ជាតិ
កុមារ​កម្ពុជា​ភាគច្រើន បារម្ភ​ពី​សុវត្ថិភាព​ពួកគេ​នៅ​សាលារៀន​
16, Nov 2016 , 10:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
​កុមារ​នៅ​កម្ពុជា ៣ នាក់  ក្នុងចំណោម​៤​នាក់ បារម្ភ​ពី​សុវត្ថិភាព​ពួកគេ​នៅ​សាលារៀន​។ យោងតាម​លទ្ធផល​នៃ​ការអង្កេត​ជាស​កល​ថ្មី​មួយ​របស់​ក្រុម​អង្គការ​ជំនួយ​អន្តរជាតិ​ឆាល់​ហ្វា​ន កុមារ​កម្ពុជា បាន​ឲ្យ​និយមន័យ​ថា សុវត្ថិភាព​នៅ​សាលារៀន គឺជា​កន្លែង​ដែល​មិនមាន​ហានិភ័យ​នៃ​ការរំលោភបំពាន​ផ្លូវកាយ ផ្លូវចិត្ត ឬ​អំពើហិង្សា​។​



​យោងតាម​របាយការណ៍​អង្កេត​ប្រចាំឆ្នាំ​លើក​ទី​៧ ដែលមាន​ឈ្មោះថា «​សំឡេង​តូច សុបិន​ធំ​»  របស់​អង្គការ ChildFund កុមារ​៧៦​ភាគរយ ក្នុងចំណោម​១០០​ភាគរយ  និយាយថា​សាលារៀន​ពួកគេ​មាន​សុវត្ថិភាព​តែ​ពេលខ្លះ​ប៉ុណ្ណោះ ខណៈ​១៩​ភាគរយ​ទៀត​និយាយថា​សាលារៀន​ពួកគេ​តែងតែមាន​សុវត្ថិភាព​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ChildFund នៅ​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំនេះ​មាន​កុមារ​ច្រើនជាង​៦​ពាន់​នាក់ អាយុ​ពី ១០ ដល់ ១២ ឆ្នាំ ក្នុងប្រទេស​ចំនួន​៤១ បាន​ចូលរួម​ការអង្កេត និង​បានបង្ហាញ​ពី​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​រវាង​កុមារ​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍ ក្នុង​តំបន់​ផ្សេងៗ​នៃ​ពិភពលោក​។  ពួកគេ បានកំណត់​និយមន័យ​ផ្សេងៗ​គ្នា អំពី​សុវត្ថិភាព​ក្នុង​សាលារៀន​។ នៅ​កម្ពុជា កុមារ​៧៤​ភាគរយ និយាយថា​សាលារៀន​ដែលមាន​សុវត្ថិភាព ជា​កន្លែង​ដែល​មិនមាន​ហានិភ័យ​នៃ​ការរំលោភបំពាន​ផ្លូវកាយ ផ្លូវចិត្ត ឬ​អំពើហិង្សា​។ កុមារី ស៊ីណា អាយុ​១០​ឆ្នាំ និយាយថា​៖«​សាលា​ដែលមាន​សុវត្ថិ​ភាពជា​សាលា​ដែល​មិន​មានការ​វាយតប់​គ្នា​»​។ បន្ថែម​ពីនេះ កុមារ​៤៥​ភាគរយ​នៅ​កម្ពុជា និង ៣០ ភាគរយ​នៃ​កុមារ​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី  រៀបរាប់ថា សាលារៀន​មាន​សុវត្ថិភាព គឺមាន​អគារសិក្សា និង​បរិស្ថាន​ស្អាត​។ 

​របាយការណ៍​នេះ  ក៏បាន​បង្ហាញ​ពី​ទស្សនៈ របស់​កុមារ​ពី​ការអប់រំ និង​សុវត្ថិភាព​សាលារៀន​ផងដែរ​។ កុមារ​កម្ពុជា ៩០​ភាគរយ និយាយថា​ដោយសារ​ការអប់រំ​ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ការងារ​ធ្វើ​ល្អ​នៅពេល​ធំ​ពេញ វ័យ​។  កុមារី ស្រ​ណាត អាយុ​១១​ឆ្នាំ និយាយថា​៖«​ព្រោះ​ពេល​មានចំណេះ ខ្ញុំ​អាច​រកបាន​ការងារ​ថ្លៃថ្នូរ និង​ជួយ​ឪពុកម្តាយ​ខ្ញុំ​»​។​

​លោក ប្រា​ស្សាន វើ​ម៉ា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា និយាយថា​ទោះបី​រស់នៅ​កន្លែង​ណាក៏ដោយ ក៏​កុមារ​មើលឃើញ​ពី​តម្លៃ​អប់រំ​ដូចគ្នា ប៉ុន្តែ​មិនអាច​មើលរំលង ចំពោះ​ការ​សិទ្ធិ​រៀនសូត្រ​របស់​ពួកគេ ក្នុង​បរិយាកាស​សុវត្ថិភាព និង​ភាពកក់ក្តៅ​។

​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា មិន​ត្រឹមតែ​កំណត់​អាទិភាព​ទៅលើ​ការទទួលបាន​ការអប់រំ​របស់​កុមារ​គ្រប់រូប (​កុមារី កុមារ​ពិការ និង​កុមារ​ជនជាតិដើម​ភាគតិច​) ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើការ​ជា​ដៃគូ​ជាមួយ​អង្គការ​ខេ​ប ដើម្បី​កែលម្អ​គុណភាព​អប់រំ​នៅតាម​តំបន់​ជនបទ​ផងដែរ​។ លោក វើ​ម៉ា បន្តថា​៖«​នៅ​តំបន់​ជនបទ​តម្រូវ​ការកែលម្អ និង​ជួលជុល​អគារសិក្សា និង​ទំនើបកម្ម​វិធីសាស្ត្រ​បង្រៀន មាន​តម្រូវការ​ខ្ពស់​»​។

​លោក វើ​ម៉ា បន្ត​បញ្ជាក់ថា លទ្ធផល​នៃ​ការអង្កេត​នេះ បញ្ជាក់​ពី​សារៈសំខាន់​ក្នុងការ​បង្កើត​នូវ​បរិយាកាស​រៀនសូត្រ​មួយ ដែល​កុមារ​មិន​ត្រឹម​តែមាន​អារម្មណ៍​ថា មាន​សុវត្ថិភាព និង​ទទួលបាន​ការការពារ​ប៉ុណ្ណោះ​ទេ ថែមទាំង​មានការ​លើកទឹកចិត្ត និង​ផ្តល់ឱកាស ក្នុងការ​ចូលរួម​រៀនសូត្រ​ទៀតផង​៕


Tag:
 អប់រំ​
 ​ កុមារ​
  ChildFund Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com