ជាតិ
យុវ​សិស្ស​៩​រូប ជាប់​ជ័យលាភី​ផលិត​រឿង​ខ្លី​៣​នាទី ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​
24, Nov 2016 , 2:37 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​វិទ្យាល័យ ចំនួន ៩​រូប ដែល​ជាប់​ជ័យលាភី​ក្នុង​ការផលិត​ភាពយន្ត​ខ្នាត​ខ្លី ៣​នាទី ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ភាពយន្ត​ចំនួន ៤៦​រឿង បានធ្វើ​ទស្សនកិច្ច​កាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី ២៣-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ យុវ​សិស្ស​ទាំង ៩​រូប នឹងចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី ២០១៦ នៅ​ថ្ងៃទី​២៦ វិច្ឆិកា​ខាងមុខនេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​



​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជូន​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ចំនួន ៩​រូប ដែល​ជាប់​ជ័យលាភី​ក្នុង​ការផលិត​ភាពយន្ត​ខ្នាត​ខ្លី ៣​នាទី ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ភាពយន្ត​ចំនួន ៤៦​រឿង នឹងធ្វើ​ទស្សនកិច្ច​កាន់​ប្រទេស​ជប៉ុន​។ ដំណើរ​ទស្សនកិច្ច​នេះ ក្រោម​កម្មវិធី​បណ្ដាញ ផ្លាស់ប្ដូរ​សិស្ស និស្សិត និង​យុវជន​អាស៊ី​ខាងកើត (JENESYS 2016)​។ ជាមួយគ្នានេះ សិស្ស​វិទ្យាល័យ​ទាំង ៩​រូប នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​គី​តា​មិ កោះ​ហុក​កៃ​ដូ ដើម្បី​ចូលរួម​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី ២០១៦ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា​ខាងមុខនេះ​ផងដែរ​។​

​សម្រាប់​កម្មវិធី JENESYS 2016 រៀបចំឡើង​ក្នុង​គោលបំណង ជំរុញ​នូវ​ទំនុកចិត្ត និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​ក្នុងចំណោម ប្រជាជន​ជប៉ុន និង​បណ្ដា​ប្រទេស និង​តំបន់ ដែល​បាន​ចូលរួម និង​កសាង​មូលដ្ឋាន នៃ​ចំណងមិត្តភាព​និង​សហប្រតិបត្តិការ​ក្នុងពេល​អនាគត​។

​ភាពយន្ត​ខ្នាត​ខ្លី​ចំនួន ៣​រឿង ផលិតឡើង​ដោយ​សិស្ស​ចំនួន ៩​រូប ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ភាពយន្ត​ចំនួន​៤៦​រឿង នា​វគ្គ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្រសួង​អប់រំ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​ជប៉ុន​។ បន្ថែម​លើ​នេះ យុវ​សិស្ស​ទាំងអស់ នឹង​មានឱកាស​សាកល្បង​កីឡា​ឃើ​លីង (Curling) ដែលជា​កីឡា​ដ៏​ល្បីល្បាញ​មួយ​ក្នុង​រដូវរងារ រួមទាំង​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង និង​កម្មវិធី​ផ្លាស់ប្ដូរ​នៅ​វិទ្យាល័យ និង​មហាវិទ្យាល័យ​នៅក្នុង​ទីក្រុង​គី​តា​មិ​។​

​ជាមួយគ្នានេះ វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​មហោស្រព មានការ​ចូលរួម​ពី​សិស្សានុសិស្ស​ក្នុងប្រទេស​ជប៉ុន និង​តំបន់​អាស៊ាន​ទាំង​១០​ប្រទេស រួមទាំង​ប្រទេស​ទី​ម័​រ​ខាងកើត ចិន កូរ៉េខាងត្បូង ម៉ុង​ហ្គោ​លី និង​តៃវ៉ាន់ នៅ​ប្រទេស​ជប៉ុន ក្នុង​កម្មវិធី JENESYS2016 នៅ​ទីក្រុង​គី​តា​មិ កោះ​ហុក​កៃ​ដូ​។

​គួររម្លឹកថា យុវ​សិស្ស​ទាំង​៩​រូប ដែល​ជាប់​ជ័យលាភី​លេខ ១ ដល់​លេខ​៣ ជា​សិស្ស​ដែល​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ​។ ជាមួយគ្នានេះ  ជ័យលាភី​លេខ​១ បាន​ទៅលើ​សិស្ស​មកពី​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ទី​៥ ដែល​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា «​ស្នាមរបួស​», ជ័យលាភី​លេខ​២ បាន​ទៅលើ​សិស្ស​មកពី​វិទ្យាល័យ​ច្បារអំពៅ មាន​ចំណងជើង​ថា «​វិប្បដិសារី​» និង​ជ័យលាភី​លេខ​៣ បាន​ទៅលើ​សិស្ស​មកពី​សាលា Cambodian Adventist School មាន​ចំណងជើង​ថា «​គ្មាន​នរណា​ខ្វល់​»​។

​សូមបញ្ជាក់ថា ស្ថានទូត​ជប៉ុន​រំពឹងថា អ្នកចូលរួម នឹង​អាច​យល់ដឹង​កាន់តែ​ជ្រាលជ្រៅ​អំពី​ប្រទេស​ជប៉ុន ហើយ​ពួកគេ អាច​ចែករំលែក​បទពិសោធន៍​របស់គេ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា បន្ទាប់ពី​ពួកគេ​វិល​ត្រឡប់មក​ប្រទេស​វិញ​៕


Tag:
 រឿង​ខ្លី​
 ​ កម្ពុជា​-​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com