អន្តរជាតិ
អាមេរិក​នឹងបញ្ជូន​យន្តហោះ F-35 ទៅ​ឈរជើងនៅជប៉ុនឆ្នាំ២០១៧
26, Oct 2016 , 9:19 pm        
រូបភាព
រូបភាព៖ PACOM
រូបភាព៖ PACOM
 
​សហរដ្ឋអាមេរិក​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ចុងក្រោយ F-35 ទៅកាន់​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ​។ យន្តហោះ​ចម្បាំង​ទាំងអស់​ចំនួន ១៦ គ្រឿង​នឹងត្រូវ​បញ្ជូន​ទៅកាន់​មូលដ្ឋានទ័ព Iwakuni  ហើយ​វា​ក្លាយ​មូលដ្ឋានទ័ព​អាមេរិក​ដំបូង​បំផុត​ដែលមាន​យន្តហោះ​ប្រភេទ​នេះ​ប្រើប្រាស់​។ ក្រៅពី​យន្តហោះ​ចម្បាំង កងទ័ពជើងទឹក​អាមេរិក​នឹង​បញ្ជូន​នាវាចម្បាំង​ដែល​អាច​ឲ្យ​យន្តហោះ F-35 ហោះ​ឡើង​និង​ចុះចត​បាន​ក្នុងពេល​បំពេញ​ប្រតិបត្តិកា​រួមគ្នា​នោះ មកកាន់​មូលដ្ឋាន Sasebo  ប្រទេស​ជប៉ុន​ផងដែរ​។ ការ​ចល័ត​សព្វាវុធ​នេះ​ទៅ​ជប៉ុន​នេះ​ធ្វើឡើង​ក្រោម​ក្របខណ្ឌ​នៃ​យុទ្ធសាស្ត្រ​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។



សូមស្ដាប់ពត៌មានលម្អិត៖




​ដើម​សប្តាហ៍​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាសថា យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប F-35 នឹងមាន​វត្ត​មាននៅ​មូលដ្ឋានទ័ព​របស់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន​នៅ​ឆ្នាំក្រោយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo យន្តហោះ​ប្រដេញ F-35 ទាំងនោះ​នឹងត្រូវ​ពង្រាយ​ទៅកាន់​មូលដ្ឋានទ័ព Iwakuni  ហើយ​យន្តហោះ ដែល​នឹងត្រូវ​បញ្ជូនទៅ​ជប៉ុន​នោះ​មាន​ចំនួន ១៦​គ្រឿង​។ យន្តហោះ​ចំនួន ១០ គ្រឿង​នឹង​ទៅដល់​ជប៉ុន​នៅ​ខែមករា​ឆ្នាំ ២០១៧ ហើយ​៦​គ្រឿង​ទៀត​នឹង​ទៅដល់​ជ​ប៉ុ​នៅ​ខែ សីហា​។ យន្តហោះ​ស៊េរី​ថ្មី​នេះ​នឹង​ទៅ​ជំនួស​តំណែង​យន្តហោះ​ចម្បាំង F-18 និង​យន្តហោះ AV-8B Harrier  ដែល​កំពុង​ស្ថិតនៅ​មូលដ្ឋាន Iwakuni  ស្រាប់​។​



(រូបភាព៖ PACOM)
​បើតាម​របាយការណ៍​កងទ័ពអាកាស​អាមេរិក ក្រុង​វ៉ាស៊ីនតោន​បានផ្តល់​ដំណឹង​ពាក់ព័ន្ធ​ការពង្រាយ​សព្វាវុធ​ថ្មី​ទៅកាន់​ទឹកដី​ជប៉ុន​រួចហើយ​តាំងពី​ខែសីហា ហើយ​ដំណើរការ​ពង្រាយ​សព្វាវុធ​នឹង​ចាប់ផ្តើម​ជា​បន្តបន្ទាប់​តាម​កាលវិភាគ​ដែល​បានកំណត់​។ កាលពី​ខែ សីហា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ប្រាប់​អាជ្ញាធរ​តំបន់ Iwakuni ពី​ការពង្រាយ​សព្វាវុធ​រប​ស់​អាមេរិក​រួចរាល់​ហើយ ដើម្បី​ឲ្យ​អាជ្ញាធរ​បានដឹង​និង​ត្រៀមលក្ខណៈ​ជាមុន​។

​ជារួម មូលដ្ឋានទ័ព  Iwakuni នឹង​ក្លាយជា​មូលដ្ឋានទ័ព​អាមេរិក​ដំបូង​បំផុត​ដែល​ទទួលបាន​យន្តហោះ​ចម្បាំង F-35 នេះ​ប្រើប្រាស់ ក្រោយពី​កងទ័ពអាកាស​អាមេរិក​ប្រកាស​នៅ​ថ្ងៃ ២ សីហា កន្លងទៅ​ថា យន្តហោះ F-35 ជំហាន​ដំបូង​ត្រៀមខ្លួន​សម្រាប់​ការប្រយុទ្ធ​ហើយ​។ យន្តហោះ F-35 ត្រូវបាន​គេ​កែសម្រួល​ជាច្រើន​ដង​មុនពេល​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយសារ​វា​នៅ​ប្រឈម​បញ្ហា​បច្ចេកទេស​ច្រើន​។ ប៉ុន្តែ​យន្តហោះ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ជំនា​ន់ទី ៥ ហើយ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បំពេញបេសកកម្ម​វាយប្រហារ​តាមផ្លូវ​អាកាស​ថែម​ទៀតផង​។ ហើយ​ការចូល​បំពេញការងារ​ក្នុង​វិស័យ​កងទ័ពអាកាស​អាមេរិក​របស់​យន្តហោះ​ប្រភេទ​នេះ​នឹង​បង្កើន​សមត្ថភាព​និង​យុទ្ធសាស្ត្រ​យោធា​អាមេរិក​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។​


