បទយកការណ៍ / បទសម្ភាសន៍
សា​តា ម៉ូ​រ៉ា​ត ចង់​ប្រើ​ជំនាញ​រៀន​នៅ​តួ​ក​គី​ជួយ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​
05, Nov 2016 , 10:19 pm        
រូបភាព
 
 
​សា​តា ម៉ូ​រ៉ា​ត គឺជា​និស្សិត​ខ្មែរ​ដ៏​កម្រ​ម្នាក់ ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​តួ​ក​គី នៅ​ប៉ែក​អឺរ៉ុប​។ ម៉ូ​រ៉ា​ត គឺជា​ខ្មែរឥស្លាម​ម្នាក់ ដែល​បាន​ចូលរៀន​នៅ​សាលា​ដែល​តឹងរឹង និង​មិន​ងាយ​មាន​សិស្ស​និស្សិត​ណា​ប្រឡង​ជាប់​ឡើយ​។ ជា​សិស្ស​ពូកែ​មួយរូប ម៉ូ​រ៉ា​ត កំពុង​សិក្សា​លើ​ជំនាញ​សុខភាព​សាធារណ ហើយ​គេ​មាន​ក្តី​ស្រ​ម៉ៃ​ថា ក្រោយ​បញ្ចប់​ការសិក្សា​នៅ​តួ​ក​គី គេ​នឹង​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​កម្ពុជា ដែល​ត្រូវគេ​មើលឃើញថា នៅមាន​ភាពទន់ខ្សោយ​នៅឡើយ​។​

 
​នៅ​ឆ្នាំ​២០១៤ សា​តា ម៉ូ​រ៉ា​ត ទទួលបាន​ដំណឹង​ល្អ ដោយ​គេ​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ពី​រាជរដ្ឋាភិបាល​ប្រទេស​តួ​ក​គី​។ ភ្លាមៗ ម៉ូ​រ៉ា​ត បាន​ចាក​ចេញទៅ​ទីក្រុង Ankara ដើម្បី​សិក្សា​លើ​ជំនាញ សុខភាព​សាធារណ ដែល​គេ​បានជ្រើសរើស និង​ជា​ជំនាញ​មួយ​ពិបាក​។ 
 
​មុនពេល​ជាប់​អាហារូបករណ៍​ពី​រដ្ឋាភិបាល​តួ​ក​គី ម៉ូ​រ៉ា​ត បាន​រម្លឹកថា គេ​ត្រូវ​ផ្ញើ​សញ្ញាបត្រ និង​ព្រឹត្តិប័ត្រ​ពិន្ទុ​ទៅ​ឲ្យ​ខាង​សាលា​ដែល​គេ​ស្នើ​អាហារូបករណ៍​មើល ក្រោយមក​ទើប​ខាង​សាលា​ជ្រើសរើស និង​ជួប​សម្ភាស​។ ម៉ូ​រ៉ា​ត បាន​ចូល​សម្ភាស​នៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ដែល​កាលនោះ តួ​ក​គី មិនទាន់មាន​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ឡើយ​។ មាន​សិស្ស​និស្សិត​កម្ពុជា​រាប់រយ​នាក់​ដែល​បានដាក់​ពាក្យសុំ​អាហារូបករណ៍ ហើយ​ចុងក្រោយ​មាន​និស្សិត​ខ្មែរ​តែ​១០​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រឡង​ជាប់ និង​ត្រូវ​ឡើងទៅ​យក​វី​សា​នៅ​ស្ថានទូត​តួ​ក​គី ប្រចាំ​ប្រទេស​ថៃ​។​
 
