ជាតិ
លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​៖ សន្តិសុខ​បុណ្យអុំទូក​ថ្ងៃទី​១ មិនមាន​បញ្ហា​ធំ​គួរ​ឲ្យ​កត់សម្គាល់​
14, Nov 2016 , 11:33 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ការការពារ​សន្តិសុខ សុវត្ថិភាព របស់​ប្រជាពលរដ្ឋនៅក្នុង​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​១​ឆ្នាំនេះ មិនមាន​ហេតុការណ៍​ធំដុំ​កើតឡើង គួរ​ឲ្យ​កត់សម្គាល់​នោះទេ ទោះបី​មាន​ករណី​ចោរឆក់​កើតឡើង​តិចតួច​ក៏ដោយ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។ បើតាម អ្នកនាំពាក្យ​រូបនេះ ករណី​ចោ​ឆក់ កើតឡើង​តែ​៣​ករណី​ប៉ុណ្ណោះ ក្នុង​បុណ្យអុំទូក​ថ្ងៃទី​១ ។



​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅក្នុង​ថ្ងៃទី​១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​រាជធានី​ភ្នំពេញ កើតមាន​ករណី​ចោរឆក់​កាបូប និង​ទូរស័ព្ទ​ចំនួន ៣​ករណី ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ស្មើ​២​ករណី​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រូបនេះ លើកឡើងថា ពិធីបុណ្យ​អុំទូក​ថ្ងៃទី​១​នេះ ប្រព្រឹត្តទៅ​បានល្អ ព្រោះ​មានការ​រៀបចំ​ទុកជាមុន​លើ​ផ្នែក​សន្តិសុខ និង​ការយល់ដឹង​របស់​ពល​រដ្ឋ​។ «​យើង​គិតគូរ រៀបចំ​មុន​បានល្អ ហើយ​យើង​ផ្សព្វផ្សាយ​ទៅធ្វើ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្នប្រយែង និង​ចូលរួម ដូច្នេះ​ធ្វើ​ឲ្យ​ដំណើរការ​បានល្អ​»​។ នេះ​ជាការ​ជា​បញ្ជាក់​របស់ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អះអាងថា កម្លាំង​នគរបាល​ប្ដេជ្ញា​ការពារ​សន្តិសុខ​ក្នុងអំឡុង​ពិធីបុណ្យ​អុំទូក​ទាំងបី​ថ្ងៃ​ឲ្យ​បានល្អ​បំផុត​។ លោក​ប្រាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា សន្តិសុខ​នឹងមិន​មាន​បញ្ហា​អ្វី​ចោទ​ទេ​។ ទោះយ៉ាងណា យើង​ប្ដេជ្ញាចិត្ត​ការពារ​ឲ្យ​ខាងតែបាន​»៕


Tag:
 ​អុំទូក​
 ​ សន្តិសុខ​
 ​ គៀត ច័ន្ទ​ថា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com