ជាតិ
បេក្ខជន​ខ្មែរ​អាមេរិកាំង​ពីររូប​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ ​
29, Oct 2016 , 3:11 pm        
រូបភាព
(​លោក មុំ រ៉ា​ឌី (​ឆ្វេង​) តំណាងរាស្ត្រ​បច្ចុប្បន្ន​ប្រចាំ​សង្កា​ត់ទី​១៨ Middlesex និង​ជា​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​លោក កៃ កា​ម៉ា​រ៉ា (​ស្តាំ​) បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ​រដ្ឋ​អាណត្តិ​ថ្មី​។​) ​
(​លោក មុំ រ៉ា​ឌី (​ឆ្វេង​) តំណាងរាស្ត្រ​បច្ចុប្បន្ន​ប្រចាំ​សង្កា​ត់ទី​១៨ Middlesex និង​ជា​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​លោក កៃ កា​ម៉ា​រ៉ា (​ស្តាំ​) បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ​រដ្ឋ​អាណត្តិ​ថ្មី​។​) ​
ដោយ:
វ៉ាស៊ីនតោន​៖ នេះ​គឺជា​លើកទីមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​របស់​អាមេរិក នៅពេលដែល​បេក្ខជន​ខ្មែរ​អាមេរិកាំង​ពីរ​នាក់​កំពុងតែ​ប្រកួតប្រជែង​គ្នា ដើម្បី​ទទួល​ជ័យ​ជ​ន្នះ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ប្រចាំ​សង្កា​ត់ទី​១៨ Middlesex រដ្ឋ​ម៉ាសាឈូសេត​។ បេក្ខជន​ខ្មែរ​អាមេរិកាំង​ទាំងពីរ​រូបនេះ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដោយ​ផ្តោតលើ​បញ្ហា​ជាច្រើន​ស្រដៀង​គ្នា ដូចជា​ការពង្រឹង​វិស័យ​អប់រំ ពង្រីក​ឱកាស​ការងារ និង​បង្កើន​កំណើនសេដ្ឋកិច្ច និង​ការរក្សាសន្តិសុខ​ក្នុង​សង្កា​ត់ទី​១៨ ក៏ដូចជា​ទីក្រុង​ឡូ​វែ​ល​ទាំងមូល​។​


​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខនេះ លោក មុំ រ៉ា​ឌី ដែល​បច្ចុប្បន្ន​គឺជា​តំណាងរាស្ត្រ​ប្រចាំ​សង្កា​ត់ទី​១៨ Middlesex និង​ជា​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ នឹង​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​លោក កៃ កា​ម៉ា​រ៉ា បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​តំណាង​ឲ្យ​សង្កា​ត់ទី​១៨ សម្រាប់​អាណត្តិ​ថ្មី​២០១៧ ដល់​ឆ្នាំ​២០១៨​។​

សព្វថ្ងៃនេះ បេក្ខជន​ទាំងពីរ ដែលជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​ខ្មែរ កំពុងតែ​ស្វះស្វែង​បន្ត​យុទ្ធនា​ការឃោសនា​របស់​ខ្លួន មុន​ថ្ងៃ​បោះឆ្នោត​ទូទាំង​រដ្ឋ​ឈាន​មកដល់​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​ខាងមុខនេះ​។​

លោក មុំ រ៉ា​ឌី និង​លោក កៃ កា​ម៉ា​រ៉ា បាន​ឆ្លងកាត់​ដំណើរ​ជីវិត​ស្រដៀង​គ្នា ដោយសារ​បេក្ខជន​ទាំងពីរ​គឺជា​អ្នក​ដែល​រួច​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ហើយ​បាន​ភៀសខ្លួន​មក​រស់នៅ​ជំរុំ​ជនភៀសខ្លួន​ខាវ​អ៊ី​ដាង នៅ​ប្រទេស​ថៃ កាលពីដើម​ទសវត្សរ៍​១៩៨០ ហើយ​បានទទួល​សិទ្ធិមក​រស់នៅ​សហរដ្ឋអាមេរិក និង​ក្លាយជា​ពលរដ្ឋ​អាមេរិកាំង​ពេញសិទ្ធិ​កាលពីដើម​ទសវត្សរ៍​១៩៩០​។​

