ពីនេះ ពីនោះ
តើ​ពាក្យ​«​សុបិន​, ស្រមៃ​, យល់សប្ត​, យល់សប្ន និង យល់សប្តិ​» ពាក្យ​ណាខ្លះ​មាន​អត្ថន័យ​ដូចគ្នា​?
01, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​សុបិន​, ស្រមៃ​, យល់សប្ត​, យល់សប្ន និង យល់សប្តិ​» ត្រូវបាន​អ្នកប្រើប្រាស់​មួយចំនួន ប្រើ​ច្រឡំ​អត្ថន័យ និង​ការប្រើប្រាស់​ជា​ញឹកញាប់​។  ដើម្បី​ជា​ជំនួយ​នៅក្នុង​ការសរសេរ កុំ​ឲ្យ​មាន​កំហុស​ផ្នែក​អត្ថន័យ​នៅក្នុង​អត្ថបទ  វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា​«​សុបិន​, ស្រមៃ​, យល់សប្ត​, យល់សប្ន និង យល់សប្តិ​» ដូចខាងក្រោម​៖



​ពាក្យ​«​យល់សប្ត​» ជា​កិរិយាសព្ទ មានន័យ ដេកលក់​ឃើញ​អារម្មណ៍​ផ្សេងៗ​, ដំណើរ​ដេកលក់​, ដំណើរ​ឃើញ​អ្វីៗ ក្នុង​កាល​កំពុង​ដេកលក់​។ ពាក្យ​នេះ​មាន​អត្ថន័យ​ដូចគ្នា​នឹង​ពាក្យ យល់សប្តិ និង យល់សប្ន​។ យ៉ាងណា​ពាក្យ​«​សុបិន​» ជា​នាម មានន័យថា ការ​ដេកលក់​។ ពាក្យ​នេះ​ប្រើ​សំដៅ​សេចក្ដី​ថា “ ការ​យល់សប្តិ​ឃើញ​”​ៈ យប់មិញ ខ្ញុំ​មាន​សុបិន​មិនល្អ​។ គេ​និយម​និយាយថា «​សុបិននិមិត្ត​» មានន័យថា ការ​យល់សប្តិ​ឃើញ​មាន​ទំនងជា​គ្រឿង​សង្កេត​បាន​(​ថា​នឹងមាន​ហេតុ​អាក្រក់​ឬ​ល្អ​)

​ដោយឡែក ពាក្យ «​ស្រមៃ​» មាន​អត្ថន័យ​មិន​ដូច​ទៅនឹង​ពាក្យ​«​យល់សប្ត​, យល់សប្តិ​, យល់សប្តិ និង សុបិន​» ឡើយ​។ ពាក្យ​នេះ ជា​កិរិយាសព្ទ មានន័យថា ភ្នក​ដល់​ឬ​ផ្អូក​ដល់​ហាក់ដូចជា​ឮ​ឬ​ឃើញថា​នឹង​បាន​តាម​បំណង​។ ឧទាហរណ៍ ខ្ញុំ​ស្រមៃ​ហាក់ដូចជា​កូន​ខ្ញុំ​ស្រែកហៅ​,  ចិញ្ចៀន​បាត់​រក​មិនឃើញ ខ្ញុំ​ចេះតែ​ស្រមៃ​ថា​ដូចជា​នៅត្រង់ ត្រង់​ណោះ​។​

​ជារួម​មក ផ្អែក​តាម​អត្ថន័យ​ដែល​វចនានុក្រម​ខ្មែរ​បាន​ពន្យល់ គេ​អាច​កត់សម្គាល់ថា ក្នុងចំណោម​ពាក្យ «​សុបិន​, ស្រមៃ​, យល់សប្ត​, យល់សប្ន និង យល់សប្តិ​»​នេះ ពាក្យ​«​សុបិន​, យល់សប្ត​, យល់សប្ន និង យល់សប្តិ​» មាន​អត្ថន័យ​ដូចគ្នា លើកលែងតែ​ពាក្យ​«​សុបិន​»​ដែលមាន​ថ្នាក់​ពាក្យ​ជានា​ម​។ ទោះជា​យ៉ាងណា ពាក្យ​«​សុបិន​, យល់សប្ត​, យល់សប្ន និង យល់សប្តិ​» គឺមាន​អត្ថន័យ​សំដៅ​ដល់ ការ​ឃើញ​នូវ​រូបភាព​អ្វីមួយ ខណៈដែល​មនុស្ស​កំពុង​គេង​លក់​, អារម្មណ៍​បាន​ជួប បាន​ប្រទះ បានឃើញ​ព្រឹត្តិការណ៍ រឿង​រ៉ាង​ផ្សេងៗ​ខណៈដែល​បុគ្គល​កំពុង​គេង​លក់ ជាដើម​។​

​ចំណែក​ពាក្យ «​ស្រមៃ​» គឺ​មិនមែន​សំដៅ​ដល់​ការ​ប្រទះ ជួប ទទួល​ដឹង​រឿង​អ្វីមួយ​នៅពេល​គេង​លក់​ឡើយ​។ ប៉ុន្តែ ប្រើ​សំដៅ​ដល់​អារម្មណ៍​ដឹងថា​អ្វីមួយ​នៅ​កន្លែង​ណា ឬ​នឹង​កើតមាន​អ្វីមួយ​។ ពាក្យ​នេះ​គេ​ច្រើន​និយាយថា «​ក្ដី​ស្រមៃ​»៖ ខ្ញុំ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​គ្រូបង្រៀន​, ខ្ញុំ​ស្រមៃ​ថា គ្រួសារ​ខ្ញុំ​នឹងមាន​ជីវភាព​ធូរធារ​នៅ​ថ្ងៃ​អនាគត​៕

​ដកស្រង់​ពី​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com