អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ដូ​ណា​ល់ ត្រាំ ហាក់​ពិបាក​ទាក់ទាញ​យុវជន​ឲ្យ​គាំទ្រ​ជាង​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
28, Oct 2016 , 2:31 pm        
រូបភាព
ដោយ:
​អាមេរិក​៖​យុវជន​អាមេរិក​មួយចំនួន ហាក់​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ និង​ឥរិយាបថ​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​នោះឡើយ​។ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​អាមេរិក​ខ្លះ យល់ថា គណបក្ស​សាធារណរដ្ឋ ជាពិសេស​លោក ដូ​ណា​ល់ ត្រាំ មិនមាន​ចំណុច​ល្អ ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​គាំទ្រ​ខ្លួន​នោះទេ តែ​អ្នកគាំទ្រ​លោក ត្រាំ ភាគច្រើន​គឺជា​មនុ​ស្សមាន​វ័យ​ចំណាស់​។



​ក្នុងចំណោម​យុវជន​អាមេរិក​ចំនួន ១០ នាក់ ដែល​សារព័ត៌មាន​ថ្មីៗ បាន​សាកសួរ​នៅតាម​ផ្លូវ​សាធារណៈ និង​នៅក្នុង​សកល​វិទ្យាល័យ​ក្នុង​រដ្ឋ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក មាន​យុវជន​គាំទ្រ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដល់​ទៅ ៦ នាក់ និង​គាំទ្រ​លោក ដូ​ល​ណា​ល់ ត្រាំ តែ ២ នាក់ ហើយពីរ​នាក់​ទៀត មិន​គាំទ្រ​បេក្ខជន​ទាំងពីរ​នេះ​ទេ​។ ក្នុងចំណោម​យុវជន​ទាំងនោះ សុទ្ធតែ​យល់ថា យុ​ទ្ធា​នា​ការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​អាណត្តិ​នេះ មាន​លក្ខណៈ​ប្លែក និង​មាន​លក្ខណៈ​តានតឹង​ជាង​អាណត្តិ​មុនៗ ដោយសារ​បេក្ខជន​នៃ​គណបក្ស​ទាំងពីរ​ចូលចិត្ត​វាយប្រហារ​គ្នា​រឿង​ផ្ទាល់ខ្លួន និង​ជាពិសេស​ពាក្យ​ការប្រើ​ពាក្យសម្តី​របស់លោក ដូ​ណា​ល់ ត្រាំ​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​សាធារណៈរដ្ឋ​។

​យុវជន​វ័យ ២៥ ឆ្នាំ ជា​និស្សិត​ផ្នែក​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក លោក John Clarke យល់ថា ការបោះឆ្នោត​នៅក្នុង​អាណត្តិ​នេះ គួរ​ឲ្យ​អស់សំណើច ពីព្រោះ​តែមាន​បេក្ខជន​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ​។ និស្សិត John Clarke  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅពេលដែល​លោក​ធ្វើដំណើរ​កម្សាន្ត​នៅ​រដ្ឋ Ohio បែបនេះ​ថា​៖« ខ្ញុំ​គិតថា លោក​ត្រាំ​ឆ្កួត​ណាស់​។ ខ្ញុំ​មិន​ចង់ឃើញ​អ្នក​ឈរឈ្មោះ​បេក្ខជន​ប្រធានាធិបតី ដូច លោក​ត្រាំ នៅក្នុង​ប្រទេស​របស់ខ្ញុំ​ឡើយ​។ យុវជន ដែល​អះអាងថា ខ្លួន​នឹង​បោះឆ្នោត​ឲ្យ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រូបនេះ បញ្ជាក់បន្ថែម​យ៉ាងនេះ​ទៀតថា​៖«​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ពីព្រោះ​លោក ត្រាំ ដូច​មនុស្ស​ឆ្កួត គ្មាន​គោលនយោបាយ​ជាក់លាក់ និយាយ​ភូតកុហក តាមតែ​ការនឹកឃើញ​របស់ខ្លួន​»​។

