អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​បា​ម៉ា និង​ត្រាំ​អង្គុយ​ពិភាក្សាគ្នា​រឿង​«​ផ្ទេរអំណាច​» បន្ទាប់ពី​លាប​ពណ៌​គ្នា​ពេល​ឃោសនា​
11, Nov 2016 , 11:24 am        
រូបភាព
រូបភាព៖ The Star
រូបភាព៖ The Star
 
​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ វិច្ឆិកា ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជួប​ជាមួយ​ប្រ​ធានា​ធិ​ប​តិ​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដោយផ្ទាល់​ដើម្បី​ជជែក​ពី​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​។ ក្រៅ​រឿង​ផ្ទេរអំណាច ប្រធានបទ​ជាច្រើន​មាន​ទាំង​គោលនយោបាយ​ក្នុងស្រុក​និង​នយោបាយ​ក្រៅប្រទេស​នោះ​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុង​ការិយាល័យ​ពងក្រពើ​ (Oval Office) ផងដែរ​។​មន្ត្រី​សេត​វិមាន អះអាងថា ជំនួប​ទ្វេភាគី​លើកដំបូង​រវាង​មេដឹកនាំ​ទាំងពីរ​នេះ​ធ្វើឡើង​យ៉ាង​ល្អ និង​រលូន​បំផុត​។
 


«​លោក ដូ​ណា​ល់ ត្រាំ មិន​ស័ក្តិសម​កាន់តំណែង​ប្រធានាធិបតី​ទេ​»​។ នេះ​ជា​អ្វីដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា តែង​លើកឡើង​ក្នុងពេលដែល​លោក​ជួយ​ឃោសនាបោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​ពេលដែល​លោក​ឆ្លើយតប​ទៅកាន់​អ្នកកាសែត​មុន​បោះឆ្នោត​។ 
 
​ចំណែក​លោក ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ​ក៏​មិន​ណ​យ​ដែរ​។ លោក​ចំណាយពេល​យ៉ាងច្រើន​ទិតៀន​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឥតមាន​សំចៃមាត់​ឡើយ​។ លោក​ហ៊ាន​រហូតដល់​ចោទ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនមែន​កើត​នៅ​អាមេរិក​និង ជា​អ្នកបង្កើត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ថែមទៀត​ផង​។​
 
​ប៉ុន្តែ​គ្រប់យ៉ាង​ប្រែប្រួល ក្រោយ​លទ្ធផល​បោះឆ្នោត​ថ្ងៃ ៨ វិច្ឆិកា បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​។ អ្នក​ទាំងពីរ​ត្រូវ​ចាប់ដៃគ្នា និង​អង្គុយ​ជជែក​គ្នា​ក្នុងនាម​ជា​ប្រធានាធិបតី ដែល​ម្នាក់​ត្រៀម​ចេញ​និង​ម្នាក់​ត្រៀម​ចូលកាន់​តំណែង​ថែមទៀត​។ 
 
​ក្រោយ​ដឹងថា លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ភ្លាម លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទូរ​សព្ទ​ទៅ​សាទរ​និង​អញ្ជើញលោក ដូ​ណា​ល់ ត្រាំ មក​ពិភាក្សាគ្នា​ពី​ការផ្ទេរអំណាច​នៅ​ការិយាល័យ​ពងក្រពើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ វិច្ឆិកា​។  
 
១.​ជំនួប​លើ​ដំបូង​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ប្រសើរ​បំផុត​
​លោក អូ​បា​ម៉ា ចំណាយពេល​វេលា​រហូត​ដល់ ៩០ នាទី​ដើម្បី​ជជែក​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដោយ​លោក​ត្រូវ​និយាយ​រឿង​ផ្ទេរអំណាច​ផង និង​បញ្ហា​គោលនយោបាយ​អាមេរិក​ផង មុនពេល​លោក ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​។  
 
​ទោះបី វា​ជំនួប​លើកដំបូង​រវាង​អ្នក​ទាំង​ពីរ ក្រោយ​លោក ដូ​ណា​ល់ ត្រាំ​ជាប់ឆ្នោត​ក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​សម្តី​មន្ត្រី​សេត​វិមាន​ថា ជំនួប​ទ្វេភាគី​នេះ​ធ្វើឡើង​យ៉ាង​រលូន​និង​ល្អ​បំផុត​ផងដែរ​។ 
​ក្នុងជំនួប​នោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​ចំពោះមុខ​លោក ដូ​ណា​ល់ ត្រាំ ថា​៖​​« វា​ជា​រឿង​សំខាន់​សម្រាប់​យើង​គ្រប់គ្នា ដែល​ត្រូវ​សាមគ្គី​គ្នា និង​ធ្វើការ​រួមគ្នា ក៏ដូចជា​ដោះស្រាយ​បញ្ហា​ដែល​យើងទាំងអស់គ្នា​ប្រឈម ទោះជា​យើង​មាន​និន្នាការ​នយោបាយ​បែបណា ឬ​មកពី​បក្ស​ណាក៏ដោយ​»​។​
 
