ជាតិ
ក្រសួងបរិស្ថាន រៀបចំ​កម្មវិធី​ប្រកួត​រូបថត​«​សម្រស់​ធម្មជាតិ និង​បរិស្ថាន​»
14, Nov 2016 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន នឹង​រៀបចំ​កម្មវិធី​ប្រកួត​រូបថត ក្រោម​ប្រធានបទ «​សម្រស់​ធម្មជាតិ និង​បរិស្ថាន​» ។ កម្មវិធី​នេះ ជា​កម្មវិធី​ដែល​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត និង​លើកកម្ពស់​បរិស្ថាន​ល្អ​របស់​ប្រទេស​កម្ពុជា ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ០៧ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​។​



​ការប្រកួត​នេះ រៀបចំឡើង​ក្នុង​គោលបំណង  លើកកម្ពស់​ការអប់រំ​ផ្សព្វផ្សាយ តាមរយៈ​សកម្មភាព ប្រកួតប្រជែង និង​ពិ​ព័រ​ណ៌​រូបភាព ទាក់ទង​នឹង​បរិស្ថាន​បៃតង ជុំវិញខ្លួន​ប្រចាំថ្ងៃ​នៅក្នុង​តំបន់​ទៅ​ទីក្រុង ជាពិសេស ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ចូលចិត្ត​ថតរូប និង​យុវវ័យ ចូលរួមចំណែក​ផ្សព្វផ្សាយ​បរិស្ថាន​តាមរយៈ​ការចែករំលែក​រូបភាព ដែល​បង្កប់​នូវ​សារ​អប់រំ​ទាក់ទង​នឹង​បរិស្ថាន​។ ម្យ៉ាងទៀត​ជំរុញ និង​លើកទឹកចិត្ត ដល់​វិស័យ​ឯកជន​ក្នុងស្រុក ឲ្យ​បាន​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន និង​ទទួលខុសត្រូវ ទាក់ទង​នឹង​វិស័យ​បរិស្ថាន នៅ​ក្របខណ្ឌ​ការងារ​ឯកជន​។​

​លក្ខខណ្ឌ​នៃ​ការចូលរួម​ប្រកួត បេក្ខជន​ត្រូវមាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ដល់​៥០​ឆ្នាំ ជា​ជនជាតិខ្មែរ និង​បរទេស​។ ចំពោះ​រូបភាព​ទាំងអស់ ជា​ប្រភេទ JPG ដែលមាន​ទំហំ​ចាប់ពី ៥ ដល់ ៨​មេ​ហ្កា​ប៉ៃ រីឯ​រូបថត​ដែល​ដាក់​ចូលរួម​ប្រកួត អាច​កែសម្រួល​លើ​រូបភាព​ដើម បានតែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ រូបថត​ទាំងអស់​ត្រូវជា​ស្នាដៃ​ផ្ទាល់ខ្លួន ហើយ​ជា​រូបថត​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ ។ បន្ថែម​លើ​នេះ រូបថត​ដែល​ចូលរួម​មិនត្រូវ​ថត​ចេញពី​កាមេរ៉ា​ទូរស័ព្ទ GoPro ឬ Drone និង​មិន​អនុញ្ញាត​ឲ្យ​បង្ហាញ  Logo ឬ water mark នោះទេ ហើយ​រូបថត​ដែល​ដាក់​ប្រកួត កម្មវិធី​សូម​សិទ្ធិ​ប្រើប្រាស់​ជា​ផលប្រយោជន៍​កម្មវិធី និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​សូមបញ្ជាក់ថា បើ​បេក្ខជន​ណា​មាន​ចំណាប់អារម្មណ៍​អាច ផ្ញើ​ស្នាដៃ​រូបថត​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ លេខ​ទូរ​សព្ទ និង​ការពណ៌នា​រូបថត​ដោយ​ខ្លី តាម​លេខ​ទូរស័ព្ទ ០៩៦ ៥៥៧ ៧៧៧៧ និង​តាម​អ៊ី​ម៉ែ​ល [email protected]​។​



​បេក្ខជន​ចួ​ល​រួម​ដែល​ជាប់​ជ័យលាភី​លេខ​១  នឹង​ទទួលបាន​រង្វាន់ Camera Canon 6D Body ១​គ្រឿង​, ជ័យលាភី​លេខ​២ ទទួលបាន​រង្វាន់ Camera Canon 80D Body ១​គ្រឿង និង​ជ័យលាភី​លេខ​៣ ទទួលបាន​រង្វាន់ Camera Canon 70D Body ១​គ្រឿង​។ សម្រាប់​ជ័យលាភី​ទាំងអស់​នឹង​ទទួលបាន​លិខិតបញ្ជាក់​ចំណាត់ថ្នាក់ ពី​ក្រសួងបរិស្ថាន​៕


Tag:
 បរិស្ថាន​
  ​រូបថត​
© រក្សាសិទ្ធិដោយ thmeythmey.com