​កញ្ញា Calar និស្សិត​នៅ​សកលវិទ្យា​ល័យ USC University ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង កញ្ញា Amanala Rossa អាយុ ១៩ ឆ្នាំ និស្សិត​នៅ​សកលវិទ្យា​ល័យ Western នៅ​ទីក្រុង Cleveland ក្នុង​រដ្ឋ Ohio  និយាយ​ដូចគ្នា​ថា ពួកគេ​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ព្រោះ​និស្សិត​ទាំងពីរ​រូបនេះ យល់ថា អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​ចំណុច​ល្អ គ្រាន់បើ​ជាង​លោក ដូ​ណា​ល់ ត្រាំ​។ កញ្ញា Amanala Rossa បញ្ជាក់​យ៉ាងនេះ​ថា​៖«​ខ្ញុំ​យល់ថា អ្នកស្រី​មាន​គោលនយោបាយ​បើក​សិទ្ធិសេរីភាព និង​យកចិត្តទុកដាក់​ជួយ​ដល់​យុវជន ជាពិសេស​ផ្នែក​អប់រំ​។ លោក​ត្រាំ​និយាយ​អាក្រក់​»​។


​លោក Anthony Arendas និស្សិត​ផ្នែក Phycology ឆ្នាំ​ទី ៣ នៅ​សកល​វិទ្យាល័យ CSULB University ក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​នឹង​បោះឆ្នោត​ឲ្យ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ព្រោះ​លោក​មិន​ចង់​ឲ្យ​លោក​ត្រាំ ជាប់ឆ្នោត​។ លោក Anthony Arendas បរិយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ Hillary ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​ត្រាំ​ឈ្នះ​។ ជា​គំនិត​របស់ខ្ញុំ គិតថា យុវជន​ជំនាន់​ក្រោយ​ភាគច្រើន​បោះឆ្នោត​ឲ្យ​អ្នកស្រី គ្លី​ន​តុ​ន ព្រោះ​ពួកគេ​មាន​កង្វល់​ចំពោះ​សម្តី​លោក​ត្រាំ ដែល​និយាយ​មិនចេះ​គិត​»​។​

​យុវជន​ខាងលើ បង្ហាញ​យោបល់​ចំពោះ​សកម្មភាព​របស់​យុវជន​អាមេរិក​ជុំវិញ​ការបោះឆ្នោត​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ខាងមុខ​បែបនេះ​ថា​៖« មនុស្ស​ភាគច្រើន​មិន​ចង់ទៅ​បោះឆ្នោត ព្រោះ​គិត​គោលនយោបាយ​អ្នក​ទាំងពីរ​មិនល្អ​។ ខ្ញុំ​គិតថា បច្ចុប្បន្ន​យុវជន​អាមេរិកកាំង ដូចជា​មិនសូវ​សកម្ម​ក្នុង​រឿង​នយោបាយ​ប៉ុន្មាន​នោះទេ​»​។​

​ជាមួយគ្នានេះ កញ្ញា Katherrine Harley បាន​លើកឡើងថា  ការបោះឆ្នោត​លើក​នេះ ប្លែក តែ​សំខាន់​ណាស់​សម្រាប់​រូបនាង​។ កញ្ញា យល់ថា ការបោះឆ្នោត​នៅ​អាណត្តិ​នេះ ធ្វើ​ឲ្យ​សង្គម​អាមេរិក​បែកបាក់​គ្នា​ខ្លាំង​។ « វា​សំខាន់​ដោយសារ​យើង​បែកបាក់​គ្នា​ណាស់ បច្ចុប្បន្ន​នៅក្នុង​សង្គម​យើង​។ បេក្ខភាព​ជា​ប្រធានាធិបតី​ជា​លោក​ត្រាំ គឺជា​រឿង​ដ៏​អាម៉ាស​ណាស់​សម្រាប់​ប្រទេស​យើង​។ អ្វីដែល​លោក​ត្រាំ​លើកឡើង និង​គោលនយោបាយ​របស់គាត់ គឺ​ប៉ះពាល់​សិទ្ធិ​របស់​យើង ដូចជា​សិទ្ធិ​ក្នុងការ​រំលូតកូន​ជាដើម​។ និស្សិត​ឆ្នាំ​ទី ២ ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន​នៅ​សកលវិទ្យា​ល័យ CSULB University រូបនេះ និយាយ​ដូច្នេះហើយ ក៏​បញ្ជាក់​បន្ថែមទៀត​យ៉ាងនេះ​ថា​៖« ហើយ​ទាក់ទង​នឹង​តុលាការ​កំពូល បើសិនជា​លោក​ត្រាំ​ជាប់ឆ្នោត នឹង​ប៉ះពាល់​ការបកស្រាយ​រដ្ឋធម្មនុញ្ញ ដោយសារ​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ដែល​លោក​ត្រាំ នឹង​ជ្រើសរើស​នោះ មិន​តំណាង និង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​»​។

