ជាតិ
JICA ពន្យល់​មូលហេតុ និង​វិធី​ដោះស្រាយ ការស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ
26, Oct 2016 , 7:39 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) បានធ្វើការ​ស្រាវជ្រាវ និង​ផលិត​វីដេអូ ស្តីពី​៖ ស្ថានភាព​ចរាចរណ៍​នៅ​ភ្នំពេញ​។ ក្នុងនោះ JICA បាន​រកឃើញថា កំណើនប្រជាជន​(១.៨​លាន​នាក់​,​នៅ​ឆ្នាំ​២០១៦) និង​រថយន្ត​(​កើនឡើង​៣​ដង ឆ្នាំ​២០០៥-២០១៥) ឥរិយាបថ​អ្នកបើកបរ ដែល​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍ ព្រមទាំង​និន្នាការ​ប្រើប្រាស់​យានយន្ត​ឯកជន គឺ​សុទ្ធសឹង​ជា​មូលហេតុ​នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។ បន្ថែម​ពីនេះ ក្នុង​គោលដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ JICA បាន​លម្អិត​ពី​ដំណោះស្រាយ​សំខាន់ៗ​ចំនួន​ពីរ គឺ​ការគោរព​ច្បាប់​ចរាចរណ៍ និង​ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ​។



​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) បាន​ស្រាវជ្រាវ និង​ផលិត​វីដេអូ ជាង​១២​នាទី រៀបរាប់​ពី​មូលហេតុ ផលប៉ះពាល់ និង​ដំណោះស្រាយ​នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ដែល JICA ចាត់ទុកថា  បញ្ហា​នេះ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​អ្នកបើកបរ​។  វីដេអូ ដែលមាន​ចំណងជើង​ថា​៖«​រឿង បញ្ហា​ចរាចរណ៍​ជាមួយ វត្ត​ទី និង​អ៊ី​ន​ឌី​»បានពន្យល់ថា មូលហេតុ​នៃ​ការកកស្ទះ​ចរាចរណ៍ មាន​ពីរ​សំខាន់​៖   
 
​មូលហេតុ​ទី​១៖ ការស្ទះ​ចរាចរណ៍ គឺ​បណ្តាលមកពី​កំណើនប្រជាជន​នៅ​ភ្នំពេញ​។ JICA រកឃើញថា នៅ​ឆ្នាំ​១៩៩៨ នៅ​ភ្នំពេញ​មាន​ប្រជាជន ១​លាន​នាក់​។ ឆ្នាំ​២០០៨ ប្រជាជន​បាន​កើនឡើង ១.៣៣​លាន​នាក់ ខណៈ​នៅ​ឆ្នាំ​២០១០ មាន​ការធ្វើសមាហរណកម្ម ឃុំ​ចំនួន​២០​របស់​ខេត្តកណ្តាល ធ្វើ​ឲ្យ​ដែនដី​រាជធានី​ភ្នំពេញ​មាន​ចំនួន​ប្រជាជន ១.៦៩​លាន​នាក់​នៅ​ឆ្នាំ​២០១៣​។ JICA បាន​សន្និដ្ឋានថា ចំនួន​ប្រជាជន​នៅ​ភ្នំពេញ អាច​កើន​ឡើងដល់ ១.៨ លាន​នាក់​នៅ​ឆ្នាំ​២០១៦ ហើយ​អាច​កើនឡើង​បន្ថែមទៀត​រហូត ២.៨ លាន​នាក់​នៅ​ឆ្នាំ​២០៣៥​។   
 
​មូលហេតុ​ទី​២៖ ចំនួន​រថយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ភ្នំពេញ បាន​កើនឡើង​៣​ដង​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ បន្ថែម​ពីនេះ ការកើនឡើង​ចំនួន​ទោចក្រយានយន្ត ក៏​ជា​មូលហេតុ​នៃ​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។ 
 
​ក្រៅពី​ការកើនឡើង​នៃ​ចំនួន​យានយន្ត ការចត​រថយន្ត​បំពាន​ច្បាប់ ការមិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ការបើកបរ​បញ្ច្រាសទិស គឺ​សុទ្ធសឹង​ជា​មូលហេតុ​នៃ​កកស្ទះ​ចរាចរណ៍​។ 
 
​ទន្ទឹមគ្នានេះ JICA រកឃើញថា ប្រសិនបើ​គ្មាន​វិធានការណ៍​នោះទេ នោះ​ស្ថានភាព​ចរាចរណ៍​នៅ​ភ្នំពេញ នឹង​កាន់តែ​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ធ្វើដំណើរ​ទៅ​សាលារៀន និង​កន្លែង​ការងារ ទាំង​មាន​អារម្មណ៍​ធុញទ្រាន់ និង​មិន​សប្បាយចិត្ត​។    
 
​ការស្រាវជ្រាវ​ដដែល បានបង្ហាញ​មធ្យោបាយ​ពីរ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ ទីមួយ​៖  ពលរដ្ឋ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​គិតគូរ​ពី​ឥរិយាបថ​នៃ​ការបើកបរ ដូចជា ការចត​រថយន្ត​នៅលើ​ចិញ្ចើមផ្លូវ ការចត​រថយន្ត​នៅ​ចំណុច​ផ្លូវ​ប្រសព្វ ការចត​រថយន្ត​នៅលើ​ចិញ្ចើមផ្លូវ​សងខាង និង​ការចត​រថយន្ត​ជាច្រើន​ខ្សែ​នៅមុខ​ភោជនីយដ្ឋាន ផ្សារ និង​សាលារៀន ដែល សកម្មភាព​ទាំងនេះ បាន​ជំរុញ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ ជាងនេះទៅទៀត ការគោរព​ភ្លើង​ចរាចរណ៍ សញ្ញា​ចរាចរណ៍ សញ្ញា​ចរាចរណ៍ និង​គំនូស​ចរាចរណ៍ ត្រូវបាន JICA ពន្យល់ថា អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។ ទី​ពីរ​៖ ស្រប​ពេលដែល​សាលា​រាជធានី​ភ្នំពេញ ខិតខំ​កែលម្អ​ផ្លូវ និង​ពង្រីក​ផ្លូវ ព្រមទាំង​សាងសង់​ស្ពាន​អាកាស​នោះ ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ JICA ពន្យល់ថា ការ​ងាក​មកប្រើប្រាស់​ម​ធ្យោ​បាយ​សាធារណៈ ពលរដ្ឋ​អាច​ចំណេញ​ប្រាក់ មាន​សុវត្ថិភាព ជាពិសេស អាច​កាត់បន្ថយ​ចំនួន​រថយន្ត​នៅលើ​ដងផ្លូវ ដែល​អាច​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​។ បើតាម JICA រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នឹង​ពង្រីក​ចំនួន​រថយន្តក្រុង​នៅ​រាជធានី​ភ្នំពេញ ឲ្យ​បាន​១០​ខ្សែ​នៅ​ឆ្នាំ​២០២០៕ 
 
 

Tag:
 JICA
 ​ ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com