បន្ថែម​លើ​នេះ បេក្ខជន​ខ្មែរ​អាមេរិកាំង​ទាំងពីរ​រូបនេះ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដោយ​ផ្តោតលើ​បញ្ហា​ជាច្រើន​ស្រដៀង​គ្នា ដូចជា​ការពង្រឹង​វិស័យ​អប់រំ ពង្រីក​ឱកាស​ការងារ និង​បង្កើន​កំណើនសេដ្ឋកិច្ច និង​ការរក្សាសន្តិសុខ​ក្នុង​សង្កា​ត់ទី​១៨ ក៏ដូចជា​ទីក្រុង​ឡូ​វែ​ល​ទាំងមូល​។ ក៏ប៉ុន្តែ លោក​ទាំងពីរ​មាន​គោលនយោបាយ​ខុសគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ខាងលើនេះ​។​
​គោលការណ៍​នយោបាយ​

នៅក្នុង​បទសម្ភាសន៍​ជាមួយ VOA លោក មុំ រ៉ា​ឌី បាន​ឲ្យ​ដឹងថា អាទិភាព​ទីមួយ​របស់លោក​គឺ​បង្កើត​ច្បាប់​ផ្តន្ទាទោស​ជនដៃដល់​ដែល​បើក​យានយន្ត ហើយ​បាញ់កាំភ្លើង​សំដៅ​កាន់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​សាមញ្ញ ហើយ​គេចខ្លួនបាត់ ដែល​ឧក្រិដ្ឋ​កម្មនេះ​ត្រូវបាន​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា Drive-by Shooting​។​

«​នៅតាម​ទីក្រុង​ជាច្រើន​នៅ​រដ្ឋ​ម៉ាសាឈូសេត យើង​កំពុង​ប្រឈម​នឹង​បញ្ហា​បាញ់កាំភ្លើង​ហើយ​បើករថយន្ត​គេចខ្លួនបាត់​នេះ​»​។​

ការបង្ក​អំពើហិង្សា​ដោយ​ក្រុម​ជនពាល​គឺជា​បញ្ហា​សន្តិសុខ​ដ៏​សំខាន់​មួយ នៅក្នុង​សង្កា​ត់ទី​១៨​នេះ ដែល​មួយផ្នែកធំ​ស្ថិតនៅ​ទីក្រុង​ឡូ​វែ​ល ដែល​នៅទីនេះ​មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​បំផុត​ទី​ពីរ​រស់នៅ បន្ទាប់ពី​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

លោក មុំ រ៉ា​ឌី បន្ថែមថា​៖ «​ហេតុ​ដូច្នេះហើយ ខ្ញុំ​ធ្វើការ​យ៉ាង​ជិត​ស្នី​ទ​ជាមួយ​អគ្គស្នងការ​ប៉ូលិស សមាជិក​ក្រុមប្រឹក្សា​ក្រុង ចៅហ្វាយក្រុង និង​អ្នកចាត់ចែង​ការងារ​ក្នុង​ក្រុង​»​។​
​លោក មុំ រ៉ា​ឌី បាន​បញ្ជាក់ថា សេចក្តីព្រៀងច្បាប់​នេះ​ត្រូវបាន​សភាតំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត​អនុម័ត​រួចរាល់​ហើយ តែ​ត្រូវ​រង់ចាំ​ការពិនិត្យ និង​សម្រេច​ដោយ​ព្រឹទ្ធិ​សភាតំណាងរាស្ត្រ​បន្ថែមទៀត​។​