​ដោយឡែក​ពី​ការលើកឡើង​របស់​យុវជន​ខាងលើ យុវជន Ed Adnor ជនជាតិ​អាមេរិក ដើមកំណើត​អេស្បាញ យល់ថា រវាង​បេក្ខជន​ទាំងពីរ​នេះ សុទ្ធតែ​មិនសូវមាន​ចំណុច​ល្អ​ដូចគ្នា តែ​លោ​កថា ប្រសិនបើ​លោក​ទៅ​បោះឆ្នោត លោក​ប្រហែលជា​នឹង​ជ្រើស​រើសយក​លោក ដូ​ណា​ល់ ត្រាំ​។ និស្សិត​នៅ​សកលវិទ្យា​ល័យ CSUlB University រូបនេះ និយាយ​បន្ថែម​ដូច្នេះ​ថា​៖« ខ្ញុំ​ប្រហែលជា​រើស​លោក ត្រាំ​»​។

​លោក Mike John  យុវជន​ដែល​កំពុង​រក​ការងារ​ធ្វើ​នៅក្នុង​រដ្ឋ Ohio ឲ្យ​ដឹងថា រូបលោក​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​រូប​ណា ដែល​ជួយ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​យុវជន​មានការ​ងារ​ធ្វើ​។ «​ខ្ញុំ​នឹង​បោះឆ្នោត​។ ខ្ញុំ​ប្រហែលជា​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​។ លោក​ត្រាំ គាត់​មាន​បទពិសោធ​ច្រើន​ផ្នែក​ពាណិជ្ជកម្ម​។ ខ្ញុំ​យល់ថា លោក​ត្រាំ អាចជួយ​ឲ្យ​យុវជន​មានការ​ងារ និង​សេដ្ឋកិច្ច​រីកចម្រើន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Mike John ។​

​លោក ឆាល ណូ​ប៊​ល ( Charles Npble) សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​សកល​វិទ្យាល័យ California State University of Long Beach ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សង្កេតឃើញ ក្នុងអំឡុងពេល​យុ​ទ្ធា​នា​ការឃោសនាបោះឆ្នោត​កន្លង​មកនេះ អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ធ្វើបាន​ល្អ​ជាង​លោក ត្រាំ ឆ្ងាយ​ណាស់ ក្នុងការ​ទាក់ទាញ​ចិត្ត​យុវជន​។ «​លោក​ត្រាំ គឺ​គ្មាន​ចំណុច​ទាក់ទាញ​ឲ្យ​យុវជន​បោះឆ្នោត​ឲ្យ​នោះទេ​។ គណបក្ស​សាធារណរដ្ឋ មាន​បញ្ហា​មួយ​ធំ ក្នុងការ​ទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង​។ ចំណុច​កត់សម្គាល់ ភាគច្រើន​អ្នកបោះឆ្នោត​វ័យក្មេង​នៅ​អាមេរិក​ចម្រុះ​ជនជាតិ​ច្រើនជាង​អ្នក​វ័យ​ចំណាស់ ហើយ​ភាគច្រើន​មាន​កំរិតវប្បធម៌​ខ្ពស់ជាង​អ្នក​វ័យ​ចំណាស់​ផង​។ គណបក្ស​សាធារណរដ្ឋ ទាក់ទាញ​អ្នកគាំទ្រ​បានតែ​អ្នកមាន​កម្រិតវប្បធម៌​ទាប​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ឆាល ណូ​ប៊​ល​។​

​សាស្ត្រាចារ្យ​រូបនេះ បានលើកឡើង​នូវ​ឧទាហរណ៍​ជាក់ស្តែង​អំពី​កូនសិស្ស​របស់លោក ដែល​បាន​និយាយប្រាប់​ខ្លួន​ថា​៖« វា​ច្បាស់​ណាស់​ថា យុវជន​ភាគច្រើន​គាំទ្រ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ច្រើនជាង​លោក​ត្រាំ​។ កូនសិស្ស​ភាគច្រើន មិនសូវ​គាំទ្រ​លោក​ត្រាំ​ទេ ពីព្រោះ​តែ​គោលនយោបាយ​អភិរក្សនិយម ដូចជា មិន​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ជាដើម​»​។ លោក ឆាល ណូ​ប៊​ល បន្ថែមទៀតថា ហេតុផល​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​យុវជន​គាំទ្រ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ច្រើនជាង​លោក ត្រាំ គឺ​ដោយសារ​អ្នកស្រី បន្ត​ជំហរ​ពី​លោក Bernie Sander ដែលមាន​គោលនយោបាយ​សំខាន់​ទៅលើ​ការអប់រំ​យុវជន​។

