អន្តរជាតិ
រុស្ស៊ី​-​ជប៉ុន នឹង​ពង្រឹង​ចំណង​សេដ្ឋកិច្ច តែ​មិន​គ្រប់គ្រង​ដែន​ជម្លោះ​កោះ​គូ​រី​ល​រួមគ្នា​ទេ​
02, Nov 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ជប៉ុន កំពុង​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​និង​អ្នកវិនិយោគ​របស់ខ្លួន​ឲ្យ​សហការ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី​និង​ដាក់ទុន​វិនិយោគ​នៅ​រុស្ស៊ី​ផងដែរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រួមគ្នា​។ ជប៉ុន​ជឿថា ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នេះ​ជួយ ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការដោះស្រាយ​ជម្លោះ​ដែន​កោះ​រួមគ្នា​។ គេ​រំពឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​ប្រទេស​ជប៉ុន​ពាក់កណ្តាល​ខែធ្នូ​ខាងមុខ លោក និង​មេដឹកនាំ​ជប៉ុន​នឹង​ពិភាក្សា​ក៏ដូចជា​កំណត់​គម្រោង​វិនិយោគ​និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នេះ​ចុងក្រោយ​ជា​ផ្លូវការ​។ ប៉ុន្តែ ការដោះស្រាយ​ជម្លោះ​កោះ​ស្ថិតនៅ​លើផ្លូវ​វែងឆ្ងាយ ហើយ​រុស្ស៊ី​បានបញ្ជាក់​ហើយ «​ការដោះដូរ ឬ​ទិញ​ទឹកដី គ្មាន​ឡើយ​រវាង​ជប៉ុន​និង​រុស្ស៊ី​»​។ ហើយ​ការគ្រប់គ្រង​កោះ​រួមគ្នា​មិនមែនជា​អ្វីដែល​ភាគី​ចង់​ជ្រើស​យក​ឡើយ​។​



​រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ កំពុង​ញាប់ដៃ​ញាប់ជើង​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ឯកជន​ជប៉ុនឲ្យ​ចូលរួម​ក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​វិនិយោគ​ជាមួយ​​រុស្ស៊ី​។ ការ​ព​ន្លឿ​ន​គម្រោង​នេះ ធ្វើឡើង​មុនពេល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​ជប៉ុន​នៅ​ថ្ងៃ ១៥ ខែធ្នូ​ខាងមុខនេះ ហើយ​លោក ពូទីន និង​​លោក អា​បេ ត្រូវសម្រេច​ជា​ផ្លូវការ​។​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋ​បា​ភិ​បាល​ក្រុង​តូ​ក្យូ កំពុង​ប្រឹងប្រែង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ស្អិតល្មួត​ក្នុងនាម​ជា​អ្នកជិតខាង ហើយ​លោក​រំពឹងថា ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​រវាង​ភាគី​ទាំងពីរ​នឹង​ជួយ​ដល់​ការដោះស្រាយ​ជម្លោះ​ដែន​កោះ​គូ​រី​ល (Kurils) ដែលជា​ឧបសគ្គ​ធំ​រារាំង​ភាគី​ទាំងពីរ​មិន​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​ផងដែរ​។

១.​ទស្សនកិច្ច​លោក ពូ​ទីន ទៅ​ជប៉ុន​ខែធ្នូ បើក​ទំព័រ​ប្រវត្តិសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​
​ដូច​បាន​រៀបរាប់​ខាងលើ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងមាន​វត្ត​មាននៅ​ជប៉ុន​នៅក្នុង​ខែធ្នូ ហើយ​លោក​នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​ជប៉ុន​លើ​បញ្ហា​ជាច្រើន​ជាពិសេស ស​ម្រ​ច​គម្រោង​វិ​ន​យោគ​រួមគ្នា​តែម្តង​។​

​ខាង​ជប៉ុន រដ្ឋាភិបាល​លោក អា​បេ បន្ត​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​ចូលរួម​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ជាធម្មតា​វា​ជា​ជម្រើស​ពីព្រោះ​រាល់​គម្រោង​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រួមគ្នា​ត្រូវ​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ឯកជន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​កំពុង​ជ្រើសរើស​ក្រុមហ៊ុន​ដែល​ពេញចិត្ត​ដាក់ទុន​វិនិយោគ​នៅ​រុស្ស៊ី និង​ចាប់ដៃ ក្រុមហ៊ុន​រុស្ស៊ី​។