បើទោះបីជា​លោក​ទទួលស្គាល់ថា បញ្ហា​សន្តិសុខ​សាធារណៈ​គឺជា​កត្តា​សំខាន់​ក៏ដោយ ក៏​លោក កៃ កា​ម៉ា​រ៉ា យល់ថា កិច្ចខិតខំ​ប្រឹងប្រែងរ​ប​ស់លោក មុំ រ៉ា​ឌី លើ​សេចក្តីព្រៀងច្បាប់​មួយ​នេះ​នឹង​មិនមាន​ប្រយោជន៍​ដល់​សាធារណៈជន​ណាស់ណា​ទេ ដោយសារតែ​ទីក្រុង​ឡូ​វែ​ល​នេះ​មាន​វិធានការ​ច្រើនណាស់​ក្នុងការ​ពង្រឹង​សន្តិសុខ​សាធារណៈ​របស់​ពលរដ្ឋ​។​
​លោក កៃ កា​ម៉ា​រ៉ា ឲ្យ​ដឹងថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺធ្វើឡើង​នាំ​តែ​ខាត​ពេលវេលា​ប៉ុណ្ណោះ ពីព្រោះថា សេចក្តីព្រៀងច្បាប់​នេះ​អាច​នឹងមិន​ទទួលបាន​លទ្ធផល​អ្វី​នោះទេ​»​។​

យ៉ាងណាមិញ លោក កៃ កា​ម៉ា​រ៉ា បាន​ប្រាប់ VOA ថា បើសិនជា​លោក​ឈ្នះឆ្នោត បញ្ហា​ជា​អាទិភាព​ដំបូង​នៅក្នុង​គោលការណ៍​នយោបាយ​រប​ស់លោក គឺ​ការធ្វើ​សេចក្តីព្រៀងច្បាប់​ផ្តោតលើ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​មួយ​លើ​ប្រព័ន្ធ​អប់រំ​នៅ​ទីក្រុង​ឡូ​វែ​ល​នេះ​។​

«​យើង​ចាំបាច់​ត្រូវ​ចេញ​ច្បាប់​កែទម្រង់​ប្រព័ន្ធ​អប់រំ​ដ៏​ស៊ីជម្រៅ​មួយ ដើម្បី​ពង្រីក​សាលារៀន​ឯករាជ្យ​ដែល​ទទួល​ថវិកា​ឧបត្ថម្ភ និង​ការត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ដល់​ឪពុកម្តាយ​ថា តើ​ប្រព័ន្ធ​អប់រំ​មួយណា​ដែល​សមរម្យ​សម្រាប់​កូនៗ​របស់​ពួកគេ​»​។​

ប៉ុន្តែ លោក​បាន​បញ្ជាក់ថា ការតាក់តែង​ច្បាប់​នេះ​មិនមែន​មានន័យថា លោក​គាំទ្រ​ឲ្យ​មានការ​លុបបំបាត់ចោល​សាលារៀន​រដ្ឋ​នោះទេ​។​

ទាក់ទង​នឹង​ការតាក់តែង​ច្បាប់​នេះ លោក មុំ រ៉ា​ឌី ដែល​សព្វថ្ងៃ​ក៏​ជា​សមាជិក​គណៈកម្មការ​អប់រំ​ប្រចាំ​សភាតំណាងរាស្ត្រ​រដ្ឋ​ម្នាក់​ដែរនោះ មិន​យល់ស្រប​នឹង​ការពង្រីក​សាលារៀន​ឯករាជ្យ ឬ​ហៅថា Charter Schools នេះ​ទេ ដោយសារ​បញ្ហា​ថវិកា​។​

