ពីនេះ ពីនោះ
សិស្ស​-​និស្សិត​៖ រិះគន់​គ្រូ​មិនចេះ បង្រៀន​មិនល្អ តែ​ខ្លួន​សូម្បីតែ​អាន​សៀវភៅ​ក៏​ខ្ជិល​
18, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សិស្ស​-​និស្សិត​មួយចំនួន តែងតែ​ពោល​ពាក្យរិះគន់​គ្រូបង្រៀន ថា​គ្មាន​សមត្ថភាព​បង្រៀន​, គ្រូ​មិនកើត​, គ្រូ​ចេះ​មិន​ដល់​សិស្ស​, គ្រូ​នោះ​វិធីសាស្ត្រ​បង្រៀន​មិនល្អ​, គ្រូ​នោះ​បង្រៀន​ស្ដាប់​មិន​យល់​, គ្រូ​នោះ​មិនដឹង​បង្រៀន​ពី​អី​, គ្រូ​នោះ​ពេល​បង្រៀន​ធ្វើ​ឲ្យ​ង​ងុ​ង​តែ​គេង ជាដើម​។​ល​។ ពាក្យ​ទាំងនេះ ស្ដាប់ទៅ​ហាក់​មានន័យថា ការសិក្សា​របស់​សិស្ស​ខ្សោយ សិស្ស​មិនចេះ សិស្ស​មិន​យល់​មេរៀន សិស្ស​គ្មាន​សមត្ថភាព​ជាដើម គឺជា​កំហុស​គ្រូបង្រៀន​ស្ទើរ​ទាំងអស់​។



ជា​ការពិត​បន្ទាប់ពី​ប្រទេស​ចាប់ផ្ដើម​មាន​សន្តិសុខ​សង្គម​ប្រសើរឡើង វិស័យ​អប់រំ​ក៏​ត្រូវបាន​យកចិត្តទុកដាក់​សារជាថ្មី​។ ប៉ុន្តែ​ដោយហេតុតែ​សង្គមជាតិ​បាត់បង់​មនុស្ស​ចេះដឹង​ច្រើន ទើប​រដ្ឋ​គ្មាន​មនុស្ស​គ្រប់គ្រាន់ យកមក​ធ្វើជា​ភ្នាក់ងារ​អប់រំ​មនុស្ស​នៅក្នុង​សង្គម ដើម្បី​បណ្ដុះ​អ្នកចេះដឹង សារជាថ្មី​ដើម្បី​ផលិត​អ្នកមាន​សមត្ថភាព មកជួយ​កសាង​ជាតិ​ឡើងវិញ​។ ប្រការនេះ រដ្ឋ​បានចាប់ផ្ដើម​អនុវត្តន៍​គោលការណ៍ «​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​សោះ​» ដើម្បី​ធ្វើ​យ៉ាង​ជួយ​អប់រំ​មនុស្ស​ឲ្យ​មានចំណេះដឹង ចេះ​អាន ចេះ​សរសេរ គិត វិភាគ ជាដើម​។ គោលការណ៍​នេះ ទោះបី​មិនបាន​ជោគជ័យ​ខ្លាំង ប៉ុន្តែ​គឺជា​ចំណុច​ចាប់ផ្ដើម​ក្នុងការ​រៀបចំ​វិស័យ​អប់រំ​ឡើងវិញ​ដោយ​រដ្ឋ​បន្ត​អប់រំ​មនុស្ស ជា​បន្តបន្ទាប់​។ ក្នុង​បរិបទ​នោះ អាច​ថា ភ្នាក់ងារ​អប់រំ ឬ​គ្រូបង្រៀន លោក​មិនមាន​វិធីសាស្ត្រ​គ្រប់គ្រាន់ ឬ​ចំណេះដឹង​ខ្ពស់​អាច​ផ្ដល់​ឲ្យ​សិស្ស​ពិតមែន​។​

