ពីនេះ ពីនោះ
តើ​ពាក្យ​«​សន្ធិសញ្ញា​» មាន​អត្ថន័យ​បែបណា​?
13, Nov 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ​ថា «​សន្ធិសញ្ញា​» នៅក្នុង​សទ្ទានុក្រម វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​ដូចខាងក្រោម​៖


 
​ពាក្យ​«​សន្ធិសញ្ញា​» មានន័យថា កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​ធ្វើឡើង​រវាង​រដ្ឋ​និង​រដ្ឋ នៅក្នុង​ទម្រង់​ជា​លាយលក្ខណ៍អក្សរ ហើយ​ស្ថិតនៅក្រោម​ច្បាប់​អន្តរជាតិ​។ វា​ជា​កិច្ចព្រមព្រៀង​រវាង​ភាគី​ពីរ​ឬ​ច្រើន ដែលជា​ប្រធាន​នៃ​នីតិ​អន្តរជាតិ​សំដៅ​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​ខាង​ផ្លូវច្បាប់ និង​ស្ថិតនៅ​ក្រៅច្បាប់​អន្តរជាតិ​។ សន្ធិសញ្ញា​ត្រូវធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​ពី​ភាគី​ទាំងអស់ ដែល​ក្នុងនេះ សន្ធិសញ្ញា​អាច​ត្រូវបាន​ចាត់ទុកជា​កិច្ចសន្យា​គតិយុត្តិ ដែលមាន​អានុភាព​អនុវត្តតាម​ផ្លូវច្បាប់​ជា​លក្ខណៈ​បង្ខំ ចំពោះ​គ្រប់ភាគី​ទាំង​អស់ហើយ ដែលមាន​ភាពខុសប្លែក​ពី​សេចក្ដីប្រកាស​ធម្មតា​។ 
 
​ឧទាហរណ៍​៖ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​វែក​សៃ ឆ្នាំ​១៩១៩ គឺជា​សន្ធិសញ្ញា​មួយ​ដែល​បានបញ្ចប់​សង្គ្រាមលោកលើកទី​១ (១៩១៤-១៩១៨) ជា​ផ្លូវការ​។ សន្ធិសញ្ញា​នេះ​បាន​បង្កើត​សង្គម​ប្រជាជាតិ​ដែល​បានកំណត់​ពី​សិទ្ធិ​កាតព្វកិច្ច​របស់​មហាអំណាច​ដែល​ឈ្នះ​និង​ចាញ់​សង្គ្រាម និង​បាន​បង្កើត​ប្រព័ន្ធ​ចាប់បង្ខំ​មួយ ដែល​តាមរយៈ​នេះ ប្រជាជាតិ​រីកចម្រើន​ទទួលបាន​ការគ្រប់គ្រង​ស្របច្បាប់​ទៅលើ​ប្រជាជន​ដែល​ស្ថិតនៅក្រោម​អាណានិគម​របស់ខ្លួន​៕
 
​ដកស្រង់​ពី​សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​

Tag:
 ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com