ជាតិ
បញ្ហា​រាប់សែន​ករណី កំពុង​កើតឡើង ខណៈ​ការចុះឈ្មោះ​បោះឆ្នោត កាន់តែ​ជិត​បញ្ចប់​ ​
15, Nov 2016 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​មិនតិចជាង​២​សែន​ករណី​ទេ ដែល​គ​.​ជ​.​ប កំពុង​ជួបប្រទះ ក្នុង​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត កន្លងមកនេះ​។ អ្នកជំនាញ​ខាង​ការបោះឆ្នោត​នៅ​កម្ពុជា ចាប់ផ្តើម​ព្រួយបារម្ភ​កាន់តែខ្លាំង ចំពោះ​បញ្ហា​ទាំងនោះ ខណៈ​កាលបរិច្ឆេទ​នៃ​ការបិទបញ្ជី​ចុះឈ្មោះ​បោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។ តែ​គ​.​ជ​.​ប អះអាងថា នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនោះ ឲ្យ​ទាន់ពេលវេលា​។​


​បើ​ផ្នែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​បាន​ចុះផ្សាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន បញ្ហា​ជាច្រើន ដែលមាន​រហូត​ជាង​២​សែន​ករណី បានកើត​ឡើង ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ បញ្ហា​ទាំងអស់នេះ បានកើត​ឡើង ខណៈ​ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។

បញ្ហា​ទាំងនោះ មានដូចជា កំហុស​ផ្នែក​ទិន្នន័យ​ជាង​២​សែន​ករណី​, កំហុស​ក្នុងការ​កំណត់​ទីតាំង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ជិត​៤​រយ​ករណី និង​ឈ្មោះ​ស្ទួន​របស់​អ្នក​ចុះឈ្មោះ​បោះឆ្នោត ជិត​២​ម៉ឺន​ករណី​។ ក្រៅពី​បញ្ហា​ខាងលើ គ​.​ជ​.​ប ក៏​នៅ​ជួប​បញ្ហា​ផ្សេងៗ​ទៀត​ដែរ ដូចជា កង្វះ​ធនធានមនុស្ស​, ការខូចខាត​សម្ភារ​បច្ចេកទេស​ក្នុងអំឡុង​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង​ភាពយឺតយ៉ាវ ក្នុងការ​បញ្ជូន​ទិន្នន័យ​ពី​ឃុំ​-​សង្កាត់ ទៅកាន់ គ​.​ជ​.​ប ជាដើម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​របស់​គ​.​ជ​.​ប​។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​និក​ហ្វិ​ក លោក សម សុគន្ធា​មី ដែលជា​អ្នកឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា  បាន​លើកឡើងថា បញ្ហា​ខាងលើ អាចធ្វើ​ឲ្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត មិនមាន «​គុណភាព​»​។ លោក​ពន្យល់ថា បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​គ្មាន​គុណភាព គឺជា​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​មិនមាន​ភាព​សុក្រឹត ហើយ​ប្រជាពលរដ្ឋ​ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត នឹង​បាត់បង់​ទំនុកចិត្ត ដោយសារតែ​ភាពមិនប្រក្រតី​ទាំងនោះ​។

លោក សម សុគន្ធា​មី អះអាងថា ប្រសិនបើ គ​.​ជ​.​ប មិនអាច​ដោះស្រាយ​បញ្ហា​ទាំងនោះ ឲ្យ​បាន​ទាន់ពេលវេលា​ទេ ការបោះឆ្នោត​នាពេលខាងមុខ ក៏​អាចមាន​បញ្ហា​ដែរ​។  លោក បន្តថា ប្រជាពលរដ្ឋ អាច​នឹង​តវ៉ា​ក្នុងអំឡុង​នៃ​ការបោះឆ្នោត ឬក៏​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត ដោយសារតែ​ពួកគេ មិន​ទុកចិត្ត​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត តែម្តង​។​

អ្នកជំនាញ​ខាង​បោះឆ្នោត​រូបនេះ​សង្កត់ធ្ងន់ៗ​ថា​៖«​បញ្ជី​ឈ្មោះ​ថ្មី​ហ្នឹង អាច​នឹង​ជួប​បញ្ហា បើគ​.​ជ​.​ប ដោះស្រាយ​មិនទាន់​។ បើ​បញ្ជី​ឈ្មោះ​បោះឆ្នោត មាន​បញ្ហា​ច្រើន ឬ​គ្មាន​គុណភាព ការបោះឆ្នោត ក៏​អាចមាន​បញ្ហា​ដែរ​។ នេះ ជា​រឿង​ដែល​ខ្ញុំ​ព្រួយបារម្ភ ខ្លាំង​មែនទែន​»​។