លោក មុំ រ៉ា​ឌី បាន​ឲ្យ​ដឹងថា​៖ «​មូលហេតុ​តែមួយគត់រ​បស់​ខ្ញុំ គឺ​បញ្ហា​ថវិកា​។ យើង​មិនទាន់មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ក្នុងការ​ផ្តល់​ថវិកា​ឧបត្ថម្ភ​នៅឡើយ​ទេ​»​។​
​ដោយឡែក ទាំង​លោក មុំ រ៉ា​ឌី និង​លោក កៃ កា​ម៉ា​រ៉ា ទទួលស្គាល់ថា កិច្ចការ​សំខាន់​ដែល​ត្រូវធ្វើ​នោះ​គឺ​ពង្រីក​ឱកាស​ការងារ​នៅក្នុង​ទីក្រុង​ឡូ​វែ​ល​នេះ​។​

លោក កៃ កា​ម៉ា​រ៉ា បាន​ឲ្យ​ដឹងថា​៖ «​មាន​ជនអន្តោប្រវេសន៍​ច្រើនណាស់​រស់នៅ​ទីក្រុង​នេះ ដែល​ចង់​ទទួលបាន​ជោគជ័យ​។ ដើម្បី​ឲ្យ​អ្នក​ទាំងអស់នេះ​ទទួលបាន​ជោគជ័យ​ក្នុងការ​រស់នៅ យើង​ត្រូវតែ​ផ្តល់​ការបណ្តុះបណ្តាល​ដែល​ផ្តល់​ជំនាញ​ច្បាស់លាស់ ដើម្បី​ឲ្យ​ពួកគេ​អាច​ស្វែងរក​ការងារ​ដែល​ទទួល​ប្រាក់កម្រៃ​ល្អប្រសើរ​ជាង​នេះ​»​។​

ចំណែកឯ​លោក មុំ រ៉ា​ឌី វិញ លោក​ផ្តោតលើ​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​រឹងមាំ​ជាង​នេះ ដើម្បី​សម្រួល​ដល់​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម និង​បង្កើត​ការងារ​កាន់តែច្រើន​ទៀត​ទាំង​នៅក្នុង​ទីក្រុង និង​ក្រៅ​ទីក្រុង​ឡូ​វែ​ល​នេះ​។​

លោក មុំ រ៉ា​ឌី បាន​ឲ្យ​ដឹងថា​៖ «​មាន​ក្រុមហ៊ុន​ច្រើនណាស់ ដែល​បានដាក់​ទីតាំង​នៅក្នុង​ទីក្រុង​ឡូ​វែ​ល​នេះ ដែល​ខ្ញុំ​ព្យាយាម​តាក់តែង​គោលនយោបាយ​ដែល​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​កាន់តែច្រើន​»​។​

លោក មុំ រ៉ា​ឌី បានលើកឡើង​ពី​គម្រោង​បង្កើត​សាល​សវនាការ​បែប​ទំនើប ដែល​ទទួលបាន​ទឹកប្រាក់​២០០​លាន​ដុល្លារ និង​ការពង្រីក​តំបន់​សេដ្ឋកិច្ច​នៅ​ទីក្រុង​ឡូ​វែ​ល​មួយកន្លែង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​តំបន់ Cupples Square ថា​ជា​សមិទ្ធិផល​ពី​ការបំពេញ​តួនាទី​ជា​តំណាង រាស្ត្រ​ប្រចាំ​សង្កា​ត់ទី​១៨​នេះ ដោយ​ធ្វើការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។​

ក៏ប៉ុន្តែ លោក កៃ កា​ម៉ា​រ៉ា បាន​តិះ​ទៀន​សមិទ្ធិផល​របស់លោក មុំ រ៉ា​ឌី ដែលជា​ដៃគូ​ប្រកួតប្រជែង​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ថា មិនបាន​ដើរតួនាទី​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​ទាំងអស់នេះ ដូចដែល​លោក មុំ រ៉ា​ឌី បានលើកឡើង​នោះទេ​។​