​សម្បុរ​ស្រអែម ភ្នែក​តឹងៗ​ដូច​កូនចៅ​ចិន មិន​សមជា​កូន​កសិករ​អ្នកស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ នៅ​ឆ្នាំនេះ ម៉ូ​រ៉ា​ត រៀន​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ Hacettepe ក្នុង​ទីក្រុង Ankara ប្រទេស​តួ​ក​គី​។ ម៉ូ​រ៉ា​ត ពន្យល់​ពី​ការរៀន​ជំនាញ​សុខភាព​សាធារណ​ថា​៖« ការងារ​នេះ ត្រូវ​ដើរ​ទន្ទឹមនឹង​គ្រូពេទ្យ​ដែរ តែ​គ្រូពេទ្យ ពេល​មាន​មនុស្ស​ឈឺ​ទើប​ព្យាបាល តែ​ជំនាញ​ដូច​ខ្ញុំ គឺ​រិះរក​ធ្វើយ៉ាងណា ទប់ស្កាត់​កុំ​ឲ្យ​មាន​ជំងឺ​កើតឡើង​»​។​
 
​ពេលទៅដល់​ប្រទេស​តួ​ក​គី​ភ្លាម ខាង​សាលា​តម្រូវ​ឲ្យ​និស្សិត​បរទេស​ទាំងអស់ រៀន​ភាសា​តួ​ក​គី​មួយឆ្នាំ​សិន ដើម្បី​ទទួលបាន​សញ្ញាបត្រ​កម្រិត​មួយ ផ្នែក​ភាសាជាតិ​។ ទោះជា​ជំនាញ​ដែល​ត្រូវ​ជ្រើសរើស ត្រូវ​រៀន​ជា​ភាសា​តួ​ក​គី ឫ​ភាសា​អង់គ្លេស​ក៏ដោយចុះ និស្សិត​បរទេស​ទាំងអស់ ត្រូវ​រៀន​ភាសា​តួ​ក​គី ទើប​អាច​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​ទី​នោះបាន​។ «​ភាសា​តួ​ក​គី ជា​ភាសា​មួយ​ពិបាក អ្នកណាៗ​ក៏​ទទួលស្គាល់ថា​វា​ពិបាក​មែន គឺ​វេយ្យាករណ៍​ខុស​ឆ្ងាយ​ពី​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់ ម៉ូ​រ៉ា​ត ដែល​អះអាងថា គេ​អាច​ប្រើប្រាស់​ភាសា​តួ​ក​គី បាន​កម្រិត​មួយ សម្រាប់​ប្រាស្រ័យ​ទាក់ទង​មិត្តភក្តិ​ក្នុង​ថ្នាក់​។​
 
​នៅ​ឆ្នាំនេះ ម៉ូ​រ៉ា​ត មាន​អាយុ​២០​ឆ្នាំ​ហើយ​។ ជា​កូន​ទី​៣ ក្នុង​គ្រួសារ​កសិករ​មួយ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ស្ថានីយ៍ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែលមាន​បងប្អូន​៤​នាក់ ម៉ូ​រ៉ា​ត បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ឫ​បាក់​ឌុប នៅ​ឆ្នាំ​២០១៣​។ ជា​សិស្ស​ពូកែ​ជាប់​និទ្ទេស​B  ម៉ូ​រ៉ា​ត បាន​បោះបង់​អាហារូបករណ៍​១០០%​នៅ​សាលា​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ហើយ​សម្រេចចិត្ត​ចូលរៀន​ជំនាញ​សំណង់​ស៊ីវិល ក្រោយ​ប្រឡង​ជាប់​នៅ​សាលា​តិច​ណូ​។ យ៉ាងណា នៅ​សាលា​តិច​ណូ ម៉ូ​រ៉ា​ត រៀន​បាន​ត្រឹម​មួយឆ្នាំ ហើយ​បោះបង់​ឳ​កាស​ជា​លើក​ទី​២​នៅ​សាលា​ក្នុងស្រុក និង​សម្រេច​តោង​យក​អាហា​រូ​ករ​ណ៍​ក្រៅប្រទេស​។​
 