​លោក​បាន​បន្ត​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ ថា រដ្ឋបាល​របស់លោក​នឹងធ្វើ​គ្រប់យ៉ាង​ដែល​អាចជួយ​ឲ្យ​លោក​ដូ​ណា​ល់ ត្រាំ ទទួលជោគជ័យ​ក្នុងការ​ដឹកនាំ​ប្រទេស​ព្រោះ​អាមេរិក​នឹង​ជោគជ័យ​ដែរ​។​
 
២. ដូ​ណា​ល់ ត្រាំ ហៅ អូ​បា​ម៉ា​ថា​ជា​«​បុរស​ល្អ »
ក្រោយ​លោក អូ​បា​ម៉ា និយាយ​ចប់ លោក ដូ​ណា​ល់ ត្រាំ​ចាប់​ផ្តើមនិយាយ​ម្តង​។ លោក ដូ​ណា​ល់ ត្រាំ ខុសប្លែក​ពី​សព្វមួយដង ដោយ​លោក ស្ងៀមស្ងាត់​ជាង​មុន ហើយ​លោក​បាន​ហៅ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា​ជា​បុរស​ល្អ​ម្នាក់ទៀត​។​
 
​លោក​ថ្លែងថា​៖« លោក​ប្រធានាធិបតី វា​ជា​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ​ដែល​បាន​ជជែក​ជាមួយ​លោក​។ លោក​ជា​បុរស​ម្នាក់​ដ៏​ល្អ​»​។​
 
​ពេល​លោក ដូ​ណា​ល់​ត្រាំ ថ្លែង​ចប់ អ្នក​ទាំង​ពីរបាន​ចាប់ដៃគ្នា ហើយ​លោក អូ​បា​ម៉ា ប្រាប់​លោក​ដូ​ណា​ល់ ត្រាំ កុំ​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន​ឲ្យ​សោះ​។ អាច​ថា អ្នក​ទាំងពីរ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ដើម្បី​ផ្ទេរ​និង​ទទួល​តំណែង​ដើម្បី​ដឹកនាំ​ប្រទេស​បន្ត​នៅ​ថ្ងៃ ២០ មករា​ឆ្នាំ ២០១៧​។ 
 
​ប៉ុន្តែ ទោះជា​មានការ​ទទួលស្គាល់​ពី​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក៏ដោយ គេ​ឃើញ​មាន​ចលនា​បាតុកម្ម​ប្រឆាំង​អនាគត​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែរ​។ វា​កើតឡើង​កើតឡើង​នៅ​ទីក្រុង​ជាច្រើន​ទូទាំង​សហរដ្ឋអាមេរិក រួមទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​។ ពួកគេ​កាន់​បដា​ដែល​សរសេរថា លោក ដូ​ណា​ល់ ត្រាំ មិនមែនជា​ប្រធានាធិបតី​របស់​អាមេរិក​ឡើយ​។ 
 
៣.​លោក អូ​បា​ម៉ា រៀបរាប់​ពី​បញ្ហា​ជាច្រើន​រួមទាំង​វិបត្តិ​ពិភពលោក​ប្រាប់ ដូ​ណា​ល់ ត្រាំ​
​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា មន្ត្រី​សេត​វិមាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លៀតឱកាស​រៀបរាប់​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ ពី​បញ្ហា​ជាច្រើន​ដែលមាន​ទាំង​បញ្ហានយោបាយ​ក្នុងស្រុក​និង​បញ្ហា​ពិភពលោក​។ បញ្ហា​សុខាភិបាល​, សេដ្ឋកិច្ច​, ការងារ ពាណិជ្ជកម្ម​និង​សន្តិសុខ​អន្តរជាតិ​សុទ្ធតែជា​ប្រធានបទ​ដែល​លោក អូ​បា​ម៉ា លើកឡើង​។ 
 
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ ក៏​រៀបរាប់​សង្ខេប​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ប្រទេស អាល្លឺម៉ង់​,​ក្រិ​ក និង​ប្រទេស​ប៉េ​រូ​ផងដែរ​។ ការរៀបរាប់​ប្រាប់​ពី​បញ្ហា​នេះ ជាការ​ត្រៀមលក្ខណៈ​មួយ ដើម្បី​ជួយ​ឲ្យ​ប្រធានាធិបតី​ថ្មី​យល់ដឹង​ពី​កិច្ចការ​ទាំងអស់ មុន​ស្បថ​ចូលកាន់​តំណែង​នោះ​៕

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com