អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ ក្រឡាស់សម្តី​បន្តបន្ទាប់ ក្រោយ​បោះឆ្នោត​
23, Nov 2016 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ក្រឡាស់សម្តី​ជា​បន្តបន្ទាប់ ដោយ​ប្តូរ​គោលជំហរ​ជុំវិញ​ការអនុវត្ត​គោលនយោបាយ​ដែល​ធ្លាប់​សន្យា​ក្នុងពេល​ឃោសនាបោះឆ្នោត​។ ថ្មីៗ​នេះ​លោក​បង្ហើប​ថា លោក​មិន​ចាប់អារម្មណ៍​រឿង​កាត់ទោស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដោយសារ​រឿង​អ៊ី​ម៉ែ​ល​ឡើយ​។ មួយវិញទៀត ដូ​ណា​ល់ ត្រាំ ក៏​ផ្លាស់ប្តូរ​ចិត្ត​ឈប់​បោះបង់ចោល​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ដែរ​។ កន្លងមក​លោក​ថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​ក្លែងក្លាយ និង​បោក​បញ្ឆោត​ប៉ុណ្ណោះ​។ កន្លងមក អតីត​ប្រមុខ​ការទូត​ដ៏​ល្បី លោក Henry Kissinger ក៏បាន​បញ្ជាក់​ផងដែរ​ថា កុំ​នាំគ្នា​រំពឹង​លើ​អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ពេក​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​កន្លងមក លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ជាមួយ​អ្នកគាំទ្រ​ថា បើ​លោក​ជាប់ឆ្នោត​លោក​នឹង​ទាត់ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​, ឈប់​ខ្វាយខ្វល់​រឿង​ប្រែប្រួល​អាកាសធាតុ​, បណ្តេញ​ជន​អន្ត​ប្រវេសន៍​ខុសច្បាប់​ចេញពី​អាមេរិក​, ហាមឃាត់​ប្រជាជន​ម៉ូ​ស្លី​ម​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក ហើយ​មួយទៀត​លោក​សន្យា​កាត់ទោស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​បាន​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ផ្ទាល់ខ្លួន​ដើម្បី​បំពេញការងារ​ជា​រដ្ឋមន្ត្រីការបរទេស​ផងដែរ​។

​ប៉ុន្តែ ក្រោយពេល​លោក​ជាប់ឆ្នោត លោក ដូ​ណា​ល់ ត្រាំ បាន​ក្រឡាស់សម្តី​របស់ខ្លួន​ច្រើន ដោយ​លោក​បំភ្លេច​ការសន្យា​មួយចំនួន​នៅក្នុង​ពេលដែល​លោក​ជជែក​ជាមួយ​សារព័ត៌មាន​។  បើតាម​ការមើលឃើញ​ជាក់ស្តែង លោក​បាន​រើស​មនុស្ស​ដែលមាន​និន្នាការ​ប្រឆាំង​ឥស្លាម ក៏ដូចជា​ប្រឆាំង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដើម្បី​ឲ្យ​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​ថ្មី​របស់លោក​មែន ប៉ុន្តែ​លោក​ដូ​ណា​ល់ ត្រាំ ខ្លួនឯង មិនមាន​គោលជំហរ​រឹងត្អឹង និង​ជ្រុលនិយម​ដូច​ពេល​ឃោសនាបោះឆ្នោត​ឡើយ​។ លោក ព្យាយាម​សម្របសម្រួល​តាម​បរិបទ​សង្គម​ជាក់ស្តែង​និង​បរិបទ​អន្តរជាតិ​ដែលមាន​ការប្រែប្រួល​រហ័ស​ដែរ​។

​ក្នុងពេល​លោក​ជួប​ជាមួយ​សារព័ត៌មាន New York Times ម្សិលមិញ លោក ដូ​ណា​ល់ ត្រាំ ត្រឡប់​ទៅ​និយាយ​ល្អ​ពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា  ហើយ​ក្រៅពីនេះ​លោក​ក៏​អះអាងថា លោក​លែង​តាម​ចងកម្ម​ចងពៀរ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដូច​លោក​ធ្លាប់​សន្យា​ដែរ​។ ហើយ​អ្វីដែល​សំខាន់ លោក​ចាប់ផ្តើម​ជឿជាក់ថា ពិភពលោក​ពិតជា​កំពុង​រង​ការគំរាមកំហែង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ពិតមែន​។​

