អន្តរជាតិ
ឈានទៅ​ឈ្នះឆ្នោត លោ​ស្រី ហ៊ី​ឡា​រី ពឹង​លើ​ប្រជាប្រិយភាព​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​?
08, Nov 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាប្រិយភាព​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក អូ​បា​ម៉ា ស្ថិតនៅ​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន ក្នុងចំណោម​ប្រធានាធិបតី​ដែល​កាន់តំណែង​ពីរ​អាណត្តិ​ពោលគឺ​ខ្ពស់ជាង​ប្រ​ធានា​ធិ    ប​តី រ៉ូ​ណា​ល់ រី​ហ្កែ​ន (Ronald Reagan) កាល​ឆ្នាំ ១៩៨៨ ទៅទៀត​។ ប្រជាប្រិយភាព​ខ្ពស់​នេះ​ឥទ្ធិពល​ខ្លាំង​លើ អ្នកបោះឆ្នោត ហើយ​លោក អូ​បា​ម៉ា បន្ត​យុទ្ធនា​ការជួយ​ឃោសនា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន យ៉ាង​សស្រាក់សស្រាំ ខណៈ​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​ការបោះឆ្នោត​នឹង​មកដល់​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​របាយការណ៍​ស្ទង់​មតិ Gallup Survey បង្ហាញ ប្រជាប្រិយភាព​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​អាណត្តិ​ទី​២ កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រដូវ​កាល​ឃោសនាបោះឆ្នោត នេះ​។ ប្រជាប្រិយភាព​លោក កើនឡើង​រហូតដល់ ៥៦ ភាគរយ ឯណោះ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មកដល់ មួយថ្ងៃ​នោះ​។ គេ​វាយតម្លៃថា  លោក អូ​បា​ម៉ា ក៏មាន ឥទ្ធិពល​កាន់តែខ្លាំង​លើ​ការសម្រេចចិត្ត​របស់​ប្រជាជន​អាមេរិក ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​នឹងត្រូវ​បន្ត​តំណែង​លោក​នោះ​។ មកដល់​ថ្ងៃ​ចន្ទ​ទី ៧ ខែវិច្ឆិកា លោក អូ​បា​ម៉ា នៅ​បន្ត​ឃោសនា​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន យ៉ាង​សស្រាក់សស្រាំ ជាទីបំផុត ហើយ​លោក​បន្ត​បញ្ចុះបញ្ចូល​ឲ្យ​រាល់​អ្នកបោះឆ្នោត​អាមេរិក​ដែល​ស្រឡាញ់ និង​ជឿជាក់​លើ​លោក ទៅ​បោះឆ្នោត​រើស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជា​ប្រធានាធិបតី​ផងដែរ​។

១. ប្រជាប្រិយភាព​លោក អូ​បា​ម៉ា ខ្ពស់ជាង​ប្រជាប្រិយភាព​លោក រូ​ណា​ល់ រី​ហ្កែ​ន​?
​យោងតាម​សារព័ត៌មាន Telegraph ប្រជាប្រិយភាព លោក បា​រ៉ា​ក់ អូ​បា​ម៉ា កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុងចំណោម​ប្រធានាធិបតី​អាមេរិក​ដែល​កាន់តំណែង​ពីរ​អាណត្តិ​។ បើ​ផ្អែក​តាម​ទិន្នន័យ​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា មាន​ប្រជាប្រិយភាព​ខ្ពស់ជាង​ប្រជាប្រិយភាព​របស់​ប្រធានាធិបតី រ៉ូ​ណា​ល់ រី​ហ្កែ​ន កាលពី​ឆ្នាំ ១៩៨៨ នោះ​។

​ស្ថិតនៅ​កម្រិត ៥៦ ភាគរយ ប្រជាប្រិយភាព​លោក អូ​បា​ម៉ា កើនឡើង​រហូតដល់ ១២ ភាគរយ​ឯណោះ​ចាប់តាំងពី​ខែមិថុនា ពោលគឺ​នៅពេលដែល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ចាប់​ផ្តើមដំបូង​នោះ​។​

