោយ thmeythmey.com