​ប៉ុន្តែ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ ទាំង​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន គ្រូបង្រៀន​មួយចំនួនធំ អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្ទេរ​ចំណេះ​ដល់​សិស្ស ស្រប់ពេល​ជាមួយ​ការធ្វើកំណែទម្រង់​គ្រូបង្រៀន កំណែទម្រង់​សមត្ថភាព​នាយក​សាលា និង​ការពិចារណា​ទៅលើ​កម្មវិធីសិក្សា កម្មវត្ថុ​សិក្សា និង​ខ្លឹម​មេរៀន​ជាដើម​។ បញ្ហា​នេះ​គឺ​នាំ​ឲ្យ​គ្រូបង្រៀន​ទាំងអស់ ត្រូវតែ​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន​គ្រប់បែបយ៉ាង ទៅតាម​ជំនាញ​របស់ខ្លួន និង​ពិនិត្យ​អ​ង្គេ​តទៅ​លើ​ការវិវឌ្ឍ​ន​សមត្ថភាព​របស់​សិស្ស ដើម្បី​រៀបចំខ្លួន​គ្រប់គ្រាន់​អាច​ក្លាយជា​អ្នក​អប់រំ​គេ​។

​តែ​ទោះជា​យ៉ាងនេះ​ក្ដី កន្លងទៅ​ការរិះគន់​ទៅលើ​សមត្ថភាព​គ្រូ វិធីសាស្ត្រ​បង្រៀន តែងតែ​ត្រូវបាន​គេ​ឮ​ចេញពី​មាត់​សិស្ស​-​និស្សិត​មួយចំនួន​។ ការរិះគន់​មិនមែនជា​កំហុស​នោះទេ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា គឺ​សិស្ស​-​និស្សិត​មួយចំនួន​នោះ ខ្លាច​តែ​ពូកែ​តែ​រិះគន់ ប៉ុន្តែ​ខ្លួនឯង​មិនមែនជា​សិស្ស​-​និស្សិត​ដែល​ពូកែរៀន និង​ប្រឹងរៀន​ជាដើម​។ យ៉ាងណា​នោះ ចំពោះ​សិស្ស​-​និស្សិត​មុន​ធ្វើការ​រិះគន់​គ្រូ ត្រូវ​សួរ​ខ្លួនឯង​ផង​ថា តើ​ជា​រៀងរាល់ថ្ងៃ​ខ្លួន​បាន​អាន​សៀវភៅ​ទេ​? តើ​កាន់​សៀវភៅអាន​បាន​ប៉ុន្មាន​ម៉ោង​? ប្រឹងប្រែង​រៀន​កម្រិតណា​? បាន​គិតពី​មេរៀន​កម្រិតណា​? ព្យាយាម​ស្ដាប់​គ្រូបង្រៀន​បាន​ប៉ុន្មាន​? ដែល​ចូលរៀន​ដែរឬទេ​? ប្រសិនបើ​កត្តា​ទាំងនេះ​សិស្ស​-​និស្សិត​មិនបាន​ធ្វើ ឬ​ធ្វើ​ដែរ​តែ​ធ្វើ​ទាំង​មិន​ច្បាស់លាស់ តើ​សិស្ស​-​និស្សិត​ទាំងនោះ​គួរ​បន្ត​ទង្វើ​រិះគន់​គ្រូ​បន្ត​ឬ​យ៉ាងណា​?

​ជារួម​មក ការរិះគន់​មិនមាន​អ្នកណា​អាចមក​កំណត់​ទៅលើ​ណាមួយ មិន​ឲ្យ​រិះគន់​នោះទេ​។ ចំណែក​បញ្ហា​នេះ ចំពោះ​សិស្ស​-​និស្សិត ដែល​ចូលចិត្ត​រិះគន់​គ្រូ ក៏​មិន​ហាមឃាត់​ដែរ​ក្នុងករណី​ដែល​គ្រូ មិនមាន​សមត្ថភាព​គ្រប់គ្រាន់ និង​វិធីសាស្ត្រ​បង្រៀន​មិនអាច​នាំ​ឲ្យ​សិស្ស​ឆាប់​យល់ និង​ច្បាស់លាស់​បាន​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា សិស្ស​-​និស្សិត​ទាំងនោះ​ក៏ត្រូវ​ពិចារណា​ឡើងវិញ​ពី​ខ្លួន ថា​ជា​សិស្ស​-​និស្សិត​ប្រភេទ​ណា​?

«​សសរទ្រូង​ជាតិ មិនត្រូវ​ការ​ឡើយ​អ្នក​បន្តវេន​ដែល​ពូកែ​រិះគន់ ប៉ុន្តែ​មិន​ពូកែ​ធ្វើ​», «​សង្គម​ត្រូវការ​សិស្ស​-​និស្សិត​ដែលមាន​ឆន្ទៈ​ច្បាស់លាស់ មាន​សមត្ថភាព​ពិត​»៕


© រក្សាសិទ្ធិដោយ thmeythmey.com