ជាតិ
សេដ្ឋកិច្ច
លោក លី យ៉ុង​ផាត់ និង​វិនិយោគិន​ចិន គ្រោង​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា​-​ចិន​
24, Nov 2016 , 12:33 pm        
រូបភាព
រូបថតពីទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់
រូបថតពីទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន LYP Group និង​ក្រុមហ៊ុន​ចិន គ្រោង​វិនិយោគ​រួមគ្នា​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា​-​ចិន ដែលមាន​ទីតាំង​ស្ថិតក្នុង​ទីក្រុង​រណប​របស់ លោក លី យ៉ុង​ផាត់ ។​



​លោក លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន LYP Group ត្រូវបាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដកស្រង់​សំដី​ថា ទីក្រុង មិត្តភាព​កម្ពុជា​-​ចិន នឹង​ត្រូវបាន​សាងសង់​ក្នុងដំណាក់កាល​ដំបូង​លើ​ផ្ទៃដី ៥៥០​ហិកតា ដែល​ស្ថិតក្នុង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លោក ស្ថិតនៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ។ លោក​បញ្ជាក់ថា គម្រោង​នេះ​គឺជា​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន​លោក និង​ក្រុមហ៊ុន​ចិន CMIG ដោយ​លោក​រំពឹងថា កិច្ចព្រមព្រៀង​វិនិយោគ​រួម​នេះ​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១​ខែធ្នូ​ ក្នុងអំឡុង​វេទិការ​ធុរកិច្ច​កំ​ពុល​កម្ពុជា​-​ចិន​។ លោក លី យ៉ុង​ផាត់ អះអាងថា នឹងមាន​ការពិភាក្សា​ស៊ីជម្រៅ​អំពី​ក​ម្រោ​ង​នេះ នៅក្រោយ​ពិធី​ចុះហត្ថលេខា​។​

​ចំពោះ​ទឹកប្រាក់​វិនិយោគ​គម្រោង​នេះ ត្រូវបាន លោក សេង ញ៉​ក់ នាយក​ប្រតិបត្តិ LYP Group  និង​ជា​អគ្គ​នាយ​ក្រុមហ៊ុន Phnom Penh Sugar លាតត្រដាង​។ លោក សេង ញ៉​ក់ ដែល​ត្រូវបាន​ទូរទស្សន៍ PNN ស្រង់​សំដី​បាន​ឲ្យ​ដឹងថា គម្រោង​វិនិយោគ​នេះ​មាន​ទឹកប្រាក់​ប្រហែល ១៥០០ លាន​ដុល្លារ  ដោយ​ក្រុមហ៊ុន​ទាំងពីរ​គ្រោង​សាងសង់​សាលារៀន ផ្សារ​ទំនើប ឡូ​ជី​ស្ទីក​សេន​ធឺរ កន្លែងតាំងពិព័រណ៌ និង​គម្រោង​ផ្សេងៗ​ទៀត នៅក្នុង​ទីក្រុង​មិត្តភាព​កម្ពុជា​-​ចិន​នេះ​។​

​បើតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា (CDC) ក្រុមហ៊ុន​ចិន គឺជា​វិនិយោគិន​បរទេស​ធំជាងគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ ទំហំ​ទឹកប្រាក់​នៃ​ការវិនិយោគ​នៅ​កម្ពុជា​របស់​វិនិយោគិន​ចិន​មាន​ចំនួន ៨៥៦ លាន​ដុល្លារ ។ ដោយឡែក​តួលេខ​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវទេសចរ​ចិន​បានមក​ទស្សនា​នៅ​កម្ពុជា​ចំនួន ៦៩ ម៉ឺន​នាក់ កាលពី​ឆ្នាំ​២០១៥ ហើយ​រដ្ឋាភិបាល​បានកំណត់​ទិសដៅ​ទាក់ទាញ​ទេសចរ​ចិន​ចំនួន ២ លាន​នាក់​នៅ​ឆ្នាំ​២០២០ ៕


Tag:
 ទីក្រុង​មិត្តភាព​កម្ពុជា​-​ចិន​
  លី យ៉ុង​ផាត់
© រក្សាសិទ្ធិដោយ thmeythmey.com