ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី តាម​សម្តេច ហ៊ុន សែន ​នៅលើ Twitter
17, Nov 2016 , 5:08 pm        
រូបភាព
ដោយ: រួបរួម
​មិនមែន​អ្វីៗ​ទាំងអស់​សុទ្ធតែ​ប្រឆាំង​នោះឡើយ យ៉ាងហោចណាស់ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស មាន​ករណី​ដែល​ត្រូវ​តាម (follow) សម្តេច ហ៊ុន សែន ដែលជា​គូប្រជែង​នយោបាយ​របស់ខ្លួន​ផងដែរ​។ នោះ​គឺ​គណនី Twitter​។​



Twitter ជា​បណ្តាញ​សង្គម​ដ៏​ពេញនិយម​បំផុត​របស់​អ្នកនយោបាយ និង​បុគ្គល​សាធារណៈ​ដែល​ល្បីៗ​នៅលើ​ពិភពលោក ប៉ុន្តែ​នៅ​កម្ពុជា ការប្រើប្រាស់​បណ្តាញ​សង្គម​ដែល​កំណត់​ឲ្យ​សរសេរ​ឃ្លា​ខ្លីៗ​នេះ មិនទាន់​មានការ​ផុសផុល​នោះឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នា​អំឡុង​ខែវិច្ឆិកា នេះ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស ហាក់ដូច​ជាមាន​សកម្ម​ភាព​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់​សារ​នយោបាយ​នានា​នៅលើ​បណ្តាញ​សង្គម Twitter ។​

Sam Rainsy (@RainsySam) គឺជា​គណនី Twitter ផ្លូវការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ គណនី​នេះ ត្រូវបាន​បង្កើត​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៣ មក ប៉ុន្តែ​ទើបតែ​សកម្ម​ខ្លាំង​កាលពីពេល​ថ្មីៗ​កន្លងមក​។

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែវិច្ឆិកា គណនី Twitter ឯកឧត្តម សម រង្ស៊ី មាន​អ្នក​តាម (Followers) ជាង​១៧០ ប៉ុណ្ណោះ ហើយ​តាម​គេ​វិញ (Following) ជាង​៣០ ។ ក្នុងចំណោម គណនី​ជាង​៣០​ដែល​ប្រធាន​គណបក្សប្រឆាំង Follow នោះ មាន​គណនី​ចំនួន​២​ដែល​ប្រើ​ឈ្មោះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (@hunsencambodia និង @hunsen)​។​

គណនី Twitter ដែល​ប្រើ​ឈ្មោះ​សម្តេច ហ៊ុន សែន (Hun Sen @hunsencambodia) បាន​ចូលរួម​តាំងពី​ខែមិថុនា ឆ្នាំ​២០១០ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៧ ខែវិច្ឆិកា មាន Followers ជាង​៤០០​នាក់ ។ មិនមាន​ការបញ្ជា​ក់ថា នេះ​ជា​គណនី​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន នោះឡើយ ប៉ុន្តែ​គណនី​នេះ ចែករំលែក​ដោយ​ស្វ័យប្រវត្តិ​រាល់​ព័ត៌មាន​ដែល​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។ រីឯ​គណនី​មួយទៀត Hun Sen (@hunsen) មិនមាន​សកម្មភាព​អ្វី​ឡើយ ដោយ​ឃើញ Tweets តែ​៣​លើក​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា កន្លងមក សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ពិន័យ​ឯកឧត្តម សម រង្ស៊ី ក្នុងករណី​បរិហារកេរ្តិ៍​សម្តេច ហ៊ុន សែន ជា​សាធារណៈ​លើ​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​ប្រធាន​ប្រឆាំង​បានលើកឡើង​ថា មានការ​ទិញ​ការ​ចុច Like និង Like ក្លែងក្លាយ​នៅ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​។ សាលក្រម​បាន​បង្គាប់​ឲ្យ​ឯកឧត្តម សម រង្ស៊ី បង់​ថវិកា​ចូល​រដ្ឋ​ចំនួន ១០​លាន​រៀល និង​សងជំងឺចិត្ត​សម្តេច ហ៊ុន សែន ចំនួន​១៥​លាន​រៀល​។​

​បច្ចុប្បន្ន ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន មានការ​ចុច Like ជាង​៦​លាន ដែល​ស្ថិតនៅ​លំដាប់​លេខ​មួយ​នៅ​កម្ពុជា ខណៈ​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម សម រង្ស៊ី មានការ​ចុច Like ជាង​៣​លាន​៕


Tag:
 សម្តេច ហ៊ុន សែន
  ឯកឧត្តម សម រង្ស៊ី
  Twitter
  បណ្តាញសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com