ពីនេះ ពីនោះ
យុវជន៖ «ស្នេហាជាតិ» ភាសានិយាយច្រើនជាងប្រតិបត្តិជាក់ស្ដែងដើម្បី «ជាតិ»
× ភ្នំពេញ៖ មនុស្សស្ទើគ្រប់គ្នាតែងតែអះអាងថា«ខ្លួនស្នេហាជាតិ» ស្រឡាញ់ជាតិ ចង់ជួយជាតិណាស់។ ចំណុចនេះ ក្នុងសង្គមបច្ចុប្បន្ន មានសំឡេងចេញពីយុវជនស្នងឫស្សីច្រើនដែលបាននិយាយប្រចាំថ្ងៃ ទាំងនៅក្នុងទីសាធារណៈ សាលា វេទិកាសាធារណៈ សិក្ខាសាលានានាទាក់ទងបញ្ហាសង្គម និងរូបភាពជាច្រើនផ្សេងទៀត។
ជាតិមួយ គឺត្រូវមានលក្ខណៈរួមមួយចំនួនដូចជា ទឹកដី ប្រជាជន អធិបតេយ្យភាព ស្ថាប័នគ្រប់គ្រងរដ្ឋ(រដ្ឋាភិបាល) មានសេដ្ឋកិច្ច មាននយោបាយ និងវប្បធម៌ អរិយធម៌ជាដើម។ល។ ក្នុងន័យបែបនេះ ជនដែលស្នេហាជាតិ មិនមែនគ្រាន់តែបានបង្ហាញជាសកម្មភាពថាខ្លួនជាមនុស្សស្នេហាជាតិនោះទេ ប៉ុន្តែទាំងខួរក្បាល របស់គេគឺត្រូវប្រកបដោយ សុឆន្ទៈ ដើម្បីជាតិ បុព្វេហេតុជាតិ ដែលស្ដែងឡើងតាមរយៈសមត្ថភាព គុណធម៌ និងមនសិការក្នុងនាមជាមនុស្ស។ ផ្ទុយមកវិញបើសកម្មភាពនាំឲ្យជាតិលិចលង់ អសកម្មភាពពុំអាចហៅថា អ្នកស្នេហាជាតិបានទេ។
ហេតុនេះ បុគ្គលម្នាក់ដែលចាត់ទុកថាស្នេហាជាតិ គួរណាស់មានលក្ខណៈសម្បត្តិជាបុគ្គលដែលហ៊ានលះបង់ផ្នែកណាមួយក្នុងជីវិតរបស់ខ្លួនដើម្បីជាតិ ប្រយោជន៍ជាតិ ប្រជាជនទូទៅ។ បន្ថែមពីនេះគឺជាបុគ្គលដែលមានសីលធម៌ខ្ពស់ស្រឡាញ់កេរ្តិ៍ឈ្មោះ, កិត្តិយស, និងសេចក្ដីថ្លៃថ្នូរជាជាងទ្រព្យសម្បត្តិរបស់ខ្លួន, មានវិចារណញ្ញាណគ្រប់គ្រាន់ក្នុងការគិតវិនិច្ឆ័យពីបញ្ហាជាតិ។
ចំណែកការងារផ្សេងៗទៀតគឺ មិនបំផ្លាញជាតិឯង ហើយដាក់ជាតិខ្លួនឯងឲ្យនៅក្រោមអាណានិគម, សុខចិត្តស្លាប់ខ្លួន ដោយមិនព្រមឲ្យជាតិ និងប្រជាជន ស្ថិតក្រោមអំណាចជាតិសាសន៍ដទៃ។ តើអ្នកអះអាងថាស្នេហាជាតិ យល់ថាខ្លួនបានត្រៀមខ្លួនធ្វើកិច្ចការនេះទេ? ឬមួយគ្រាន់តែនិយាយ?
បន្ថែមពីនេះ គឺប្រឹងប្រែងធ្វើឲ្យខ្លួនឯងក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គម ទោះបីមិនបានធ្វើកិច្ចដែលមានប្រយោជន៍ធំធេង ប៉ុន្តែឲ្យតែតាំងចិត្តថា ខ្លួនត្រូវតែចូលរួមក្នុងផ្នែកណា ហើយបំពេញឲ្យបានល្អ នោះគឺជាជនមានប្រយោជន៍សម្រាប់ជាតិហើយ។ វាគឺជារឿងដែលគួរឲ្យខ្មាស់ខ្លួនឯងណាស់ នៅពេលដែលមនុស្សម្នាក់ស្រែកថា ខ្ញុំស្នេហាជាតិ ខ្ញុំចង់ជួយជាតិ ទាំងខ្លួនឯងមិនបានខិតខំជួយខ្លួនឯងឲ្យក្លាយជាមនុស្សដែលមានប្រយោជន៍ជាមុន។
ជារួមទៅស្នេហាជាតិ អ្នកណាក៏អាចនិយាយបានដែរ ប៉ុន្តែអ្វីដែលសំខាន់គឺការប្រតិបត្តិជាក់ស្ដែង និងគោលការណ៍ផ្ទាល់របស់បុគ្គលម្នាក់ៗ ថាតើអាចអនុវត្តនបានកម្រិតណា? នោះទើបជារឿងដែលសំខាន់។ ព្រោះថា ជាតិមួយមិនដើរទៅចោលបុគ្គលគ្រប់គ្នានោះទេ ប៉ុន្តែមានតែបុគ្គលទេដែលទៅចោលជាតិ។ ជាតិអាចចាំសម្ដីបុគ្គលនិយាយជានិច្ចប៉ុន្តែបុគ្គលទេដែលភ្លេចសម្ដីខ្លួនឯង។ ជាតិ ចាំមើលការសន្យារបស់បុគ្គលជានិច្ច ប៉ុន្តែបុគ្គលទេ ដែលសន្យាហើយមិនព្រមធ្វើ៕
© រក្សាសិទ្ធិដោយ thmeythmey.com