កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ ខេត្តសៀមរាប​ឈរ​លេខ​១​ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​កីឡា​ល្បុក្កតោ​
02, Nov 2016 , 7:39 pm        
រូបភាព
ដោយ:
​ក្រោយ​ធ្វើការ​ប្រកួត​អស់​រយៈពេល​១​ថ្ងៃ​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា នៅ​អគារ​ដំបូលទូក​ស្លាប​ខាងស្តាំ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ខេត្តសៀមរាប​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១​ជា​បណ្តោះអាសន្ន​ក្នុង​ថ្ងៃ​ប្រកួត​បើ​ឆាក​កីឡា​ល្បុក្កតោ​។ សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ប្រភេទ​កីឡា​ល្បុក្កតោ​មាន​ខេត្ត​-​រាជធានី និង​ក្រសួង​ចូលរួម​ទាំងអស់​ចំនួន​៥ និង​មាន​កីឡាករ​ជាង​៧០​នាក់​ចូលរួម​។​



​ខេត្តសៀមរាប​បាន​ឈរ​ចំណាត់​លេខ​១​ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​កីឡា​ល្បុក្កតោ​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ក្រោយពី​ខេត្ត​នេះ​ឈ្នះ​មេដាយមាស​២ ប្រាក់​១ និង​សំរឹទ្ធ​១ ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នៅ​អគារ​ដំបូលទូក​ស្លាប​ខាងស្តាំ​ង​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រសួងមហាផ្ទៃ​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្រោយពី​ទទួលបាន​មាស​១ និង​សំរឹទ្ធ​១ ឬ​ឯ​ខេត្តកំពង់ឆ្នាំង​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ឈ្នះ​មេដាយមាស​១​។

​មេដាយមាស​២ របស់​ខេត្តសៀមរាប​ដណ្តើមបាន​ដោយ​កីឡាករ អ៊ៃ សំអុន និង​កីឡាការិនី នី ឈៀង​អេង លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេគុន​ដៃឯក្ក​ត​ជន​បុរស​-​នារី ឬ​ឯ​មេដាយប្រាក់ និង​សំរឹទ្ធ​ដណ្តើមបាន​ដោយ​កីឡាករ សាត សុវណ្ណ​ភូ​ម៉ា និង​កីឡាករ សេរី សាន់ លើ​វិញ្ញាសា សម្តែង​ទ្វារ​មេគុន​ដៃ​ឯក្កត្តជន​បុរស​ដូចគ្នា​។  

​ចំណែក​ក្រសួងមហាផ្ទៃ​មេដាយមាស​ឈ្នះ​លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេ​គុនដំបង​ខ្លី​ឯ​ក្កត​ជន​បុរស​ដោយ​កីឡាករ គឹម ទិ​ត្យ​សុ​វឌ្ឍនៈ ខណៈ​មេដាយ​សំរឹទ្ធ​រកបាន​ដោយ​កីឡាករ មឿ​ន ប៊ុនលី លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេ​គុនដំបង​ខ្លី​ឯ​ក្កត​ជន​បុរស​ដូចគ្នា​។



​ទន្ទឹមនឹងនេះ មេដាយមាស​របស់​ខេត្ត​កំពង់​ឆ្នាំ​ដណ្តើមបាន​ដោយ​កីឡាការិនី ញឹម ចិ​ត្រា លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេ​គុនដំបង​ខ្លី​ឯ​ក្កត​ជន​នារី​។ ចំណែក​ខេត្តកំពត​ឈ្នះ​មេដាយប្រាក់​២ និង​សំរឹទ្ធ​១ ខណៈ​រាជធានី​ភ្នំពេញ​ទទួលបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១​។

​សម្រាប់​ការប្រកួត​បើកឆាក​កីឡា​ល្បុក្កតោ​ក្នុង​ថ្ងៃ​ដំបូង​នេះដែរ ខេត្តសៀមរាប​បានដាក់​កីឡាករ​ឲ្យ​ចូលរួម​ចំនួន​១២​នាក់​, ក្រសួងមហាផ្ទៃ​៣​នាក់​, ខេត្តកំពង់ឆ្នាំង​៤​នាក់​, ខេត្តកំពត​៦​នាក់ និង​រាជធានី​ភ្នំពេញ​៧​នាក់​។ ប៉ុន្តែ​ប្រភេទ​កីឡា​ល្បុក្កតោ​មាន​ខេត្ត​-​រាជធានី និង​ក្រសួង​ចូលរួម​ទាំងអស់​ចំនួន​៥ និង​មាន​កីឡាករ​ជាង​៧០​នាក់​ចូលរួម​៕  




















Tag:
 កីឡា​ជាតិ​លើក​ទី​១
  ល្បុក្កតោ​
  ខេត្តសៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com