ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ត្រៀម​ប្ដឹងទៅ គ​.​ជ​.​ប ឲ្យ​លុបឈ្មោះ​ជនអន្តោប្រវេសន៍​ជាង​២​ពាន់​នាក់​
26, Oct 2016 , 8:39 am        
រូបភាព
 
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ដាក់ពាក្យ​ប្ដឹងទៅ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យ​លុបឈ្មោះ​ជនអន្តោប្រវេសន៍​ជាង​២​ពាន់​នាក់ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ។ គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ជនអន្តោប្រវេសន៍​ទាំងនេះ មិនមាន​ឯកសារ​ត្រឹមត្រូវ តាមច្បាប់​ចុះឈ្មោះ​បោះឆ្នោត​ឡើយ​។


​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ភ្នាក់ងារ​គណបក្ស​លោក​បាន​រកឃើញ មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាង​២០០០​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​ជិត​ពីរ​ខែ​នេះ​។ លោក យឹម សុវណ្ណ បន្ថែមថា គណបក្ស​លោក បាន​ឲ្យ​មេធាវី​សរសេរ​ពាក្យបណ្តឹង​រួចជាស្រេច​ហើយ ពាក់ព័ន្ធ​នឹង​ជនសង្ស័យ ដែល​មិនមាន​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ​ទាំងនេះ ដើម្បី​ប្ដឹងទៅ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ឲ្យ​លុបឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​វិញ​។ បើតាម​លោក យឹម សុវណ្ណ គណបក្ស​លោក​នឹងដាក់​ពាក្យបណ្ដឹង​នេះ នៅពេលដែល​គ​.​ជ​.​ប បិទ​បញ្ជី​ឈ្មោះ​ដំបូង នៅ​ខែមករា ឆ្នាំ​២០១៧​ខាងមុខ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ទូរ​សព្ទ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​ហេតុផល​ដូច្នេះ​ថា​៖« ជនអន្តោប្រវេសន៍​ខុស​នីតិវិធី​ច្បាប់​ជាង​២០០០​នាក់ ដែល​ភ្នាក់ងារ​យើង​រកឃើញ​នោះ មាន​ខ្លះ​មិនមាន​ឯកសារ​ត្រឹមត្រូវ និង​ខ្លះទៀត​អះអាងថា ខ្លួន​មាន​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​គ្មាន​ព្រះរាជក្រឹត្យ​ត្រឹមត្រូវ តែ​ពួកគេ​អាច​ចុះឈ្មោះ​បោះឆ្នោត​។ ដូច្នេះ​យើង​នឹងដាក់​ពាក្យ​ប្ដឹងទៅ​គ​.​ជ​.​ប ទៅតាម​នីតិវិធី​ច្បាប់ នៅ​ដើមខែ​មករា ដើម្បី​ជួយ​ដោះស្រាយ​លុបឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​»​។​
 
​តែ​យ៉ាងណា​លោក យឹម សុវណ្ណ មិនទាន់​អាច​សន្និដ្ឋានថា តើ​ការចុះឈ្មោះ​បោះឆ្នោត​របស់​ជន​អន្តោ​ស​ប្រវេសន៍​ខុសច្បាប់​ទាំងនោះ អាចមកពី​មានការ​ឃុបឃិត​គ្នា រវាង​អាជ្ញាធរ និង​ជនអន្តោប្រវេសន៍​នេះ យ៉ាងណា​នោះទេ ។ លោក​គ្រាន់តែ​បញ្ជាក់ថា រងចាំ​ការស៊ើបអង្កេត​លើ​ករណីនេះ​សិន​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​បកស្រាយ​តប​ជុំវិញ​ការលើកឡើង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះឡើយ​។​
 
​តែ​យ៉ាងណា​លោក ហង្ស ពុទ្ធា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា ជនអន្តោប្រវេសន៍ ដែល​រស់នៅ​ប្រទេស​កម្ពុជា ហើយ​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន​នោះ លុះត្រាតែ​ពួកគេ​មាន​សញ្ជាតិ​ខ្មែរ ដែល​ចេញ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ ,​អាច​និយាយ​ភាសា​ខ្មែរ និង​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ ទើប គ​.​ជ​.​ប អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ចុះឈ្មោះ​បាន​។ បន្ថែម​ពីនេះ លោក ហង្ស ពុទ្ធា ក៏បាន​បញ្ជាក់ថា រាល់​បុគ្គល​ណា ដែល​ចង់​ប្ដឹង​មក គ​.​ជ​.​ប ពាក់ព័ន្ធ​នឹង​ជនអន្តោប្រវេសន៍​ចុះឈ្មោះ​បោះឆ្នោត​នោះ ពួកគេ​ត្រូវមាន​ភស្តុតាង និង​ការស៊ើបអង្កេត​ឲ្យ​ច្បាស់លាស់​សិន ពោលគឺ​មិនមែន​ចេះតែ​ប្ដឹង តាមរយៈ​ការសង្ស័យ​ផ្ទាល់ខ្លួន​នោះទេ​។​
 
​ពាក់ព័ន្ធ​នឹង​ជនអន្តោប្រវេសន​នេះដែរ កន្លងមក​ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ឲ្យ​បញ្ជីរាយឈ្មោះ​ជនបរទេស​ទាំងអស់ ដែល​បានទទួល​សញ្ជាតិ​ខ្មែរ​ស្របច្បាប់ ដោយមាន​ព្រះរាជក្រឹត្យ​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​សង្ស័យ​ខុស ពី​ចំនួន​ជនអន្តោប្រវេសន៍​ដែល​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ​។ តែ​សម្ដេច ស ខេង បដិសេធ​មិន​បញ្ចេញ​របាយការណ៍​ជនអន្តោប្រវេសន៍​នេះឡើយ ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា​។​
 
​គួរ​បញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១ ខែកញ្ញា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា​។​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩​លាន​នាក់​៕
 
 
 

Tag:
 CNRP
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com