ពីនេះ ពីនោះ
ជាតិ​៖ ពលរដ្ឋ និង​មន្ត្រី​អង្គុយ​បន្ទោស​គ្នា​ពេល​មាន​បញ្ហា តើ​អាច​ដោះស្រាយ​បានទេ​?
20, Nov 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​គ្រប់​ប្រភេទ​បានបង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់ ចាប់តាំងពី​ឈាន​មួយ​ជំហាន​រហូតដល់​ជំហាន​ចុងក្រោយ​ជា​រៀងរាល់ថ្ងៃ​។ បញ្ហា​ខ្លះ​ឃើញ​ចំពោះមុខ បញ្ហា​ខ្លះ​បាន​ប៉ះ​ផ្ទាល់ បញ្ហា​ខ្លះ​ដឹង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ បញ្ហា​ខ្លះ​ឮ​តាម​ត្រចៀក បញ្ហា​ខ្លះ​ឮ​ពី​មហាជន និង​មាន​បញ្ហា​ជាច្រើន​ទៀត កើតមាន​ជាប្រចាំ​នៅក្នុង​សង្គម​។ បញ្ហា​ខ្លះ​ត្រូវបាន​ដោះស្រាយ បញ្ហា​ខ្លះ​កំពុង​ដោះស្រាយ បញ្ហា​មិន​ខ្ចី​ដោះស្រាយ បញ្ហា​ខ្លះ​ដោះស្រាយ​ដែរ​តែ​នៅតែមាន​បញ្ហា​។



​សូម​ចាប់ផ្ដើម​ពី​រឿង​ថ្នាក់ក្រោម​ជាតិ​មក​ចុះ បញ្ហា​កើតមាន​ជាប្រចាំ តាំងពី​ការគំរាមកំហែង រំលោក​សិទ្ធិ ភាពក្រីក្រ ខ្វះ​លំនៅឋាន បញ្ហា​សុខភាព បញ្ហា​អប់រំ បញ្ហា​សន្តិសុខ បញ្ហា​គ្រឿងញៀន បញ្ហា​សេព​គ្រឿង​ស្រវឹង អំពើហិង្សា ចោរកម្ម ឃាតកម្ម គ្រោះថ្នាក់​ចរាចរណ៍ សេវាសាធារណៈ បញ្ហាដីធ្លី បរិស្ថាន  និង​បញ្ហា​ជាច្រើន​ប្រភេទ​ទៀត ឮ​តែ​គេ​ជជែក គេ​និយាយ គេ​យំសោក ជា​រៀងរាល់ថ្ងៃ​។ តើ​រឿង​ទាំងនេះ​កើតមាន​ពិត​ទេ​?

​ចំណែក​ក្នុង​រង្វង់​ថ្នាក់ជាតិ ឮ​តែ​ប្រជែង​គ្នា​ដណ្ដើម​អំណាច លាភសក្ការៈ តួនាទី ផល​លាភ ពុករលួយ គាប់សង្កត់ មន្ត្រី​រដ្ឋ​ទៅ​កន្លែង​តែ​មិន​ធ្វើការ មន្ត្រី​ធ្វើការ​តែ​មិន​ត្រូវបាន​គេ​លើកទឹកចិត្ត មន្ត្រី​មាន​សិទ្ធិ​តែ​មិន​ហ៊ាន​និយាយ មន្ត្រី​ហ៊ាន​និយាយ​តែ​មិនដឹង​និយាយ​អ្វី មាន​មន្ត្រី​និយាយ​តែ​ខ្វះ​មូលដ្ឋាន​គួរ​ឲ្យ​ជឿទុកចិត្ត​។  មន្ត្រី​គួរ​ឲ្យ​ទុកចិត្ត​តែ​មិន​ត្រូវបាន​ផ្ដល់ឱកាស អ្នក​និយាយ​ពិត​បែរ​ជាមាន​បញ្ហា អ្នកមាន​បញ្ហា​បែរ​រស់​ដោយ​សប្បាយ អ្នកមាន​មួយចំនួន​សប្បាយ​លើ​គំនរ​ទុក្ខ​អ្នកក្រ អ្នកក្រ​ដឹងថា​ខ្លួន​ក្រ​តែ​មិន​ខំប្រឹង  អ្នក​ប្រឹង​ដែរ​តែ​គ្មាន​លទ្ធផល​។  រឿងរ៉ាវ​ទាំងនេះ​ឮ​តែ​គេ​និយាយ ឮ​តែ​គេ​ជជែក​គ្នា​ជាប្រចាំ​។

​ព្រោះតែ​បញ្ហា​ទាំងនេះ គេ​ក៏​ឃើញ​ផងដែរ​ថា ជា​រៀងរាល់ថ្ងៃ​ប្រជាពលរដ្ឋ​ស្ទើ​គ្រប់​ទីកន្លែង​នាំគ្នា បន្ទោស​ទៅលើ​មន្ត្រី​រដ្ឋ​ថា​មិនបានការ គ្មាន​សមត្ថភាព មិន​អើពើរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​ជា​ប្រយោជន៍​សង្គមជាតិ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋ​មួយចំនួន ក៏​បន្ទោស​រាស្ត្រ​ថា​មិន​ចូលរួម មិន​សហការ មិន​ស្ដាប់​ការណែនាំ​របស់​រាជការ និង សមត្ថភាព​ពលរដ្ឋ ការយល់ដឹង នៅមានកម្រិត ទើប​ធ្វើ​ឲ្យ​កិច្ចការ​ដោះស្រាយ​បញ្ហា រៀបចំ​សង្គម មិន​ការពិបាក និង​ដើរ​ទៅមុខ​យឺត​។ ប៉ុន្តែ​មែនទែនទៅ ពេលខ្លះ​គេ​សង្កេតឃើញថា ទាំង​រាស្ត្រ និង​មន្ត្រី​រដ្ឋ​មួយចំនួន អង្គុយ​មើលបំណាំ​គ្នា​ទៅវិញទៅមក បន្ទោស​គ្នា​ទៅវិញទៅមក​។

​ប្រការ​ទាំងនេះ តើ​អាចជួយ​កែប្រែ ដោះស្រាយ​បញ្ហា​សង្គម បានដែរ​ឬ​យ៉ាងណា​?  តើ​អ្នកណា ជា​អ្នកទទួលខុសត្រូវ​ឲ្យ​ពិតប្រាកដ​ចំពោះ​វាសនា​ជាតិ​មួយ​? តាមពិត​គឺ​ទាំង​រាស្ត្រ មន្ត្រី ថ្នាក់ដឹកនាំ ត្រូវ​រួមគ្នា​កសាង ដោះស្រាយ​បញ្ហា​ជាតិ មិនមែន​ចាំមើល​បំណាំ​គ្នា ចាំ​បន្ទោស​ឲ្យ​គ្នា ចង្អុល​ដាក់គ្នា​ទៅវិញទៅមក​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com