​យ៉ាងណាមិញ  ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​នៅ​បារម្ភ​ខ្លាំង​ពី​បរិស្ថាន​ក្នុង​ការធ្វើ​ជំនួញ​នៅ​រុស្ស៊ី ជាពិសេស​ហានិភ័យ​និង​ផលចំណេញ​ដែល​គេ​អាច​ទទួលបាន​ពេល​ដាក់ទុន​រកស៊ី​ជាមួយ​រុស្ស៊ី​។​ជាធម្មតា បើសិនជា​វា​មិន​ចំណេញ ទោះ​រដ្ឋាភិបាល​ដាក់​សម្ពាធ ឬ​បញ្ចុះបញ្ចូល​យ៉ាងណា ក៏​អ្នកវិនិយោគ​ទាំងនោះ​មិន​ព្រមទៅ​វិនិយោគ​ទេ​។ 

​មកទល់ពេលនេះ​គេ​មិនទាន់​អាច​ប្រកាស​បាន​នៅឡើយ​ទេ​ថា គម្រោង​ណាខ្លះ​នឹងត្រូវ​អនុវត្ត ឬ​មិនអាច​អនុវត្តបាន ព្រោះ​ភាគី​នៅ​បន្ត​ពិភាក្សា​និង​សិក្សា​នៅឡើយ​។ ប៉ុន្តែ​ថ្ងៃ ១៥ ធ្នូ គេ​នឹង​អាច​ឃើញ​លទ្ធផល​ជា​ផ្លូវការ​ហើយ​។​

​តាមពិតទៅ គម្រោង​វិនិយោគ​រួមគ្នា​នេះ​ផ្តោ​សំខាន់ លើក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ចំនួន​៨ ក្នុងនោះ​មាន​វិស័យ​ថាមពល​, បច្ចេកវិទ្យា​, ការអភិវឌ្ឍ​ឧស្សាហកម្ម​, ជំរុញ​ការនាំចេញ​ទំនិញ​ពី​តំបន់​ចុង​បូព៌ា​, និង​លើកស្ទួយ​ទំនាក់​ទំនាក់​និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន​។   វិស័យ​ចំនួន​៨​នេះ ត្រូវបាន​ស្នើឡើង​ពី​ដង​មក​ហើយដោយ​លោក អា​បេ​។ លើកទីមួយ ក្នុងជំនួប​ទ្វេភាគី​ជា​ផ្លូវការ លោក អា​បេ​និង​លោក ពូ​ទីន នៅ​ទីក្រុង Vladivostok នា​ខែកញ្ញា និង​លើ​ទី​ពីរ​លោក​ស្នើឡើង​ពេល​ជជែក​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី​នៅ​ទីក្រុង Sochi នៅ​ខែឧសភា​។ 

​សូមបញ្ជាក់​បន្តិច​ដែរ​ថា  ដើម្បី​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព  នាយករដ្ឋមន្ត្រី​ជប៉ុន​លោក អា​បេ បានសម្រេច​តែងតាំង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​លោក Hiroshige Seko ជា​អ្នកទទួលបន្ទុក​សម្រប​សម្រួល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី​។ ដែល​វា​បានន័យថា​មន្ត្រីជាន់ខ្ពស់​ម្នាក់នេះ​នឹងមាន​តួនាទី​សំខាន់​ក្នុងការ​ផ្សាភ្ជាប់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ជប៉ុន​និង​រុស្ស៊ី​ក្នុង​វិស័យ​ជាច្រើន​ដែរ​។

