អន្តរជាតិ
លោកស្រី Michelle ប្រាប់​ភរិយា ដូ​ណា​ល់ ត្រាំ ពីបទ​ពិសោធន៍​ចិញ្ចឹម​កូន​នៅ​សេត​វិមាន​
11, Nov 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី Michelle Obama បានទទួល​ស្វាគមន៍​អនាគត​ស្ត្រី​ទីមួយ Melania Trump ផងដែរ​នៅ​សេត​វិមាន​ថ្ងៃ ១០​វិច្ឆិកា​។ លោកស្រី Michelle បាន​ចែករម្លែក​បទពិសោធន៍​មួយចំនួន​ពាក់ព័ន្ធ​ការចិញ្ចឹម​កូន​នៅ​សេត​វិមាន​ផងដែរ​ឲ្យ​ភរិយា​លោក ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ​មិនមាន​ការជជែក​គ្នា​ពី​រឿង លួច​ចម្លង​បទ​សុន្ទរកថា​។​



​ខណៈ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជួបពិភាក្សា​ជាមួយ​អនាគត​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ នៅ​ការិយាល័យ​ពងក្រពើ (Oval Office) ស្ត្រី​ទីមួយ លោកស្រី Michelle Obama បាន​ចំណាយពេល​ជជែក​ពិភាក្សា​ជាមួយ​ភរិយា​លោក ដូ​ណា​ល់ ត្រាំ លោកស្រី Melania Trump ដែល​នឹង​ក្លាយជា​អនាគត​ស្ត្រី​ទីមួយ​នោះ​។

​យោងតាម​សារព័ត៌មាន CNN ស្ត្រី​ទាំង​ពីររូប​បាន​អង្គុយ​ពិសា​តែ និង​ជជែក​គ្នា​ក្នុង​ទឹកមុខ​រីករាយ តែ​គេ​ដឹងថា វា​ជា​ជំនួប​ដំបូង​ដែលមាន​លក្ខណៈ​ទើសទាល់​បន្តិច​ព្រោះ​អ្នក​ទាំងពីរ​មានរឿង​ច្រើន​ពាក់ព័ន្ធ​គ្នា​កន្លងមក​ជាពិសេស​រឿង​ការចម្លង​សុន្ទរកថា​នោះ​។​

​ប៉ុន្តែ អ្នកនាំពាក្យ​សេត​វិមាន Josh Earnest បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន ស្ត្រី​ទីមួយ និង​អនាគត​ស្ត្រី​ទីមួយ បាន​ជជែក​គ្នាច្រើន​ពី​ការចិញ្ចឹម​កូន​ក្នុង​សេត​វិមាន ព្រោះ​លោកស្រី Melania Trump មានកូន​ប្រុស​តូច​មួយ​អាយុ ១០​ឆ្នាំ ដែល​គេ​នឹងត្រូវ​ស្នាក់នៅ​ក្នុង​សេត​វិមាន​ចាប់ពី​ខែមករា​។

​លោកស្រី ប្រហែលជា​បាន​សុំ​ចែករម្លែក​បទពិសោធន៍​ពី​លោកស្រី Michelle Obama ព្រោះ​លោកស្រី​មានកូន​ស្រី​តូចៗ​ពីរ​នាក់​ពេល​លោកស្រី​មក​រស់នៅ​សេត​វិមាន​នៅ​ឆ្នាំ ២០០៨​។ ក្នុងពេលដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឈ្នះឆ្នោត​និង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី កូនស្រី​ច្បង​របស់លោក Malia Obama មាន​វ័យ ១០​ឆ្នាំ ហើយ​កូនពៅ​របស់លោក Sasha Obama មាន​វ័យ ៧​ឆ្នាំ​។​

 យ៉ាងណា​ក៏ដោយចុះ រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ លោកស្រី Michelle និង Melania មិន​និយាយ​រឿង​ការលួចចម្លង​សុន្ទរកថា​ឡើយ​។ វា​ជា​រឿង​មួយ​គួរ​ឲ្យ​អាម៉ាស​សម្រាប់​ភរិយា​លោក​ដូ​ណា​ល់ ត្រាំ ព្រោះ​សុន្ទរកថា​ដែល​លោកស្រី​យកទៅ​ប្រើប្រាស់​ក្នុង​ខែកក្កដា​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ស្រដៀង​សុន្ទរកថា​របស់លោក​ស្រី Michelle ផង​។ គ្រួសារ​លោក ដូ​ណា​ល់ ត្រាំ មិនបាន​សូម​អភ័យទោស​ចំពោះ​ការលួចចម្លង​នេះ​ទេ តែ​បាន​បន្ទោស​អ្នក​ដែល​សរសេរ សុន្ទរកថា​ឲ្យ​លោកស្រី Melania  ជា​សាធារណ​កន្លងមក​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com