ពីនេះ ពីនោះ
ពលរដ្ឋ​៖ ត្រូវ​ដឹងថា ខ្លួនឯង​ត្រូវ​ប្រកាន់​សីល​ចំនួន​ប្រាំ នៅក្នុង​សង្គម​
22, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការរស់នៅ​របស់​មនុស្ស​ក្នុងសង្គម តម្រូវ​ឲ្យ​មនុស្ស​ស្វែងរក​គោលការណ៍​សីលធម៌​ជា​ចាំបាច់​មួយ​សម្រាប់​ការអនុវត្ត​ឲ្យ​បាន​ប្រសើរ​ក្នុងការ​រស់នៅ​ជាមួយ​មនុស្ស​ក្នុងសង្គម​។ យ៉ាងណាមិញ គ្រប់​បុគ្គល​ទាំងអស់​យ៉ាងហោចណាស់​ត្រូវ​ស្គាល់​សីលធម៌​ប្រាំ​យ៉ាង​ដែល​ខ្លួន​ត្រូវ​យកមក​ប្រតិបត្តិ​ប្រចាំថ្ងៃ ដូចជា​សីលធម៌​ផ្ទាល់ខ្លួន​, សីលធម៌​ក្នុង​គ្រួសារ​, សីលធម៌​ក្នុង​វិជ្ជាជីវៈ​, សីលធម៌​ក្នុងសង្គម និង​សីលធម៌​ក្នុង​ពិភពលោក​។ តើ​សីលធម៌​ទាំងនេះ​មាន​លក្ខណៈ​បែបណា​?



១/. សីលធម៌​ផ្ទាល់ខ្លួន​៖ ប្រជាពលរដ្ឋ​គ្រប់​ត្រូវមាន​ជា​ចាំបាច់ និង​ស្គាល់​ច្បាស់​ពី​សីលធម៌​ផ្ទាល់ខ្លួន ទើប​អាចជួយ​ខ្លួនឯង​ឲ្យ​ក្លាយជា​មនុស្ស​មានតម្លៃ​នៅក្នុង​សង្គម​។ ករណីនេះ ពលរដ្ឋ​គ្រប់​ត្រូវ​ប្រកាន់​សីលធម៌​ចំពោះ​ខ្លួនឯង ហើយ​ធ្វើជា​មនុស្ស​ដឹងខុសដឹងត្រូវ​, ស្គាល់​ល្អ ស្គាល់​អាក្រក់​, តាំងខ្លួន​ជា​ម្ចាស់​ចិត្ត​របស់​ខ្លួនឯង​, ទទួលខុសត្រូវ​នឹង​អំពើ​របស់ខ្លួន​, ក្លាហាន​ក្នុង​ផ្លូវត្រូវ​ជាដើម​។​

២/. សីលធម៌​ក្នុង​គ្រួសារ​៖ ករណីនេះ ពលរដ្ឋ​គ្រប់​ត្រូវ​ដឹងថា ប្រសិនបើ​ខ្លួន​ជា​អ្នកគ្រប់គ្រង​គ្រួសារ ដូចជា​ឪពុកម្ដាយ​ជាដើម​នោះ​ត្រូវ ចិញ្ចឹម​កូន និង​ទំនុកបម្រុង​កូន​ឲ្យ​បាន​សិក្សា​រៀនសូត្រ​, ត្រូវ​ស្រឡាញ់​កូន​ឲ្យ​បាន​ស្មើភាព​គ្នា​, ព្យាយាម​ធ្វើ​ឲ្យ​គ្រួសារ​មាន​សុខដុម​, រៀបចំ​កូន​ឲ្យ​បាន​ទៅជា​ពល​ល​រដ្ឋ​ពេញលេញ ព្រមទាំង​រៀបចំ​កូន​ឲ្យ​មាន​គូ​ក្រសរ និង​ទ្រព្យសម្បត្តិ​ឲ្យ​កូន​បាន​សមរម្យ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​។ ការបំពេញ​បែបនេះ បង្ហាញ​ឲ្យ​ឃើញថា ឪពុកម្ដាយ​បាន​បំពេញ​សីលធម៌​ក្នុងនាម​ខ្លូន​ជា​អ្នកគ្រប់គ្រង​គ្រួសារ​។​
 