២. រុស្ស៊ី​មិន​ដោះដូរ​ឬ​លក់​ដី​ជាមួយ​ជប៉ុន​ឡើយ​
​អាច​ថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជ​ពិតជា​សំខាន់​និង​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ភាគី​ទាំងពីរ​ដោះស្រាយ​ជម្លោះ​កោះ​គូ​រី​ល ដែល​រារាំង​ភាគី​ទាំងពីរ​មិន​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយគ្នា​ជាង ៧​ទសវត្សរ៍​មក​នោះ​។ ប៉ុន្តែ​បើ​ជប៉ុន​យក​ប្រយោជន៍​សេដ្ឋកិច្ច ដើម្បី ចរចា​ទិញ ឬ​ជួញដូរ​ទឹកដី​ពី​រុស្ស៊ី​នោះ កុំ​សង្ឃឹមថា​អាចធ្វើ​បាន​ឲ្យ​សោះ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Bloomberg នៅ​ថ្ងៃទី ១ កញ្ញា​កន្លងទៅ  ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ​បញ្ជាក់​ច្បាស់  គ្មាន​ហេតុផល​ណា​ដែល​រុស្ស៊ី​ត្រូវ​ជួញដូរ​កោះ​ជម្លោះ គូ​រី​ល (Kurils) ជាមួយ​ជប៉ុន​ដើម្បី​ជា​ថ្នូរ​នឹង​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​និង​ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទេ​។

​លោក​បន្ត​ពន្យល់ថា​៖« យើង​មិនមែន​កំពុងនិយាយ​ពី​ការលក់​ឬ​ប្តូរ​ទឹកដី​ជម្លោះ​ឡើយ​។ តែ​យើង​កំពុងនិយាយ​ពី​ការស្វែងរក​ដំណោះស្រាយ​ដែល​ភាគី​ទទួលយកបាន​ដោយ​គ្មាន​អ្នកចាញ់​និង​អ្នកឈ្នះ​»​។​

​យ៉ាងណាមិញ​មេដឹកនាំ​រុស្ស៊ី​ម្នាក់នេះ​ក៏​យល់ឃើញថា ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​មិត្ត​ជិតខាង​ទាំងពីរ​ជា​រឿង​សំខាន់​។ ប៉ុន្តែ​ដូច​បានលើកឡើង​ខាងដើម​ស្រាប់​រុស្ស៊ី​មិន​ដោះដូរ ឬ​លក់​ទឹកដី​ខ្លួន​កាន់កាប់​ដែលជា​លទ្ធផល​ក្រោយ​សង្គ្រាមលោកលើកទីពីរ​នេះឡើយ​។ ហើយ​ម្យ៉ាង រឿង​កិច្ចព្រមព្រៀង​សន្តិភាព ជប៉ុន​ខ្លួនឯង​ទេ​ជា​បដិសេធ​អនុវត្ត​។​

​សូម​រម្លឹក​បន្តិច​ដែរ​ថា ក្រោយ​ចប់​សង្គ្រាមលោកលើកទី​២ ពេល​ជប៉ុន​ចាញ់​សង្គ្រាម នៅ​ឆ្នាំ ១៩៤៩ រុស្ស៊ី​បាន​ដណ្តើមយក​កោះ​ដែល​ជប៉ុន​កាន់កាប់ ដែល​នេះ​ជា​សម្អាង​មួយ​ថា​ខ្លួន​បាន​កាប់​កាន់​ជាក់ស្តែង​។  តែ​២​ឆ្នាំ​ក្រោយមក កិច្ចព្រមព្រៀង​សន្តិភាព San Francisco ត្រូវបាន​គេ​បង្កើតឡើង ហើយ​វា​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ជប៉ុន និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត ដោយ​ជប៉ុន​សម្រេច​បោះបង់​សិទ្ធិ​ទាមទារ​កាន់កាប់​លើ​កោះ គូ​រី​ល ។ តែ​យ៉ាងណា​សូ​វៀត​មិនបាន​ចូលរួម​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះឡើយ​។ ដូច្នេះហើយ​ទើប​ជប៉ុន​នៅ​រក្សា​អះអាងថា​កោះ​ទាំង​បួន​នៅតែ​ស្ថិតក្នុង​អធិបតេយ្យភាព​របស់ខ្លួន​ដដែល​។