លោក កៃ កា​ម៉ា​រ៉ា ឲ្យ​ដឹងថា​៖ «​គាត់​គ្រាន់តែ​ភ្ជាប់​ឈ្មោះ​គាត់​ទៅនឹង​កិច្ច​ការដែល​ត្រូវបាន​គេ​អនុវត្ត ហើយ​បានទទួល​លទ្ធផល​តែប៉ុណ្ណោះ​»​។​
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា រដ្ឋ​ម៉ាសាឈូសេត​នេះ​គឺ​សម្បូរ​ទៅដោយ​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​។ ជាក់ស្តែង នៅក្នុង​សភាតំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត​នាពេល​បច្ចុប្បន្ននេះ ដែលមាន​១៦០​អាសនៈ សមាជិក​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​១២៦​នាក់ ហើយ​សមាជិក​តំណាងរាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​មាន​ចំនួន​ត្រឹមតែ​៣៤​នាក់​ប៉ុណ្ណោះ​។​

យោងតាម​រដ្ឋធម្មនុញ្ញ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត សមាជិកសភា​តំណាងរាស្ត្រ​ម្នាក់​ឈរ​ជា​តំណាង​ឲ្យ​សង្កាត់​មួយ ក្នុង​អណ​ត្តិ​ដែលមាន​រយៈពេល​ពីរ​ឆ្នាំ​។ ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ សមាជិកសភា​តំណាងរាស្ត្រ​ទាំងអស់​ជួបជុំគ្នា ពិភាក្សា​តស៊ូ​មតិ​គ្នា ដើម្បី​តាក់តែង​ច្បាប់ បង្កើត​គម្រោង​ថវិកា និង​ចាត់ចែង​ការប្រើប្រាស់​ថវិកា ក៏ដូចជា​ចេញ​សេចក្តីសម្រេច​ពាក់ ព័ន្ធ​នឹង​ការយកពន្ធ​ក្នុង​រដ្ឋ​ផងដែរ​។​

ដោយសារតែ​សមាជិកសភា​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​ច្រើន​លើសលុប លោក មុំ រ៉ា​ឌី បាន​លើកឡើងថា វា​មិនមែនជា​ការងាយស្រួល​នោះទេ​សម្រាប់​លោក កៃ កា​ម៉ា​រ៉ា ដែលជា​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ ក្នុងការ​សម្រេចបាន​កិច្ចការ​អ្វីមួយ​នៅ​សភា បើសិនជា​លោក​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ក្លាយជា​តំណាងរាស្ត្រ​ប្រចាំ​សង្កា​ត់ទី​១៨ សម្រាប់​អណ​ត្តិ​ថ្មី​នេះ​។​

លោក មុំ រ៉ា​ឌី បាន​និយាយថា​៖ «​គិត​មើល បើ​យើង​មាន​តំណាងរាស្ត្រ​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ ព្យាយាម​តាក់តែង​ច្បាប់​នៅក្នុង​សភា​។ តំណាងរាស្ត្រ​នោះ​មិនមាន​ឱកាស​ធ្វើ​អ្វី​បាន​ច្រើន​ទេ​។ នេះ​គឺជា​តថភាព​ជាក់ស្តែង​នៅក្នុង​សភា​»​។​

លោក មុំ រ៉ា​ឌី បានលើកឡើង​ដូច្នេះ នៅក្នុង​ការជជែក​ដេញដោល​មតិ​ជា​សាធារណៈ​មួយ​រវាង​លោក​ដែលជា​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក កៃ កា​ម៉ា​រ៉ា មកពី​គណបក្ស​សាធារណរដ្ឋ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​កាសែត​ក្នុងស្រុក​ឈ្មោះ Lowell Sun ដែល​ផ្សាយ​បន្ត​ផ្ទាល់​ជា​សាធារណៈ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