លោក  សម សុគន្ធា​មី បានបង្ហាញ​ពី​កត្តា​ធំៗ​មួយចំនួន ដែល​បណ្តាល​ឲ្យ​គ​.​ជ​.​ប ជួប​បញ្ហា​យ៉ាងច្រើន​បែបនេះ​។ លោក រៀបរាប់​លម្អិត​ថា បញ្ហា​ចម្បង គឺ​ដោយសារតែ គ​.​ជ​.​ប មាន​ពេលវេលា​ខ្លី​ពេក ក្នុងការ​រៀបចំ​ដំណើការ​ចុះឈ្មោះ​បោះ​ឆោ្ន​ត​។ លោក បញ្ជាក់ថា មុន​ការចុះឈ្មោះ​បោះឆ្នោត មកដល់ គ​.​ជ​.​ប មាន​ពេលវេលា​តិចតួច​ប៉ុណ្ណោះ ក្នុងការ​បណ្តុះបណ្តាល​ម​ន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​។

ជាងនេះទៀត ប្រទេស​ដែលមាន​ជា​ម្ចាស់ជំនួយ ក៏មាន​ភាពយឺតយ៉ាវ ក្នុងការ​ផ្តល់​ឧបករណ៍​បច្ចេកទេស ទៅកាន់​គ​.​ជ​.​ប ថែមទៀត​។ នេះ​ជាការ​បន្ថែម​របស់លោក សម សុគន្ធា​មី ដដែល ហើយ​បន្ទាប់មក លោក​ក៏​បន្តថា កង្វះ​ធនធានមនុស្ស ក៏​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​គ​.​ជ​.​ប ជួប​ការលំបាក​ផងដែរ​។

ប្រធាន​អង្គការ ដែល​ជំនាញ​ខាង​ការបោះឆ្នោត​រូបនេះ  យល់ឃើញថា ការចុះឈ្មោះ​បោះឆ្នោត​លើក​នេះ គឺធ្វើឡើង​តាម​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ ដែលជា​ប្រព័ន្ធ​បែប​ទំនើប ដូច្នេះ ត្រូវ​ទាមទារ​ឲ្យ​គ​.​ជ​.​ប មាន​អ្នកជំនាញ និង​គ្រឿង​បច្ចេកទេស រួមទាំង​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​បណ្តុះបណ្តាល​ដ​ល់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​។

ផ្ទុយ​ពី​លោក សម សុគន្ធា​មី លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ហាក់ដូចជា​ជឿជាក់​លើគ​.​ជ​.​ប ថ្មី ថា​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​ខាងលើ ទាន់ពេលវេលា មុន​ការចុះឈ្មោះ​បោះឆ្នោត ត្រូវបាន​បញ្ចប់​។ លោក សង្កត់ធ្ងន់ថា វា ជា​ចំណុច​វិជ្ជមាន​មួយ ដែល​គ​.​ជ​.​ប អាច​ដឹង​គ្រប់​ជ្រុងជ្រោយ ចំពោះ​បញ្ហា​ទាំងឡាយ​។  

លោក គល់ បញ្ញា បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​យល់ថា មិនមាន​បញ្ហា​អ្វី​ទេ​។ បញ្ហា​ច្រើន​មែន តែ​គ​.​ជ​.​ប អាច​ក្តាប់បាន ហើយ​អាច​ដឹងថា មាន​បញ្ហា​ប៉ុន្មាន​កើតឡើង​។ អ៊ីចឹង​ខ្ញុំ​ជឿថា គាត់ (​គ​.​ជ​.​ប​) អាច​ដោះស្រាយបាន​»​។

ចំណែកឯ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប អះអាងថា រាល់​បញ្ហា​ទាំងនោះ មិនអាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ទាំងមូល​បានទេ​។ លោក ប្រាប់ថា គ​.​ជ​.​ប កំពុងតែ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ទាំងនោះ ជា​បន្តបន្ទាប់​។​

អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប រូបនេះ បន្តទៀតថា គ​.​ជ​.​ប នៅតែ​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ឲ្យ​បាន​ជោគជ័យ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​មិនមាន​បញ្ហា​អ្វី​ទេ ហើយគ​.​ជ​.​ប ក៏​មិន​ព្រួយបារម្ភ​ដែរ​។ ទោះបីជា​បញ្ហា​ច្រើន​មែន តែ​យើង​អាច​ក្តាប់បាន​ទាំងអស់ ហើយនឹង​ព្យាយាម​ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​»​។​

សូមបញ្ជាក់​បន្តិច​ថា ការចុះឈ្មោះ​បោះឆ្នោត បាន​ដំណើរការ​មក តាំងពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦​មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ជាង​៧​លាន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​៕


Tag:
 គជប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com