ជាតិ
សាលាបឋមសិក្សា គួច ម៉េង​លី ទួល​បេង ផ្ដើម​បុកគ្រឹះ​
23, Nov 2016 , 12:10 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​សាលាបឋមសិក្សា​ទួល​បេង បានចាប់ផ្ដើម​បុកគ្រឹះ​ហើយ​កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ លោកនាយក​សាលា សិស្សានុសិស្ស​លោកយាយ លោកតា និង​ក្រុម​ជាង​សាងសង់​ជាច្រើន​នាក់​។​



​សូម​ជម្រាបជូន​ថា អតីត​សាលាបឋមសិក្សា​ទួល​បេង ដែល​ស្ថិតនៅ​ភូមិ​ទួល​បេង ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បានទទួល​ការឧបត្ថម្ភ​ថវិកា​សាងសង់​ផ្ទាល់​ពី​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែលជា​ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុម ហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន​។​



​គួរបញ្ជាក់​ជូន​ដែរ​ថា ការបុក​គ្រឹះ​កសាង​សាលាបឋមសិក្សា​នេះ​មាន​កម្ពស់​២​ជាន់ ស្មើនឹង ៤​បន្ទប់​រួមទាំង​បន្ទប់ទឹក​អនាម័យ របង​ព័ទ្ធជុំវិញ​សាលា ខ្លោងទ្វារ​សាលា​សួន​កុមារ សួន​កម្សាន្ត​កុមារ ចម្លាក់ ចាក់សាប រៀប​ការ៉ូឡា រៀបចំ​បណ្ណាល័យ កែលម្អ​សោភណភាព​ក្នុង​បរិវេណ​សាលា​បូករួម ទាំង​សម្ភារ​ឧបទ្ទេស​សិក្សា និង​រដ្ឋបាល​សាលា​ទាំងមូល​ផង​នោះ សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង ១១​ម៉ឺន​ដុល្លារ ដែល​ទឹកប្រាក់​ឧបត្ថម្ភ​នេះ​ស្ថិតក្រោម​គម្រោង​សម្បុ​រសធម៌​របស់ មូលនិធិ ម៉េង​លី ជេ​. គួច​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី​។​

​លោក​ឧកញ៉ា​ឱ្យដឹង​បន្ថែមថា បើ​និយាយ​ពី​ផ្នែក​សាងសង់​សាលារៀន​នេះ​ជា​សាលា​ទី​២​ហើយ បន្ទាប់ពី​សាលាបឋមសិក្សា​ថ្ម​កង្កែប​គួច ប៉េង​សាំង​-​ងិន​ហួយ ដែល​ស្ថិតនៅ​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែល​ចំណាយ​ថវិកា​សាងសង់​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង ១៦​ម៉ឺន កាលពី​ឆ្នាំ​២០១០​។ ក្រៅពី​សាលា​ទាំងពីរ​នេះ លោក​ក៏​នៅមាន​គម្រោង​ចូលរួម​លើកស្ទួយ​វិស័យ អប់រំ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ការបន្ត​កសាង ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន នៅ​ទីជនបទ​ដាច់ស្រយាល​នានា​ជា​បន្តបន្ទាប់​ទៀត ក្រោម​ការឧបត្ថម្ភ និង​សហការ​ផ្ទាល់​ពី​មូលនិធិ ម៉េង​លី ជេ​. គួច ។​



​គួរ​រម្លឹក​ជូន​ដែរ​ថា ដោយ​មើលឃើញ​ពី​ទឹកចិត្ត​សប្បុរសធម៌​រប​ស់លោក​ឧកញ៉ា​រូបនេះ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​ស្នើ​ប្ដូរ​ឈ្មោះ​ពី​សាលាបឋមសិក្សា​ទួល​បេង​ទៅជា សាលាបឋមសិក្សា គួច ម៉េង​លី ទួល​បេង វិញ​។ ជា​លទ្ធផល សាលាបឋមសិក្សា​ទួល​បេង ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា សាលាបឋមសិក្សា គួច ម៉េង​លី ទួល​បេង ចាប់ពី​ឆ្នាំ​សិក្សា​២០១៦-២០១៧ នេះ​តទៅ ដោយ​ប្រកាស លេខ​៨៧២ អយក​.​ប្រក របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ ៕

(អត្ថបទសាលា)


© រក្សាសិទ្ធិដោយ thmeythmey.com