បើទោះបីជា​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ដែល​មិនសូវមាន​ប្រជាប្រិយភាព​នៅក្នុង​រដ្ឋ​ម៉ាសាឈូសេត​នេះ​ក្តី ក៏​លោក កៃ កា​ម៉ា​រ៉ា បាន​សង្កត់ធ្ងន់ថា ការ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​របស់លោក គឺ​កើតឡើង​ដោយសារ​ការជំរុញ​លើក​ចិត្ត​របស់​ពលរដ្ឋ​ក្នុង​តំបន់​មួយចំនួន ដែល​លោក​ថា ចង់​ឲ្យ​លោក​ឈរឈ្មោះ​ដោយសារតែ​ពួកគេ​លែង​ជឿទុកចិត្ត​លើ​លោក មុំ រ៉ា​ឌី​។​

លោក កៃ កា​ម៉ា​រ៉ា បាន​និយាយថា​៖ «​ខ្ញុំ​ទទួលបាន​ការកោតសរសើ​រ​ពី​មនុស្ស​ជាច្រើន ជាពិសេស​អ្នកបោះឆ្នោត ដែល​សំណូមពរ​ឲ្យ​ខ្ញុំ​ឈរឈ្មោះ ដោយសារតែ​ពួកគេ​លែង​ជឿទុកចិត្ត​តំណាងរាស្ត្រ​សព្វថ្ងៃនេះ​»​។​

លោក​ក៏បាន​បន្ថែមថា អ្វីដែល​អ្នកបោះឆ្នោត​ចង់បាន​ពី​អ្នកដឹកនាំ​ក្នុង​សង្កាត់​នេះ​គឺ​«​តម្លាភាព​»​។​

យ៉ាងណាមិញ បើទោះជា​បេក្ខជន​មកពី​គណបក្ស​ពីរ​ខុសគ្នា​ក្តី ក៏​បេក្ខជន​ដែលជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​ខ្មែរ​ទាំងពីរ​រូបនេះ​មាន​មោទនៈ​ភាពដូចគ្នា ដែល​ពួកគេ​មាន​ដើមកំណើត​ជា​ខ្មែរ និង​ជា​ពលរដ្ឋ​អាមេរិកាំង ដែល​រស់នៅក្នុង​ប្រទេស​ដែល​ពោរពេញ​ទៅដោយ​ឱកាស និង​សេរីភាព​ដែល​អ្នក​ទាំងពីរ​អាច​ចាប់យក​ឱកាស​ក្លាយជា​អ្នកដឹកនាំ​បាន​ដោយ​សេរី និង​យុត្តិធម៌​។​

ក៏ប៉ុន្តែ លោក​ទាំងពីរ​មាន​ទស្សនៈ​ខុសគ្នា​អំពី​នយោបាយ​នៅ​ប្រទេស​កំណើត គឺ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាច​ជាង​បួន​ទសវត្សរ៍​កន្លងមកនេះ​។​

សម្រាប់​លោក មុំ រ៉ា​ឌី លោក​យល់ថា នយោបាយ​នៅ​ប្រទេស​កម្ពុជា​គួរតែ​ទុក​ឲ្យ​អ្នកដឹកនាំ និង​ពលរដ្ឋ​នៅ​កម្ពុជា​ដោះស្រាយ​។​