​តែ​យ៉ាងណា​សាស្ត្រាចារ្យ​រូបនេះ រិះគន់​គោលនយោបាយ​លើកកម្ពស់​ការអប់រំ​ដល់​យុវជន​របស់​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថា មិន​មានភាពប្រាកដប្រជា​នោះទេ​។ លោក​ថា គោលនយោបាយ​របស់​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ចង់​ឲ្យ​និស្សិត​រៀន​សាលា​រដ្ឋ​ដោយ​មិនចាំបាច់​បង់ថ្លៃ ចំពោះ​គ្រួសារ​ដែលមាន​ចំណូល​មិនជា​ក់លាក់ ឬ​ចំណូល​តិច​នោះ គឺ​មិន​ច្បាស់លាស់​នោះទេ​។ លោក​សង្កត់ធ្ងន់​បែបនេះ​ថា​៖«​វា​មិន​ងាយស្រួល​ទេ វា​ធ្វើ​ឲ្យ​សិស្ស​ឈប់រៀន​សាលា​ឯកជន មក​រៀន​សាលា​រដ្ឋ​វិញ​។ តើ​រដ្ឋ​មាន​លុយ​ទេ​? ខ្ញុំ​កំពុង​ឃ្លាំមើល​ចំណុច​នេះ​។ តើ​គាត់​នឹង​ធ្វើបាន​ដូចម្តេច​»​។​

​លោកស្រី Rachel Gunther ប្រធាន​ប្រចាំ​តំបន់​ស្រុក Los Angeles របស់​គណបក្ស​សាធារណរដ្ឋ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ដូ​ណា​ល់ ត្រាំ ទទួលបាន​គាំទ្រ​ច្រើន​ពី​យុវជន ហើយ​យុវជន​ទាំងនោះ សុទ្ធតែ​អ្នកគោរពច្បាប់​។ «​យើង​មាន​យុវជន​ចូលរួម​ច្រើន​នៅពេល​យើង​ជួបជុំគ្នា គ្រាន់តែ​ពេលខ្លះ​គាត់​មិន​ប្រាប់ថា គាំទ្រ​លោក​ត្រាំ ទេ ។ អ្នកគាំទ្រ លោក​ត្រាំ ជា​យុវជន​ឆ្លាតៗ យុវជន​ធ្វើតាម​ច្បាប់ ចេះ​គិតពី​សារសំខាន់​នៃ​ការបោះឆ្នោត​។ បើ​យុវជន​មិន​ចង់​ឲ្យ​ប្រទេសជាតិ​ធ្លាក់ចុះ តែ​ចង់​ឲ្យ​ប្រទេសជាតិ​រុងរឿង នឹង​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​»​។


             ​លោកស្រី Rachel Gunther ប្រធាន​ប្រចាំ​តំបន់​ស្រុក Los Angeles របស់​គណបក្ស​សាធារណរដ្ឋ

​នៅពេលដែល​សារព័ត៌មាន​ថ្មីៗ លើកឡើងថា ក្នុងចំណោម​យុវជន ១០ នាក់ ដែល​បាន​សាកសួរ​នៅតាម​ផ្លូវ និង​នៅតាម​សកល​វិទ្យាល័យ​មួយចំនួន ភាគច្រើន​គាំទ្រ អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជាង​លោក ដូ​ណា​ល់ ត្រាំ លោកស្រី Rachel Gunther ឆ្លើយតប​បែបនេះ​ថា​៖«​ប្រហែលជា​ទៅរក​កន្លែង​ខុស ឬ​ទៅរក​កន្លែង​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ជួប​សម្ភាសន៍​នៅតាម​ផ្លូវ ពេលខ្លះ គាត់​មិន​ស្គាល់​ទាំង​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ផង​។ ពេលខ្លះទៀត ពួកគាត់ ជា​មនុស្ស​មើល CNN  និង​NBC ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​»៕








Tag:
 ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  ដូ​ណា​ល់ ត្រាំ​
  បោះឆ្នោត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com