 ប៉ុន្តែ ទោះជា​យ៉ាងណាក៏ដោយ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ  ប្រជាប្រិយភាព​លោក អូ​បា​ម៉ា នាពេល​បច្ចុប្បន្ន​នៅតែ​ទាប​ជាង​កាលពី​ឆ្នាំ ២០០៩ នៅពេលដែល​លោក​ឡើងកាន់​អំណាច​ក្នុង​អាណត្តិ​ទី ១ ព្រោះ​ប្រជាប្រិយភាព​លោក​កាលនោះ​មិន​ទាប​ជាង ៦០​ភាគរយ​ឡើយ​។​

​ប៉ុន្តែ​គេ​នៅតែ​មើលឃើញថា វា​ជា​រឿង​កម្រ ព្រោះ​ជារួម​ឲ្យ​តែ​ប្រធានាធិបតី​ដែល​កាន់តំណែង​ពីរ​អាណត្តិ ប្រជាប្រិយភាព​ពួកគេ​ច្រើនតែ​ធ្លាក់ចុះ​ខ្លាំង​នៅ​អាណត្តិ​ចុងក្រោយ​។ 

២.​លោក អូ​បា​ម៉ា យក​ប្រជាប្រិយភាព​មកជួយ​ឃោសនា​លោកស្រី ហ៊ី​ឡា​រី ទឹក​បង្ហើយ​
​ឧទាហរណ៍ បើ​លោក អូ​បា​ម៉ា អាច​ឈរឈ្មោះ​បាន​ម្តងទៀត លោក ដូ​ណា​ល់ ត្រាំ ប្រហែលជា​ត្រូវ​ចាញ់ឆ្នោត​តាំង​ពីមុន​ប្រកួត​ក៏​ថា​បាន​។ តែ​សម្រាប់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន វា​ជា​រឿង​ផ្សេងទៀត​។ ប៉ុន្តែ​ប្រជាប្រិយភាព​ខ្ពស់​របស់លោក អូ​បា​ម៉ា នេះ​បាន​ហុច​ផល​ដល់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែលជា​បេក្ខជន​រួបរឹត​ដោយ​រឿងអាស្រូវ​នេះដែរ​។​

​ខណៈ​នៅសល់​ប៉ុន្មាន​ម៉ោង​ទៀត ការបោះឆ្នោត​ចូលមក​ដល់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បន្ត​ខ្នះខ្នែង​ជួយ​ឃោសនា​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មិន​ឈប់ឈរ​។ លោក​រំពឹងថា ប្រជាជន​អាមេរិក​ដែល​ស្រឡាញ់ និង​ជឿជាក់​លើ​លោក​នាំគ្នា​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដែរ​។​

​ក្នុងការ​ឃោសនា​នៅ Michigan លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានស្នើ​ឲ្យ​អ្នកបោះឆ្នោត​ទាំងអស់​ជួយ​ធ្វើ​រឿង​មួយ​សម្រាប់​លោក​គឺ​បោះឆ្នោត​ជូន​អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​នៅ​ថ្ងៃ​អង្គារ​។ 

​លោក​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​អ្នកបោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដូច​ពេល​អ្នកបោះឆ្នោត​ឲ្យ​ខ្ញុំ​នោះ​។ អ្នក​មានឱកាស​ទាត់ចោល​នយោបាយ​បំបែក​បាក់​, រើសអើង​និង​នាំ​យើង​ត្រឡប់ក្រោយ​។ ហើយក៏​មានឱកាស​រើស​ប្រធានាធិបតី​ស្ត្រី​ដំបូង​បំផុត​របស់​សហរដ្ឋអាមេរិក​ដែរ​»​។

​ពេលទៅដល់​រដ្ឋ New Hampshire លោក អូ​បា​ម៉ា ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាជន​បោះឆ្នោត​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដែរ​។ លោក​បញ្ជាក់ថា ទោះបីជា​លោក​មិន​ស្ថិតនៅលើ​សន្លឹកឆ្នោត​ក៏ដោយ សមិទ្ធផល​ដែល​លោក​សម្រេចបាន​ក្នុង​រយៈពេល ៨ ឆ្នាំ​និង​មរតក​នយោបាយ​ផ្សេងទៀត​នោះ សុទ្ធតែ​ស្ថិតនៅលើ​សន្លឹកឆ្នោត​ទាំងអស់​៕


© រក្សាសិទ្ធិដោយ thmeythmey.com