១. ឈប់​ចងកម្ម​ចងពៀរ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
​គេ​នៅ​ចាំបាន​ថា ក្នុងពេល​ជជែក​ដេញដោល​គ្នា​លើក​ទី​២  លោក ដូ​ណា​ល់ ត្រាំ​វាយប្រហារ​លើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ខ្លាំងៗ​ដោយ​លើកឡើង​សំណុំរឿង​អ៊ី​ម៉ែ​ល​។ លោក​ដូ​ណា​ល់ ត្រាំ​ថែមទាំង​គំរាម​កាត់ទោស​និង​ចាប់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដាក់ពន្ធនាគារ​ផងដែរ ក្នុងករណី​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នោះ​។ លោក​អះអាងថា ការប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​របស់​លោកស្រី  ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងពេល​បំពេញការងារ​ជា​រដ្ឋមន្ត្រីការបរទេស​ដែល​វា​បង្ក​ហា​នី​ភ័យ​ចំពោះ​សន្តិសុខ​ជាតិ​អាមេរិក​ផងដែរ​។

​ប៉ុន្តែ​មកដល់​ថ្ងៃ​អង្គារ​ទី ២២​វិច្ឆិកា​នេះ លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ផ្លាស់ប្តូរ​ពាក្យសន្យា​នេះ ដោយ​លោក​ប្រកាសថា លោក​មិន​ចង់​តាម​ចងកម្ម​ពៀ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រឿង​អ៊ី​ម៉ែ​ល​ទៀតឡើយ​។ ក្នុងជំនួប​ជាមួយ​សារព័ត៌មាន New York Times លោក​ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រង​ការឈឺចាប់​ច្រើនណាស់​មកហើយ​កន្លងមក ហើយ​លោក​ក៏​មិនគួរ​ធ្វើ​រឿង​ណា​ដែល​ប៉ះពាល់​លោកស្រី ខ្លាំង​ទៀត​ដែរ​។​

​លោក​បញ្ជាក់​ច្បាស់​ថា​៖«​ខ្ញុំ​មិន​ចង់​ធ្វើបាប​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ​។ ខ្ញុំ​ពិតជា​មិន​ចង់​មែន​។ លោកស្រី​បាន​ឆ្លងកាត់​រឿងរ៉ាវ​ច្រើន​ដែល​ឈឺចាប់​ខ្លួន​កន្លងមកនេះ​»​។​

​ដូច្នេះហើយ​គ្មាន​ការចាត់តាំង​រដ្ឋអាជ្ញា​ពិសេស​ដើម្បី​សើ​ប​អង្កេត​ករណី​អ៊ី​ម៉ែ​ល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទៀតឡើយ​នៅពេលដែល​លោក ដូ​ណា​ល់ ត្រាំ ស្បថ ចូលកាន់​តំណែង​នោះ​។

២. ដូ​ណា​ល់ ត្រាំ ជឿថា ការប្រែប្រួល​អាកាសធាតុ​មាន​ពិតប្រាកដ​មែន​
​លោក ដូ​ណា​ល់ ត្រាំ ក្រឡាស់សម្តី​ម្តងទៀត​ពេល​និយាយ​ដល់​រឿង កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។​តាំងពីដើម​មក លោក ដូ​ណា​ល់ ត្រាំ ចោទថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ជា​រឿង ក្លែងក្លាយ​ដែល​ប៉ុណ្ណោះ​។ ហើយ​លោក​ក៏​ធ្លាប់​សន្យាថា ពេល​លោក​ជាប់ឆ្នោត​លោក​នឹង​ទាត់​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អង្គការសហប្រជាជាតិ​ចោល​ទៀត​។ 