​អតីត​សិស្ស​វិទ្យាល័យ ហ៊ុន សែន កណ្តៀង បាន​រៀបរាប់​ពី​ផល​លំបាក​ខ្លះៗ ពេលទៅដល់​តួ​ក​គី​ដំបូង​។ ទីមួយ​ទាក់ទង​នឹង​របប​អាហារ និង​ទី​ពីរ បញ្ហា​អាកាសធាតុ​។ អាហារ​នៅ​ប៉ែក​អឺរ៉ុប មិនសូវ​ប្រើ​គ្រឿង​ច្រើន​ដូច​ប៉ែក​អាស៊ី​នោះទេ ទើប​ធ្វើ​ឲ្យ ម៉ូ​រ៉ា​ត មិនសូវ​ទម្លាប់ ចំណែក​អាកាសធាតុ​នៅ​ទីក្រុង Ankara មាន​ភាព​ត្រជាក់​ខ្លាំង ពិសេស​ពេលព្រឹក​ព្រលឹម ដែល ម៉ូ​រ៉ា​ត​ត្រូវ​ក្រោក​ដើម្បី​ចេញទៅ​សាលា​។ ក្រៅពីនេះ ម៉ូ​រ៉ា​ត ត្រូវ​ចំណាយពេល​ជិះរទេះ​ភ្លើង​ក្រោម​ដី​ប្រហែល​១​ម៉ោង​ទើប​ដល់​សាលា ដែល​គេ​ច្រើន​សង់​នៅ​តំបន់ភ្នំ​។​
 
​នៅក្នុង​សាកលវិទ្យាល័យ​ដែល ម៉ូ​រ៉ា​ត​កំពុង​សិក្សា គឺមាន​និស្សិត​បរទេស​៤​នាក់​ប៉ុណ្ណោះ ក្នុងនោះ​មានមក​ពី​អាហ្វ្រិក អាស៊ី​កណ្តាល និង​កម្ពុជា​។ រដ្ឋាភិបាល​តួ​ក​គី បានផ្តល់​របប​អាហារ​សម្រាប់​សិស្ស​អាហារូបករណ៍​បាន​យ៉ាង​ល្អ ក្នុងនោះ​ក្រៅពី​កន្លែង​ស្នាក់នៅ ក្នុង​មួយខែ​ម៉ូ​រ៉ា​ត ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន ២៥០​ដុល្លារ ធានារ៉ាប់រង​សុខភាព​។​ល​។ ពី​រដ្ឋាភិបាល​តួ​ក​គី​ផងដែរ​។​
 
​ដោយសារ​ជា​ប្រធាន​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​តួ​ក​គី ម៉ូ​រ៉ា​ត បានដឹង​យ៉ាងច្បាស់​ពី​តួលេខ​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ទីនោះ​។ គិត​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​និស្សិត​ខ្មែរ​ចំនួន ១១៥​នាក់ (​មិនទាន់​គិត​ចំនួន​សិស្ស​ថ្មី​) ដែល​កំពុង​រៀន​ជំនាញ​ផ្សេងៗ​នៅ​តួ​ក​គី ក្នុងនោះ​មាន​ទាំង​សិក្សា​ផ្នែក​សាសនា (​ច្បាប់​សាសនា​ឥស្លាម​) និង​សិក្សា​សង្គម​ផ្សេងៗ​។​
 
​ម៉ូ​រ៉ា​ត បាន​បង្ហើប​ពី​ម​ហ្ឆិ​តា ដែល​បាន​លាក់​ក្នុង​ខ្លួន​ជា​យូរ​មកហើយ នោះ​គឺ​គេ​ចង់​ក្លាយជា​បុគ្គល​ម្នាក់ ដែល​អាចជួយ​សង្គម​បាន តាម​ជំនាញ​ដែល​គេ​បាន​រៀន​។ ម៉ូ​រ៉ា​ត ចង់​បម្រើ​ការងារ​ក្នុង​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​ដូច​ទៅនឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ដែរ និង​មិន​ចង់​ឮ​ពី​កង្វះខាត​លើ​សេវា​នេះ​បន្ត​ទៀតឡើយ​។ ម៉ូ​រ៉ា​ត ក៏មាន​បំណង​ចង់​ផ្សារភ្ជាប់​ការងារ​របស់ខ្លួន​ទៅនឹង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដើម្បី​ភាព​រីកចម្រើន​ដល់​វិស័យ​សុខាភិបាល​នេះដែរ​៕
 
 
 



Tag:
 និស្សិត​អាហារូបករណ៍​តួ​ក​គី​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com