​លោក មុំ រ៉ា​ឌី បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ឈរឈ្មោះ ដោយ​យកចិត្តទុកដាក់​លើ​បញ្ហា​ដែល​កើតមានឡើង​នៅ​ទីក្រុង​នេះ​។ ដូច្នេះ ខ្ញុំ​មិន​យកចិត្តទុកដាក់​នឹង​រឿង​នយោបាយ​នៅ​កម្ពុជា​ទេ​»​។​
​សម្រាប់​លោក កៃ កា​ម៉ា​រ៉ា លោក​យល់ថា ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូ​វែ​ល​នេះ​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​ទាំងឡាយ​ដែល​កំពុង​កើតមានឡើង​នៅ​កម្ពុជា ដោយសារតែ​ពួកគេ​មាន​បងប្អូន និង​ក្រុមគ្រួសារ​រស់នៅ​ទីនោះ ដែល​អាច​រង​ផលប៉ះពាល់​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការគាបសង្កត់​លើ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ពី​សំណាក់​រដ្ឋាភិបាល និង​អ្នកមានអំណាច​។​
​លោក កៃ កា​ម៉ា​រ៉ា បាន​ឲ្យ​ដឹងថា​៖ «​យើង​ជឿជាក់ថា រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​កម្ពុជា​បាន​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា​។ ហេតុដូច្នេះ ការទទួល​ស្វាគមន៍​វត្តមាន​របស់​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​បញ្ហា​ខ្វែងគំនិត​គ្នា​ខាង​មនោគមវិជ្ជា​តែប៉ុណ្ណោះ​»​។​

លោក កៃ កា​ម៉ា​រ៉ា បានលើកឡើង​យ៉ាង​ដូច្នេះ ក្នុងន័យ​បញ្ជាក់​គោលជំហរ​របស់លោក ពាក់ព័ន្ធ​ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មកកាន់​ទីក្រុង​ឡូ​វែ​ល កាលពី​ខែមីនា​ដើមឆ្នាំ​២០១៦​កន្លងទៅនេះ​។​

ប្រវត្តិរូប​សង្ខេប​

លោក មុំ រ៉ា​ឌី អាយុ​៤៦​ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​អ្នកស្រី វ៉ាន់ ស៊ីរ៉ា​ឌី ហើយ​មានកូន​បួន​នាក់ ប្រុស​មួយ ស្រី​បីនាក់​។ លោក​មាន​ស្រុកកំណើត​នៅ​ភូមិ​ចម្ការចេក ខេត្ត​ប៉ៃលិន​។ ក្រោយ​របប​ខ្មែរក្រហម​បានបញ្ចប់ លោក មុំ រ៉ា​ឌី និង​គ្រួសារ​របស់លោក​បានរ​ត់​ភៀសខ្លួន​មក​ជំរុំ​ជនភៀសខ្លួន​ខាវ​អ៊ី​ដាង នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​១៩៨០​។​

នៅ​ឆ្នាំ​១៩៨២ លោក និង​ក្រុមគ្រួសារ​របស់លោក​ត្រូវបាន​ទទួល​មក​រស់នៅ​ទីក្រុង Duluth រដ្ឋ Minnesota សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ​១៩៨៤ ក្រុមគ្រួសារ​របស់លោក និង​លោក​បាន​សម្រេចចិត្ត​មក​តាំង​ទីលំនៅ​នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត​។ ក្រៅពី​កាន់​តួនាទី​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កា​ត់ទី​១៨ Middlesex នេះ លោក មុំ រ៉ា​ឌី គឺជា​អ្នក​ចាប់​សរសៃ​ដ៏​អាជីព​ម្នាក់​ដែល​លោក​បាន​បើក​មជ្ឈមណ្ឌល​មួយ​ផ្តល់​សេវាកម្ម​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​។​

លោក កៃ កា​ម៉ា​រ៉ា អាយុ​៤៤​ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​អ្នកស្រី សុ​ភ័​ណ្ឌ កៃ ហើយ​មានកូន​បីនាក់ ប្រុស​មួយ ស្រី​ពីរ​នាក់​។ លោក​មាន​អាយុប្រមាណ​៨​ឆ្នាំ​ប៉ុណ្ណោះ នៅពេលដែល​លោក និង​ក្រុមគ្រួសារ​របស់លោក​បាន​រត់​ភៀសខ្លួន​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ទៅ​រស់នៅក្នុង​ជំរុំ​ជនភៀសខ្លួន​ខាវ​អ៊ី​ដាង កាលពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៨១​។​