​ក្រោយមក​នៅក្នុង​ឆ្នាំ​១៩៥៦ សូ​វៀត និង​ជប៉ុន​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដើម្បី​ស្តារឡើងវិញ​ទំនាក់ទំនង​ឡើងវិញ ដោយ​សូ​វៀត​យល់ព្រម​បោះបង់​កោះ​ពីរ គឺ​កោះ Shikotan និង​កោះ Habomai ទៅអោយ​ជប៉ុន​បន្ទាប់ពី​មានការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ជា​ផ្លូវការ​រួមគ្នា​។ តែ​យ៉ាងណា ក្រោយ​ម​រដ្ឋាភិបាល​ជប៉ុន នៅតែ​រក្សា​សិទ្ធិ​ទាមទារ​កោះ​ទាំង​បួន ហើយ​ជា​លទ្ធផល​គ្មាន​សន្ធិសញ្ញា​សន្តិភាព​ណាមួយ​ត្រូវបាន​ចុះ​ដោយ​ភាគី​ទាំងពីរ​ឡើយ​ចាប់តាំងពី​ពេលនោះ​មក​។ មកទល់ពេលនេះ ជប៉ុន​អះអាងថា បើ​យោងតាម​ច្បាប់​អន្តរជាតិ កោះ​ទាំង​បួន​ដែល​ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រជុំ​កោះ​គូ​រី​ល គឺជា​កោះ​ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យភាព​ជប៉ុន​។ ហើយ​ដោយសារតែ​សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​ប្រេង ឧស្ម័ន និង​ធនធាន​សមុទ្រ​ផ្សេង​ទៀតផង ទើបបានជា​គូភាគី​បន្ត​ទាមទារ​យក​រៀងៗ​ខ្លួន​។  ប៉ុន្តែ​រុស្ស៊ី​ចាប់ផ្តើម​ពង្រឹង​ទំនើបកម្ម​យោធា​នៅលើ​កោះ​ដើម្បី​ពង្រឹង​សិទ្ធិ​កាន់កាប់​របស់ខ្លួន​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​

៣.​ការគ្រប់គ្រង​កោះ​ជម្លោះ​រួមគ្នា​ជា​រឿង​មិនអាច​ទៅរួច​?
​កន្លងមក​សារព័ត៌មាន  Nikkei​របស់​ជប៉ុន បាន​ផ្សាយ​ថា ជប៉ុន និង​រុស្ស៊ី​អាច​នឹង​ចាប់ផ្តើម​កំណត់​គម្រោង​មួយ​ដើម្បី​បង្កើត​តំបន់​គ្រប់គ្រង​រដ្ឋបាល​រួមគ្នា​នៅលើ​កោះ​ជម្លោះ​។ សារព័ត៌មាន​នេះ​បាន​បញ្ជាក់ថា គម្រោង​នេះ​ត្រូវបាន​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ស្នើឡើង​ក្នុងពេល​លោក​ជួប​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ក្រុង Sochi កាលពី​ខែឧសភា​កន្លងមក​។

​ប៉ុន្តែ​របាយការណ៍​នេះ​ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន​ទាត់ចោល​។ ក្រសួងការបរទេស​ជ​ប៉ុន​អះអាងថា គ្មាន​ឡើយ​ការជជែក​ពិភាក្សាគ្នា​ស្តីពី​ការកំណត់​រដ្ឋបាល​គ្រប់គ្រង​រួមគ្នា​លើ​កោះ​ជម្លោះ​គូ​រី​ល (Kuril)​។ ក្រសួង​នេះ​បានបញ្ជាក់​ឡើងវិញ​ផងដែរ​ថា ជប៉ុន​មិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ឡើយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​។ ជប៉ុន​ចង់​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដោយ​កំណត់​សិទ្ធិ​កាន់កាប់​កោះ​ទាំង​បួន​នៅ​ប្រជុំ​កោះ​គូ​រី​ល​នេះ​ឲ្យ​បាន​ជាក់លាក់​តែម្តង​។ នេះ​មា​ន័យ​ថា ភាគី​ទាំងពីរ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​មួយ​តាមរយៈ​ការចរចា ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា តើ​កោះ​ណា​ជា​របស់​រុស្ស៊ី ហើយ​កោះ​ណា​ជា​របស់​ជប៉ុន​នោះ​។ ដូច្នេះ​ការកាន់កាប់​រួមគ្នា និង​អភិវឌ្ឍ​កោះ​ជម្លោះ​រួមគ្នា មិនមែនជា​អ្វីដែល​ជប៉ុន​ចង់បាន​ឡើយ​។

