អន្តរជាតិ
ជួប​«Idol»​លើកដំបូង Duterte សរសើរ Putin មិន​ដាច់​មាត់ ខណៈ បន្ទោស​បង្អាប់​អាមេរិក
20, Nov 2016 , 12:35 pm        
រូបភាព
ប្រភពរូបភាព៖ Sputnik
ប្រភពរូបភាព៖ Sputnik
ដោយ:
​នៅ​ទីបំផុត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី វ្លា ឌឺ​មៀរ ពូ​ទីន ដែល​លោក តែងតែ​សរសើរ យក​គំរូ និង​អះអាងថា​ចង់​ជួប​ជជែក​តាំងពី​ពេលដែល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​មកម្ល៉េះ​។ តាមរយៈ​ជំនួប​លើកដំបូង​នោះ ប្រមុខ​ហ្វីលីពីន បាន​និយាយ​សរសើរ​ដោយ​មិន​ដាច់​មាត់​ទៅកាន់​សម​ភាគី​រុស្ស៊ី ហើយ ក៏បាន​ឆ្លៀត​វាយប្រហារ​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​តែម្តង​។



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃ​១៩ ខែវិច្ឆិកា ម្សិលមិញ​នេះ បាន​ជួបពិភាក្សា​ទ្វេភាគី​ជា​លើកដំបូង​ជាមួយនឹង​សម​ភាគី​រុស្សី លោក វ្លា ឌឺ​មៀរ ពូ​ទីន ក្នុង​រដ្ឋធានី​លី​ម៉ា​នៃ​ប្រទេស​ប៉េ​រូ ដែលជា​កន្លែង​មេដឹកនាំ​ទាំងពីរ ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​រួមគ្នា​នោះ​។

​ដោយ​មិនមាន​ការលាក់លៀម​នោះ ប្រមុខ​ហ្វីលីពីន នាឱកាស​នោះ បាន​ប្រាប់​ប្រមុខ​រុស្ស៊ី​ត្រង់ៗ​ថា លោក បាន​ទន្ទឹងរង់ចាំ​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី ពូ​ទីន មិន​ត្រឹមតែ​ដោយសារ លោក ពូ​ទីន តំណាង​ឲ្យ​ប្រទេស​ដ៏​អស្ចារ្យ​នោះទេ តែ ក៏​ព្រោះតែ ជំនាញ​នៃ​ភាព​ដឹកនាំ​របស់​លោកពូ​ទីន​តែម្តង​។ នេះ​បើ​យោងតាម​ការដក​ស្រង់ពាក្យ​របស់លោក ដោយសារ​ព័ត៌មាន​រុស្ស៊ី RT​។

​អ្វី​គួរកត់សម្គាល់​នោះ ខណៈពេល​រុស្ស៊ី កំពុងតែ​មានរឿង​ប្រទាំង​ប្រទូស​ជាមួយនឹង​ប្រទេស​តំបន់​អឺរ៉ុប រួមទាំង​អាមេរិក​នោះ លោក ឌើ​ទើ​តេ ដែល​ធ្លាប់​ហៅ​លោកពូ​ទីន​ថា «Idol» ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​កាសែត Al Jazeera ក៏​ឆ្លៀត​លើកទឹកចិត្ត​លោក ពូ​ទីន តាមរយៈ​ការបន្ទោស​បង្អាប់​ទៅលើ​ប្រទេស​ទាំងនោះ​។

​លោក បាន​បញ្ជាក់ថា ប្រទេស​លោក បាន​មានបំណង​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​លោកខាងលិច ប៉ុន្តែ ឥលូវ​រដ្ឋ​លោកខាងលិច កំពុងតែ​ប៉ុនប៉ង​វាយប្រហារ​រដ្ឋ​តូចៗ និង​បំភិតបំភ័យ​ប្រទេស​តូចៗ​ទាំងនោះ​។ ហើយ​លោក បន្ថែមទៀតថា ឥរិយាបថ​ទាំងនេះ គឺជា​ផ្នែក​មួយ​ដែល​បង្កឡើង​ដោយ អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​តែម្តង​។

​ដោយ​មិន​ឲ្យ​អ្នក​ដាក់ទណ្ឌកម្ម​ហ្វីលីពីន​ខកចិត្ត​នោះ លោក ពូ​ទីន ក៏បាន​សាទរ​ចំពោះ​ជ័យជម្នះ​នៃ​ការ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​០៩ ខែឧសភា​កន្លងមក ដោយ​លោក ថែមទាំង​ពន្យល់ថា កាលបរិច្ឆេទ​នោះ​(០៩ ឧសភា​) គឺជា​ថ្ងៃ​ពិសេស​សម្រាប់​ប្រជាជាតិ​រុស្ស៊ី ដែល​បានទទួល​ជ័យជម្នះ​លើ​របប​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​១៩៤៥​។

​ជាងនេះទៅទៀត មេដឹកនាំ​រុស្ស៊ី ក៏បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​និយាយ​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​គឺ​ខ្លី តែ ប្រទេស​ទាំងពីរ សម្រេចបាន​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​ការបង្កើន​ទំនុកចិត្ត​ផងដែរ​»​។

​សូម​ជម្រាប​ផងដែរ​ថា កន្លងមក​ជាពិសេស​នោះ​ក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ហ្វីលីពីន គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​។ តែ​ក្រោយពី​លោក ឌើ​ទើ​តេ ឡើងកាន់តំណែង ទំនាក់ទំនង​ស្អិតល្មួត បាន​ប្រែប្រួល ដ្បិត ដោយសារតែ រដ្ឋបាល​លោក អូ​បា​ម៉ា បាន​រិះគន់​ពី​ការដឹកនាំ​របស់លោក ឌើ​ទើ​តេ​។ ទន្ទឹមនឹង​ការមិន​ឲ្យ​តម្លៃ​ទំនាក់ទំនង​ជាមួយនឹង​អាមេរិក លោក ឌើ​ទើ​តេ បានប្រកាសថា «​បី​ប្រទេស​រួមគ្នា គឺ​ហ្វីលីពីន រុស្ស៊ី និង​ចិន ប្រឆាំង​ពិភពលោក​»៕


Tag:
 ​រុស្ស៊ី​
  ហ្វីលីពីន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com