(រូបភាព៖ PACOM)

​តាមពិតទៅ ការពង្រាយ​សព្វាវុធ​ទំនើបៗ​របស់​អាមេរិក​បន្ថែម​ទៅ កាន់​ប្រទេស​ជប៉ុន​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​វិញ​នៅ​តំបន់​អាស៊ី និង​ទប់ទល់​ការគំរាមកំហែង​សន្តិសុខ​មួយចំនួន​។ ក្នុងនោះ​មាន​ទាំង​ជួយ ទប់ទល់​ជាមួយ​ឥទ្ធិពល របស់​មហា​យក្ស​ចិន​ផងដែរ​។  អាមេរិក​កំពុង​ព្យាយាម​សម្រេច​ផែនការ​របស់ខ្លួន​ដោយ​ផ្ទេរ​កងទ័ពអាកាស​និង​កងទ័ពជើងទឹក​រប​ស់​ខ្លួន​រហូតដល់​៦០​ភាគរយ​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រឹម​ឆ្នាំ ២០២០ ។ ហើយ​ការបន្ត​ផ្លាស់ប្តូរ​ទីតាំង​កងទ័ព​ដោយ​បញ្ជូន​កងទ័ព​ភាគច្រើន​មកកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាការ​ពង្រឹង​តួនាទី និង​បង្កើន​ឥទ្ធិពល​អាមេរិក​ផ្នែក​យោធា​នៅក្នុង​តំបន់ ហើយ​វា​ស្ថិតក្រោម​គោលនយោបាយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​តំបន់​អាស៊ី​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​ដែរ​។

​ជាធម្មតា​អាមេរិក​បាន​ចូលរួម​យ៉ាងសកម្ម​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​លើក​ហេតុផល​ថា​ចូលរួម «​ការពារ​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ និង​រក្សា​សេរីភាព​ក្នុងការ​ហោះហើរ​ផង​។ អាមេរិក​បន្តសកម្មភាព​នេះ  ទោះបីជា​មានការ​ព្រមាន​ខ្លាំង​ពី​ក្រុង​ប៉េកាំង កន្លងមក​ក៏ដោយ​។​



(រូបភាព៖ PACOM)

​ក្រៅពី​ត្រៀម​បញ្ជូន​យន្តហោះ​ចម្បាំង F-35 ចំនួន ១៦ ទៅ​ជប៉ុន អាមេរិក​ក៏​នឹង​បញ្ជូន​នាវាចម្បាំង​ថ្មី​ទៅកាន់​មូលដ្ឋាន Sasebo នៅ​ជប៉ុន​ផងដែរ​។​នាវាចម្បាំង USS Wasp (LHD 1) នេះ​នឹងត្រូវ​បញ្ជូន​ចេញពី​មូលដ្ឋានទ័ព​អាមេរិក Norfolk នៅ​រដ្ឋ Virginia ទៅ​ជំនួស​នាវា USS Bonhomme Richard (LHD 6) ដែល​ស្ថិតនៅ​មូលដ្ឋាន Sasebo នោះ​។ នាវា USS Bonhomme Richard (LHD 6) នឹងត្រូវ​ត្រឡប់​ទៅកាន់​មូលដ្ឋានទ័ព​អាមេរិក​នៅ San Diego កាលីហ្វ័រ​នីញ៉ា​ដើម្បី​ទទួល​ការថែទាំ​និង​កែលម្អ​ឡើងវិញ​។​

​ចំពោះ នាវា USS Wasp (LHD 1) នឹងត្រូវ​ទៅ​ឈរជើង​នៅ​ជប៉ុន​នៅ​ឆ្នាំ ២០១៧  ប៉ុន្តែ​កាលបរិច្ឆេទ​ជាក់លាក់​ដែល​នាវាចម្បាំង​នេះ​ទៅដល់​ប្រទេស​ជប៉ុន​មិនត្រូវ​បាន​គេ​បញ្ជាក់​ឲ្យ​ដឹង​ឡើយ​។

​នាវាចម្បាំង​ត្រូវបាន​គេ​ធ្វើ​ទំនើបកម្ម​ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​នេះ​អាចបំពេញ​ប្រតិបត្តិការ​ជាមួយ​យន្តហោះ​ចម្បាំង F-35 ក្នុងស្ថានភាព​ផ្សេងគ្នា​ច្រើន​។ ក្នុងពេល​បំពេញ​ប្រតិបត្តិការ យន្តហោះ​ចម្បាំង F-35 នេះ​អាច​ហោះ​ឡើង​ក្នុង​រយៈ​ចម្ងាយ​ខ្លី និង​អាច​ចុះចត​បញ្ឈរ​(STOVL)​បាន​លើ​នាវាចម្បាំង​នេះ​ផងដែរ​។ ក្រៅពី​យន្តហោះ F-35 យន្តហោះ​យោធា​ឯទៀត​មានដូចជា MV-22 Osprey និង AV-8B Harrier ក៏​អាច​ចុះចត​លើ​នាវា​នេះ​បានដែរ​។​

​នាវាចម្បាំង​នេះ​ក៏​ទទួល​បានការ​លម្អ​សព្វាវុធ​ដែល​បំពាក់​ជាប់​ជាមួយ​នាវា​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ប្រយុទ្ធ ដូចជា វា​ត្រូវបាន​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ខ្លួន​ច្រើន​ប្រភេទ​,​ប្រព័ន្ធ​រ៉ា​ដា​ថ្មី និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​ទៀតផង​ដែរ​៕


Tag:
 F-35
  Iwakuni
  Sasebo
  ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com