នៅ​ឆ្នាំ​១៩៨២ លោក កៃ កា​ម៉ា​រ៉ា និង​ក្រុមគ្រួសារ​របស់លោក​បាន​ទទួល​សិទ្ធិមក​រស់នៅ​ទីក្រុង Richmond រដ្ឋ Virginia ហើយ​នៅ​ឆ្នាំ​១៩៨៧ លោក​បាន​ផ្លាស់​ទីលំនៅ​មក​រស់នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត​។ ក៏ប៉ុន្តែ ក្រោយពី​បានបញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​កាលពី​ឆ្នាំ​១៩៩៥ លោក​បាន​ផ្លាស់​ទៅ​រស់នៅ​រដ្ឋ Georgia​។ លោក កៃ កា​ម៉ា​រ៉ា ទើបតែ​បានមក​តាំង​ទីលំនៅ​សារជាថ្មី​នៅ​ទីក្រុង​ឡូ​វែ​ល​នេះ កាលពី​ឆ្នាំ​២០១៤ ពីរ​ឆ្នាំ​កន្លងទៅនេះ​តែប៉ុណ្ណោះ​។​

ខណៈពេលដែល​ថ្ងៃ​បោះឆ្នោត​ទូទាំង​រដ្ឋ​នឹង​ខិតជិត​មកដល់​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខនេះ បេក្ខជន​ខ្មែរ​អាមេរិកាំង​ដ៏​មាន​មោទនៈភាព​ទាំងពីរ​នាក់​នេះ គឺ​លោក មុំ រ៉ា​ឌី និង​លោក កៃ កា​ម៉ា​រ៉ា នឹង​បេ្ត​ជ្ញា​ចិត្ត​បម្រើ​សហគមន៍​នៅ​សង្កា​ត់ទី​១៨ Middlesex និង​សហគមន៍​នៅ​ទីក្រុង​ឡូ​វែ​ល​ទាំងមូល​ឲ្យ​អស់ពី​សមត្ថភាព​។​

លោក មុំ រ៉ា​ឌី បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បានឈ្នះ​ការបោះឆ្នោត​បឋម​សម្រាប់​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ ហើយ​ខ្ញុំ​ជឿថា អ្នកបោះឆ្នោត​ស្គាល់​សមាសធាតុ​របស់​បេក្ខជន​ដែល​ឈរឈ្មោះ​យ៉ាងច្បាស់​។ ខ្ញុំ​ចូលចិត្ត​ធ្វើជា​តំណាង និង​ធ្វើ​កិច្ចការ​បម្រើ​ពលរដ្ឋ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​ឡូ​វែ​ល ជាពិសេស​សង្កាត់​របស់​ខ្ញុំ មាន​ភាពប្រសើរឡើង​»​។​
​ចំណែកឯ​លោក កៃ កា​ម៉ា​រ៉ា បាន​ឲ្យ​ដឹងថា​៖

«​ខ្ញុំ​ពិតជា​ប្តេជ្ញាចិត្ត​ក្នុងការ​ឈរ​ជា​តំណាង​ឲ្យ​ផលប្រយោជន៍​របស់​ពល​រដ្ឋ​នៅ​សង្កា​ត់ទី​១៨​នេះ រួមទាំង​ពលរដ្ឋ​នៅ​ទីក្រុង​ឡូ​វែ​ល​ផងដែរ​»​។​
​បន្ថែម​លើ​នេះ បេក្ខជន​ទាំងពីរ​នេះ​បាន​សន្យាថា នឹង​ធ្វើការ​ជាមួយគ្នា​ដោយ​សាមគ្គី​គ្នា ដើម្បី​ការរីកលូតលាស់​របស់​សហគមន៍​នៅ​សង្កា​ត់ទី​១៨ និង​សហគមន៍​នៅ​ទីក្រុង​ឡូ​វែ​ល​ទាំងមូល​៕

សូមចុចត្រង់នេះដើម្បីមើល VOA


© រក្សាសិទ្ធិដោយ thmeythmey.com