ជាតិ
សាលា​រាជធានី​ភ្នំពេញ គ្រោង​ចំណាយ​ថវិកា ៥​ លាន​ដុល្លារ​ស្ថាបនា​ផ្លូវ​បឹង​ធំ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ដល់​លេខ​៣
02, Nov 2016 , 8:19 am        
រូបភាព
 
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ ចំណាយ​ថវិកា ៥​លាន ដុល្លា​រសម្រាប់​ស្ថាបនា​ផ្លូវ​បឹង​ធំ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិ​លេខ​៣​។ ផ្លូវ​បឹង​ធំ ជា​ផ្លូវ​ដែល​ក្រវាត់ក្រុង ជាប់​ខេត្តកណ្ដាល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ ដែល​រង​ការខូចខាត ត្រូវបាន​បើក​ស្ថាបនា​ឡើងវិញ ដែល​គ្រោង​ចាក់​បេតុង កម្រាស់​២​តឹក ទទឹង​៧ ម៉ែត្រ ដែល​ចំណាយ​ថវិកា ៥ លាន​ដុល្លា​។  នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​


 
​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស  បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​អនុសាសន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​សប្ដាហ៍​មុន​កន្លងទៅ  រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្តកណ្ដាល បាន​ឯកភាពគ្នា ចាប់ផ្ដើម​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​។ 
 
​ផ្លូវ​១​ខ្សែ​នេះ មាន​ឈ្មោះថា ផ្លូវ​ប្រទះ​ឡាង ជា​ផ្លូវ​យុទ្ធសាស្ត្រ​រវាងផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ដើម្បី​ត​ភ្ជាប់​ចរាចរ​ការដឹកជញ្ជូន  និង​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ ផ្លូវ​នេះ​រង​ការខូចខាត ស្ទើរ​ទាំងស្រុង  បើតាម​ការគ្រោងទុក​នា​ពេលខាងមុខ កំណាត់​ផ្លូវ​មួយ​នេះ នឹងត្រូវ​ពង្រីក​ទទឹង​រហូតដល់​១២ ម៉ែត្រ ប៉ុន្តែ​ដោយសារតែ​ថវិកា​នៅមានកម្រិត អាជ្ញាធរ​សម្រេច​ស្ថាបនា​តែ​ទទឹង​៧​ម៉ែត្រ​សិន​។​
 
​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​តាម​ការសិក្សា​របស់​អ្នកជំនាញ ផ្លូវ​នេះ​មិនមែន​ត្រឹមតែ​បម្រើ ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​តំបន់​នេះ​នោះទេ គឺអាច​កាត់បន្ថយ​ការ​ការកកស្ទះ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ និង​លេខ​៣​ផងដែរ​។ ជាពិសេស​ត្រង់ចំណុច​ប្រសព្វ​វ​ង្វ​ង់​មូល​ចោមចៅ ដែលជា​ចំណុច​ត​ភ្ជាប់ ពី​ផ្លូវជាតិ​លេខ​៤ ទៅ​លេខ​៣ និង​ពី​ផ្លូវជាតិ​លេខ​៣​មក​លេខ​៤​វិញ​»​។ 
 
​លោក ប៉ា សុជាតិ​វង្ស រំពឹងថា ផ្លូវ​នេះ នឹង​ស្ថាបនា​បញ្ចប់​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ព្រោះ​ដោយសារ​ដំណើរ​ការដ្ឋាន​ចំនូ​ន​ពីរ​ចាប់ផ្ដើម​ព្រម​គ្នា​ក្នុងពេល​តែមួយ គឺ​ពី​ចំណុច​ផ្សារ​បែក​ចាន និង​ការដ្ឋាន​មូ​យ​ទៀត​ចាប់ផ្ដើម​ពី​ចំណុច​វត្ត​ស្លែង​ឆ្ពោះ​មក​ប្រសព្វ​គ្នា​តែម្ដង​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com