៤. ជប៉ុន​ហាម​អាមេរិក​ឈរជើង​នៅ​កោះ​ជម្លោះ បើសិន​រុស្ស៊ី​ចែក​កោះ​ខ្លះ​ដល់​ខ្លួន​
​ខណៈ​ការចរចា​នៅ​បន្ត​ទៅមុខ ហើយ​ដំណោះស្រាយ​ជាក់លាក់​មិនទាន់​ត្រូវបាន​ភាគី​កំណត់​នោះ របាយការណ៍​ខ្លះ​អះអាងថា  ជប៉ុន​អាច​សន្យា​ហាម​ទ័ព​អាមេរិក​ឈរជើង​នៅលើ​កោះ​ជម្លោះ​គូ​រី​ល បើសិនជា​រុស្ស៊ី​ព្រម​ប្រគល់​កោះ​ខ្លះ​ឲ្យ​ខ្លួន​។ ជប៉ុន​ជឿជាក់ថា ការសន្យា​បែបនេះ នឹង​ជំរុញ​ឲ្យ​រុស្ស៊ី​ព្រម​ប្រគល់​កោះ​ខ្លះ​ឲ្យ​ខ្លួន​ផងដែរ​។​

​ដូច​បានបញ្ជាក់​ខាងលើ សេចក្តីថ្លែងការណ៍​រួមមួយ ឆ្នាំ​១៩៥៦ រវាង​សូ​វៀត​និង​ជប៉ុន កំណត់​ប្រគល់​កោះ​ពីរ គឺ​កោះ Shikotan និង​កោះ Habomai ទៅអោយ​ជប៉ុន​។ ដូច្នេះ វា​ជា​ការពិត​ដែល រុស្ស៊ី​អាច​ពិចារណា​អនុវត្តតាម​សេចក្តីថ្លែងការណ៍​នេះ បើសិនជា​ការចរចា​ត្រូវរ៉ូវ​គ្នា​នោះ​។

​ប្រភព​ការទូត​មួយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ថា រុស្ស៊ី​ប្រហែល​បារម្ភ​ខ្លាំង​ថា យោធា​អាមេរិក​អាច​នឹងត្រូវ​បញ្ជូនទៅ​ឈរជើង​នៅលើ​កោះ​ជម្លោះ បើសិនជា​ជប៉ុន​បានទទួល​កោះ​នេះ ព្រោះថា​អនុលោម​តាម​សន្ធិសញ្ញា​សន្តិសុខ​រួម​រវាង​ជ​ប៉ុ​និង​អាមេរិក អនុញ្ញាត​ឲ្យ​អាមេរិក​ដាក់​ទ័ព​នៅ​ទីកន្លែង​ណា​ក៏បាន​ទូទាំងប្រទេស​ជប៉ុន​។​

​ប្រភព​ដដែល​បាន​បន្តថា រដ្ឋាភិបាល​ជប៉ុន​កំពុង​សិក្សា​ពី​គម្រោង​កែប្រែ​បទបញ្ញត្តិ​ដែលមាន​ចែង​ក្នុង​សន្ធិសញ្ញា​ដើម្បី​បញ្ចៀស​ការតាំង​ទ័ព​នៅ​កោះ​គូ​រី​ល ក្នុងករណី​ដែល​រុស្ស៊ី​ព្រម​ប្រគល់​កោះ​ឲ្យ​ខ្លួន​នោះ​។

​ប៉ុន្តែ​មកដល់​ថ្ងៃ ៣១ ខែតុលា​នេះ សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ជប៉ុន​បដិសេធ​ព័ត៌មាន​ដែលថា ខ្លួន​សិក្សា​ពី​គម្រោង​ហាមឃាត់​ទាហាន​អាមេរិក​ចូល​ឈរជើង​នៅលើ​កោះ​ជម្លោះ​គូ​រី​ល​នោះ​៕


Tag:
 ស៊ី​ហ្សូ អា​បេ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Kuril
© រក្សាសិទ្ធិដោយ thmeythmey.com