អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជនជាតិ​វៀតណាម ជិះ​យន្តហោះ​ទៅ​លូក​ហោប៉ៅ​អ្នក​កាន់ទុក្ខ​មហាក្សត្រ​ថៃ​
22, Nov 2016 , 9:19 am        
រូបភាព
 
 
​ចាប់តាំងពី​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សោយ​ទិវង្គត​មក ប្រជាជន​ថៃ​រាប់ពាន់នាក់ មក​តម្រង់​ជួរ​ខាងក្រៅ​រាជវាំង​ដើម្បី​ចូល​គោរព​ព្រះ​សព​។ ខណៈដែល​ប្រជាជន​ថៃ​កំពុង​ឈរ​ជា​ជួរៗ​នោះ ក៏មាន​ជន​ឆ្លៀតឱកាស ដែល​ភាគច្រើន​ជា​ជនបរទេស ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​អ្នកចូលរួម​កាន់ទុក្ខ ហើយ​មាន​អ្នកខ្លះ​ជិះ​យន្តហោះ​ដើម្បី​មក​លូក​ហោប៉ៅ​ដល់​ទឹកដី​ថៃ​តែម្ដង​។

 
​ប៉ូលិស​ថៃ​បាន​អះអាងថា ជនជាតិ​ថៃ ដែល​តម្រង់​ជួរ​នៅ​ទីលាន Sanam Luang ត្រៀម​ចូល​រាជវាំង​ដើម្បី​គោរព​ព្រះ​សព​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត បាន​ក្លាយជា​ជនរងគ្រោះ​នៃ «​ក្រុមចោរ​លូក​ហោប៉ៅ​អន្តរជាតិ​»​។ មន្ត្រីប៉ូលិស​ថៃ​អះអាង​ដែរ​ថា ភាគច្រើន​នៃ​ក្រុមចោរ​លូក​ហោប៉ៅ​នេះ គឺជា​ជនជាតិ​វៀតណាម​ដែល​ខំ​ជិះ​យន្តហោះ មក​ធ្វើ​សកម្មភាព​លួច​នៅ​ទឹកដី​ថៃ​។ 
 
​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា មន្ត្រីប៉ូលិស​ប្រចាំ​តំបន់ Chana Songkhram បានទទួល​ពាក្យបណ្ដឹង​យ៉ាងច្រើន​ទាក់ទង​ករណី​លូក​ហោប៉ៅ នៅក្នុង​តំបន់​កុះករ​ក្បែរ​រាជវាំង ចាប់តាំងពី​ស្ដេច ភូមិបុល សោយ​ទិវង្គត​នៅ​ថ្ងៃទី​១៣ ខែតុលា​មកម្ល៉េះ​។ ដំបូង​ពួកគេ​គិតថា ក្រុម​លូក​ហោប៉ៅ​ទាំងនោះ ជា​ជនជាតិ​ថៃ​។ ប៉ុន្តែ​ក្រោយមក ក្រុម​ស៊ើបអង្កេត​រកឃើញថា ពួកគេ​ជា​ជនបរទេស​ទៅវិញ​។ 
 
​ក្រុម​ស៊ើបអង្កេត​រកឃើញ​ទៀតថា ជនសង្ស័យ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដែល​ធ្វើដំណើរ​មកកាន់​ទឹកដី ដើម្បី​គោលបំណង​តែមួយគត់ គឺ​លួច​ទ្រព្យសម្បត្តិ​អ្នក​កាន់ទុក្ខ​។ លោក Somyot Udomraksasap អ្នកស៊ើប​អង្កេត​ប្រចាំ​តំបន់ Chana Songkhram និយាយថា ប៉ូលិស​បាន​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ហើយ​រកឃើញ​ជនសង្ស័យ​ភាគច្រើន​ជា​ស្ត្រី មកពី​វៀតណាម​។​
 
​ប៉ូលិស​ថៃ​អះអាង​ដែរ​ថា ក្រុម​លូក​ហោប៉ៅ​ទាំងនោះ មិនមែន​ធ្វើ​សកម្មភាព​តែឯង​ឡើយ គឺ​ធ្វើ​សកម្ម​ភាពជា​ក្រុម​តែម្ដង​។ ពោល​គឺមាន​អ្នកខ្លះ​ចូលទៅ​រំខាន​ជនរងគ្រោះ ហើយ​មាន​មួយក្រុម​ទៀត​ជា​អ្នកធ្វើ​សកម្មភាព រួច​យក​ទ្រព្យសម្បត្តិ​ដែល​លួចបាន ទៅ​ឲ្យ​មនុស្ស​មួយក្រុម​ទៀត​។ ពួកគេ លួច​ទូរ​សព្ទ ឬ​កាបូប​ពី​ហោប៉ៅ​ជនរងគ្រោះ ឬក៏​លូក​យក​របស់របរ​ពី​ក្នុងកា​តាប​ស្ពាយ​ខ្នង​។​
 
​លោក Somyot Udomraksasap និយាយទៀតថា ជនជាតិ​វៀតណាម​កាន់តែច្រើន បានមក​ដល់​ថៃ ដើម្បី​ធ្វើ​សកម្មភាព​លួច​។ ក្រៅពី​ជនជាតិ​វៀតណាម ក៏មាន​ជនសង្ស័យ​ជា​ជនជាតិ​កម្ពុជា និង​អ្នក​អត់​ផ្ទះសម្បែង​ផងដែរ​។ ពួកគេ​ទាំងនោះ តែង​តាមដាន​កម្មវិធី​នានា​ក្នុង​ក្រុង​បាងកក ជាពិសេស​កម្មវិធី​ទទួល​សញ្ញាបត្រ​របស់​និស្សិត​សាកលវិទ្យាល័យ ព្រោះ​វា​ជា​ឱកាសល្អ​ក្នុង​ការធ្វើសកម្មភាព​តែម្ដង​៕ 
 
 
 
    

Tag:
 ថៃ​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com