ពីនេះ ពីនោះ
ធ្វើតែតាមថ្នាក់លើ មិនហៅថា ទីប្រឹក្សាស្មោះត្រង់ទេ
× ដកស្រង់ចេញពីសៀវភៅ ខុងជឺ ដែលប្រែសម្រួលដោយ លោកគឹម ចាន់ណា និងដែលបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books។
ជឺកុងពោលថា «បុត្រធ្វើតាមបិតា គឺកតញ្ញូ។ នាម៉ឺនប្រតិបត្តិតាមព្រះមហាក្សត្រ គឺមានសាមីភក្តិ។ នេះជារឿងដែលគ្មានអ្វីត្រូវឆ្ងល់ទៀតទេ»។
ខុងជឺ ជំទាស់ថា «គំនិតរបស់ឯងនៅរាក់ខ្លាំងណាស់។ ក្សត្រាធិរាជ ចាំបាច់ត្រូវមាននាម៉ឺនចាំប្រឆាំងជំទាស់៧នាក់ ទើបអាចទើបអាចចៀសវាងពីកំហុសឆ្គងបាន។ អធិរាជអ្នកមានរថចម្បាំងចំនួន ១០០០គ្រឿង ត្រូវមាននាម៉ឺនហ៊ានប្រឆាំង៥នាក់ ទើបប្រទេសជាតិអាចគេចផុតពីវិបត្តិបាន។ មេទ័ព អ្នកមានរថចម្បាំង១០០គ្រឿង ចាំបាច់ត្រូវមានពលទាហានស្និទ្ធស្នាល ហ៊ានជំទាស់៣នាក់ ទើបអាចរក្សាឋានន្តរស័ក្តិឲ្យគង់វង្សបាន។ បិតាត្រូវមានបុត្រហ៊ានជំទាស់ ទើបមិនប្រព្រឹត្តខុសក្រឹតក្រមច្បាប់ទម្លាប់។ អ្នកប្រយុទ្ធ ត្រូវមានមិត្តសម្លាញ់ហ៊ានថា ហ៊ានដាស់តឿន ទើបមិនហ៊ានប្រព្រឹត្តខុសគន្លងធម៌។ ហេតុដូច្នេះហើយ ទើបមានដំណាលតៗគ្នាថា ចេះតែធ្វើតាមបិតា គឺមិនមែនជាបុត្រកតញ្ញូអ្វីទេ។ ដឹងតែដើរតាមថ្នាក់លើ មិនហៅថាទីប្រឹក្សាស្មោះត្រង់ទេ»។
© រក្សាសិទ្ធិដោយ thmeythmey.com