អន្តរជាតិ
ឥណ្ឌា​ប្រារព្ធ​ពិធីបុណ្យ​ប្រណាំងទូក​សត្វ​ពស់​
14, Nov 2016 , 6:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិធី​ប្រ​ណាំ​ទូក​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពិធីបុណ្យ​ប្រពៃណី​ធំ​បំផុត​មួយ​ដែរ​នៅ​ប្រទេស​ឥណ្ឌា​។ ពិធីបុណ្យ​នេះ​ត្រូវគេ​រៀបចំឡើង​រៀងរាល់ឆ្នាំ​នៅក្នុង​រដ្ឋ Kerala​។ ប្រជាជន​ក្នុង​តំបន់​អះអាងថា ពិធីបុណ្យ​ប្រណាំងទូក​នេះ​បង្ហាញ​ពី​ប្រពៃណី​ចំណាស់​និង​សម្ព័ន្ធភាព​រវាង​ប្រជាជន​ក្នុង​សហគមន៍​ជាមួយនិង​ទឹក​ផងដែរ​។​



​កម្មវិធី​បុណ្យ​ប្រណាំងទូក​នៅ​រដ្ឋ Kerala ជា​ពិធីបុណ្យ​សាសនា​និង​ប្រពៃណី​មួយ​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​ឥណ្ឌា​។ ពិធីបុណ្យ​នេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា «Vallom Kallies» ហើយ​វា​ស្រដៀង​គ្នា​នឹង​បុណ្យអុំទូក​នៅ​បណ្តា​ប្រទេស​ជាច្រើន​នៅ​អាស៊ី​ដូចជា​ចិន កម្ពុជា​, មី​យ៉ាន់​ម៉ា ជាដើម​ដែរ​។ ពិធីបុណ្យ​នេះ​ត្រូវគេ​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ​តែម្តង​។​

​យោងតាម​សារព័ត៌មាន BBC ត្រូវ​ប្រារព្ធ​ឡើង​នៅក្នុង​រដូវ​ច្រូតកាត់ ហើយ​វា​មាន​ប្រវត្តិ​យូរអង្វែង​មកហើយ​ពោលគឺ​តាំងពី​សតវត្ស​ទី ១៤ មកម្ល៉េះ​។ ប្រជាជន​នៅក្នុង​តំបន់​នៅតែ​បន្ត​រក្សា​ប្រពៃណី​អុំទូក​ប្រណាំង​នេះ​រហូតមកដល់​បច្ចុប្បន្ន ហើយ​ពិធី​នេះ​ត្រូវបាន​គេ​រៀបចំ​នៅ​តំបន់​ផ្សេងៗ​គ្នា​ទូទាំង​រដ្ឋ​ទាំងមូល​។​



​សហគមន៍​ប្រជាជន​ដែល​រស់នៅ​រដ្ឋ Kerala ច្រើន​រៀបចំ​ទូក​ដែលមាន​រូបរាង​សត្វ​ពស់​ដើម្បី​ប្រណាំង​គ្នា​។ ក្នុងពេល​ប្រណាំង មនុស្ស​ប្រុស​រាប់រយ​នាក់​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ ហើយ​ទូក​យ៉ាងហោចណាស់ ៥០ ដែលមាន​រូបរាង​ខុសគ្នា​និង​មាន​ទំហំ​ធំ​តូច​គ្រប់​ចំណុះ​ចូលរួម​ក្នុង​សកម្មភាព​ប្រណាំង​នេះដែរ​។

​ជារួម សម្រាប់​ប្រជាជន​នៅក្នុង​តំបន់ ការប្រណាំង​ទូក​នេះ ជា​បុណ្យប្រពៃណី​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ស្មារតី​ក្រុម ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន វប្បធម៌​និង​ប្រពៃណី​នៃ​មនុស្សជាតិ ក៏ដូចជា​សម្ព័ន្ធភាពរ​វាង​ទឹក​និង​មនុស្ស​ក្នុង​សហគមន៍​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com