ពីនេះ ពីនោះ
មន្ត្រី​ល្អ​អាចធ្វើ​ឲ្យ​មានច្បាប់​ល្អ ប៉ុន្តែ​ច្បាប់​ល្អ មិន​ប្រាកដថា​អាចធ្វើ​ឲ្យ​មាន​មន្ត្រី​ល្អ​ឡើយ​
13, Nov 2016 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សង្គម​មាន​ប្រព័ន្ធ​ច្បាប់ គ្រប់គ្រង ដែល​ធានាបាន​យុត្តិធម៌ គឺជា​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់ៗ​រូប​។ ចំណែក​បច្ចុប្បន្ននេះ មានការ​រិះគន់ថា​ច្បាប់​នៅក្នុង​ប្រទេស មិនល្អ អ្នកខ្លះ​ថា​ល្អ​ហើយ នៅ​ខ្វះ​តែ​ការអនុវត្ត​ជាក់ស្ដែង ដែល​មិនទាន់បាន​គ្រប់​ជ្រុងជ្រោយ​។ តែ​ទោះជា​យ៉ាងណា សង្គម​មួយ​មានច្បាប់​ល្អ​ប៉ុណ្ណា​ក៏ដោយ ក៏​មិន​ប្រាកដថា មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ទាំងអស់​គឺជា​បុគ្គល​ល្អ ត្រឹមត្រូវ​នោះដែរ​។


​ការអះអាង​ផ្សេងៗ​គ្នា​ទៅលើ​ច្បាប់​ប្រទេស គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ឈានទៅរក​ការកែប្រែ​ចំណុច​ខ្វះ​ខាត់​របស់​ច្បាប់ ដើម្បី​ឲ្យ​មាន​គ្រប់​លក្ខខណ្ឌ ដែល​ធានាបាន​ភាពត្រឹមត្រូវ​ក្នុងការ​អនុវត្ត​។ យ៉ាងណា​ក្នុងស្ថានភាព​ជាក់ស្ដែងរ​បស់​ប្រទេស គេ​អាច​និយាយបានថា ច្បាប់​គ្រប់គ្រង​សង្គម​បច្ចុប្បន្ន កំពុង​ឈានទៅដល់​ដំណាក់កាល​មួយ​ដែល​ល្អប្រសើ​ហើយ​។ ទោះបី​មានច្បាប់​ត្រូវ​ខ្លះ ខុស​ខ្លះ ប៉ុន្តែ​អាចយ​កមក​ធ្វើការ​អនុវត្តបាន​។​
 
​ដ្បិតថា គ្មាន​អ្នកណា​អាច​យល់ច្បាស់​ពី​ច្បាប់​ក្រៅពី​អ្នកធ្វើការ​ពាក់ព័ន្ធ ប៉ុន្តែ​គេ​អាច​ដឹងថា ច្បាប់​មួយ​ដែល​ល្អ​គឺ​អាស្រ័យទៅលើ​ប្រសិទ្ធភាព​នៃ​ការប្រតិបត្តិ​ជាក់ស្ដែង ថា​បានផ្ដល់​យុត្ដិធម៌​បាន​កម្រិតណា​។ បន្ថែម​ពី​នោះ​គឺ​អាស្រ័យ​ទៅ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ផ្ទាល់​តែម្ដង​។ ព្រោះ​ប្រសិនបើជា​មន្ត្រី​អាក្រក់ ទោះ​ច្បាប់​ល្អ ក៏​ប្រសិទ្ធ​ផល អាចមាន​បញ្ហា​ស​ម្អៀ​ង​ជាមិនខាន​។ 
 
​ដោយឡែក ទោះបី​រដ្ឋ​បង្កើត​ច្បាប់​បានល្អ​កម្រិត​ណាក៏ដោយ ប្រសិនបើ​សមត្ថភាព​របស់​ស្ថាប័ន សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ ឥរិយាបថ​អ្នកអនុវត្ត​ច្បាប់ ទង្វើ​មន្ត្រី​អនុវត្ត​ច្បាប់ មិនបាន​ចាត់ទុក​យុត្តិធម៌​ជា​កត្តា​ចម្បង ក៏​មិនអាច​ឲ្យ​គេ​មើលឃើញថា ជា​ច្បាប់​ល្អ​បានដែរ​។  ច្បាប់ គឺ​វា​គ្រាន់តែ​ជា​សំណង​ឃ្លា ដែល​គេ​តាក់តែង​ឡើងលើ​ក្រដាស់ អាច​អាន អាច​សរសេរ អាចនិយាយបាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។ ប៉ុន្តែ​ការអាន ការសរសេរ ការនិយាយ​ទាំងនោះ​មិនបាន​បញ្ជាក់​ពី​ចំណុចខ្លាំង​របស់​ច្បាប់​ទេ​។​
 
​ហេតុនេះ ការព្យាយាម​គិតពិចារណា អំពី​ប្រសិទ្ធភាព​នៃ​ការប្រតិបត្តិ និង​ការកែប្រែ​សមត្ថភាព​ស្ថាប័ន មធ្យោបាយ​អនុវត្ត​ច្បាប់ សមត្ថភាព​មន្ត្រី ឆន្ទៈ​ស្នេហា​យុត្តិធម៌ មនសិការ​ឯករាជ្យរ​បស់​មន្ត្រី គឺជា​កត្ដា​សំខាន់​បន្ទាប់​ដើម្បី​បញ្ជាក់ថា ច្បាប់​នោះ​គឺ​ពិតជា​ល្អ​ពិតប្រាកដ​មែន​។ ច្បាប់​ល្អ​ត្រូវការ​មន្ត្រី​ល្អ​អនុវត្ត​ទើប​ធានាបាន​យុត្តិធម៌​។ ដោយឡែក​មន្ត្រី​មិនល្អ​មក​អនុវត្ត​ច្បាប់​ល្អ គឺ​មិន​ប្រាកដថា អាច​ទទួលបាន​យុត្តិធម៌​នោះទេ​។ ហេតុនេះហើយ មន្ត្រី​ល្អ​អាចធ្វើ​ឲ្យ​មានច្បាប់​ល្អ ប៉ុន្តែ​ច្បាប់​ល្អ មិន​ប្រាកដថា​អាចធ្វើ​ឲ្យ​មាន​មន្ត្រី​ល្អ​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com