​ប៉ុន្តែ ក្រោយ​ជាប់ឆ្នោត លោក ដូ​ណា​ល់ ត្រាំ ទំនងជា​យល់ថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​ពិត មិនមែន​ក្លែងក្លាយ​ឡើយ​។ ពេល​អ្នកសារព័ត៌មាន New York Times សាក​សួរថា តើ​សកម្មភាព​មនុស្ស​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​ឬ​អត់ លោក ដូ​ណា​ល់ ត្រាំ បាន​តប​វិញ​ថា លោក​ជឿជាក់ថា វា​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​មែន​។ ហើយ​ចំពោះ​កិច្ចព្រមព្រៀង​អាកាសធាតុ​នោះ លោក ដូ​ណា​ល់ ត្រាំ ប្រាប់ថា លោក​បើក​ចិត្ត​ទូលាយ​ចំពោះ​កិច្ចព្រមព្រៀង​នេះ ដែល​វា​មានន័យថា លោក​ទំនង​មិន​បោះបង់​កិច្ចព្រមព្រៀង​នេះ​ចោល​ឡើយ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​ត្រូវបាន​គេ​បង្កើតឡើង​នៅ​ចុងឆ្នាំ ២០១៥ សំដៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែលជា​គ្រោះថ្នាក់​បំផុត​មួយ​សម្រាប់​ពិភពលោក​។ រហូតមកដល់​ខែកញ្ញា មហាអំណាច​អាមេរិក​និង​ចិន​បានសម្រេច​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​គេ​ដឹង​ច្បាស់​មហាអំណាច​ទាំងពីរ​សុទ្ធតែជា​អ្នក​បំពុល​ពិភពលោក​ខ្លាំងជាងគេ​ដែរ​។​

៣.​លោក Henry Kissinger ដឹងថា លោក ដូ​ណា​ល់ ត្រាំ នឹងមិន​គោរព​សន្យា​១០០​ភាគរយ​ឡើយ​
​ការ​ក្រឡាស់សម្តី​បំភ្លេច​ពាក្យសន្យា​នេះ​មិនមែនជា​រឿង​ចម្លែក​ឡើយ​។ វា​ប្រាកដ​ណាស់​ថា ប្រធានាធិបតី​ថ្មី​មិន​អាចធ្វើ​គ្រប់យ៉ាង​តាម​អ្វីដែល​លោក​លើកឡើង​ទេ ព្រោះ​បរិបទ​សង្គម និង​អន្តរជាតិ​ប្រែប្រួល​។ ពាក់ព័ន្ធ​បញ្ហា​នេះ  អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Henry Kissinger ធ្លាប់​ប្រាប់ថា មនុស្ស​គ្រប់គ្នា​មិនគួរ​សង្ឃឹម​ខ្លាំង​ថា លោក ដូ​ណា​ល់ ត្រាំ អនុវត្តតាម​អ្វីដែល​លោក​បានលើកឡើង​ក្នុងពេល​ឃោសនា​ឡើយ​។

​អ្នកការទូត​ជើងចាស់​រូបនេះ​យល់ថា រដ្ឋបាល​ថ្មី​គួរតែ​ប្រឹងប្រែង​អភិវឌ្ឍ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ដែល​អាចឆ្លើយតប​តម្រូវ​ការ​ប្រជាជន​និង​ស្របតាម​គោលនយោបាយ​ការបរទេស​អាមេរិក​ផង ជាជាង​ធ្វើតាម​អ្វីដែល​ខ្លួន​សន្យា​។

​លោក​បានលើកឡើង ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន CNN ថា​៖ «​គេ​មិនគួរ​រំពឹង​ខ្លាំង​ទេ​ថា លោក ដូ​ណា​ល់ ត្រាំ នឹងធ្វើ​តាម​អ្វី​គ្រប់យ៉ាង​ដែល​លោក​បាន​សន្យា​ក្នុងពេល​ឃោសនា​»​។​ហើយ​លោក​ពន្យល់ថា វា​ជា​រឿង​ខុសឆ្គង និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផង ដែល​គ្រប់គ្នា​ទាមទារ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​រឿង​គ្រប់យ៉ាង​ដែល​គេ​បានលើកឡើង​ក្នុងពេល​ឃោសនា ស្រប​ពេលដែល​បរិបទ​ពិភពលោក​មានការ​ប្រែប្រួល​ខ្លាំង​នោះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ​ហ៊ី​ឡា​រី គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com