៣/. សីលធម៌​ក្នុង​វិជ្ជាជីវៈ​៖ ការរស់នៅ​ក្នុងសង្គម តម្លៃ​មួយ​ដែល​សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប​ផង​នោះ គឺ​តម្លៃ​វិជ្ជាជីវៈ​។ ដើម្បី​ឲ្យ​ទទួលបាន​តម្លៃ​នេះ បុគ្គល​ទាំងនោះ​ត្រូវ​ស្គាល់​ពី​សីលធម៌​វិជ្ជាជីវៈ ដែលជា​មូលដ្ឋាន​នាំ​ឲ្យ​ខ្លួន​ជា​បុគ្គល​មួយរូប​មានតម្លៃ​ចំពោះ​អាជីព​របស់ខ្លួន​។ ចំណុច​នេះ បុគ្គល​គ្រប់រូប​យ៉ាងហោចណាស់ ត្រូវមាន​មនសិការ​ការងារ​, ព្យាយាម​រកស៊ី​តាម​សមត្ថភាព​, រកស៊ី​តាម​សមា​ជី​វោ​, មិន​រំលោភ​លើ​អ្នកតូច​ជាង​ខ្លួន ព្រមទាំង​ធ្វើការ​ហួសកម្លាំង​ខ្លួន នាំ​ឲ្យ​មាន​ជំងឺ​បាក់​កម្លាំងកាយ ជាដើម​។

៤/. សីលធម៌​ក្នុងសង្គម​៖ ជា​បុគ្គល​ម្នាក់ មិនមែន​រស់នៅ​ដោយ​គ្មាន​ទំនាក់ទំនង គ្មាន​មិត្តភាព​បាន​នោះទេ​។ ហេតុនេះ ការ​អាច​យល់ និង​ប្រតិបត្តិ​បាន​សីលធម៌​ក្នុងសង្គម គឺ​កិច្ចការ​ចាំបាច់​មួយ​រប​ស់​បុគ្គល​គ្រប់រូប​។ ប្រការនេះ បុគ្គល​គ្រប់រូប​ត្រូវ​ស្គាល់​ថា តម្លៃ​សីលធម៌​ក្នុងសង្គម​គឺ ការមិន​បែកបាក់​គ្នា​, មិន​មើលងាយ​មនុស្ស​ផង​គ្នា​, ជា​បុគ្គល​ស្រឡាញ់​យុត្តិធម៌​, ចេះ​រាប់អាន​មនុស្ស​ទូទៅ​, ទទួលស្គាល់​ទុក្ខវេទនា​របស់​អ្នកដទៃ ព្រមទាំង​មិន​រំលោភ​ឈ្លានពាន​អ្នកដទៃ​ជាដើម​។​

៥/. សីលធម៌​ក្នុង​ពិភពលោក​៖ ការ​ស្គាល់​នូវ​សីលធម៌​មួយ​នេះ និង​ជួយ​បុគ្គល​ឲ្យ​ចេះ​រួមរស់​ដោយ​សន្តិភាព​ជាមួយ​ប្រទេស​ដទៃ ទៅតាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ ជាពិសេស​លក្ខខណ្ឌ ដែល​អង្គការសហប្រជាជាតិ​បានកំណត់​នៅ​ទីក្រុង​បាន​ឌុ​ង​នា​ប្រទេស​ឥណ្ឌូនេស៊ី​។​

​នៅពេលដែល​បុគ្គល​គ្រប់រូប​អាច​ប្រតិបត្តិ និង​រៀបចំខ្លួន​តាម​មាគ៌ា​ទាំងនេះ​បាន នោះ​នឹងធ្វើ​ឲ្យ​បុគ្គល​ទាំងនោះ​មានតម្លៃ​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​សង្គមមនុស្ស​។ ទោះបីថា ការបង្ហាញ​មិនបាន​គ្រប់គ្រាន់ ប៉ុន្តែ​វា គឺ​មាគ៌ា​បង្ហាញថា អ្នកមាន​ផ្លូវ​សម្រាប់​រៀបចំ​ជីវិត​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​បាន​៕

​ដកស្រង់​ពី​សៀវភៅ សីលធម៌​វិជ្ជាជីវៈ​, វិទ្យាស្ថាន​ជាតិ​អប់រំ​


© រក្សាសិទ្ធិដោយ thmeythmey.com