ជាតិ
រដ្ឋមន្ត្រី​កសិកម្ម​៖ ការងារ​កសិកម្ម​មិនមែន​ងាយស្រួល​ទេ​
24, Nov 2016 , 7:39 pm        
រូបភាព
​សៀមរាប​៖ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម វេ​ង សាខុន បានផ្តល់​ក្នុង​ណែនាំ​លើ​ការងារ​កសិកម្ម​ជាច្រើន ដល់​អ្នកភូមិ​ធម្មជាតិ​រុន​តា​ឯក​។ ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ជាង​១០០​គ្រួសារ ត្រូវបាន​ជ្រើសរើស​ឲ្យ​មក​ស្នាក់នៅ​ក្នុងភូមិ​អភិវឌ្ឍន៍​ថ្មី ភូមិ​រុន​តា​ឯក ហើយ​ពួកគេ​ទទួលបាន​ផ្ទះ​និង​ដីចំការ​ចំនួន​១​ហិកតា ពី​អាជ្ញាធរ​ជាតិ​អប្សរា​។ បច្ចុប្បន្ន​ការងារ​កសិកម្ម​ក្នុងភូមិ​អភិវឌ្ឍន៍​ថ្មី​នេះ កំពុង​ទទួលបាន​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស​ពី​ដៃគូ​ជាច្រើន រួមមាន​ប្រទេស​ចិន​ជាដើម​។ សម្រាប់​រដ្ឋមន្ត្រី​កសិកម្ម ការងារ​កសិកម្ម​មិនមែនជា​ការងារ​ងាយស្រួល​នោះទេ ហើយ​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឹង​ជំនះ​ធ្វើយ៉ាងណា​ងើប​ចេញពី​ភាពលំបាក​នានា​។​



​ការធ្វើ​កសិកម្ម គឺ​ត្រូវ​ពឹង​ទាំងស្រុង​លើ​ប្រព័ន្ធ​ទឹក​។ នេះ​ជាការ​លើកឡើង​របស់លោក វេ​ង សាខុន ដែល​លោក​កំពុងផ្តល់​ដំបូន្មាន​ជាច្រើន​ដល់​អ្នកគ្រប់គ្រង​ភូមិ​រុន​តា​ឯក ក្នុង​ការជួយ​រៀបចំ​ប្រព័ន្ធ​ទឹក​ដល់​កសិករ​។ លោក​បញ្ជាក់ថា ការរៀបចំ​ត្រូវធ្វើ​ឲ្យ​ច្បាស់លាស់ មិនមែន​ចេះតែធ្វើៗ​នោះទេ ដើម្បី​ចៀសវាង​ការ​ស្តារឡើងវិញ ដោយ​ត្រូវ​ចាយលុយ​ច្រើនសន្ធឹក​។​

​កាលពី​ថ្ងៃទី​២១ វិច្ឆិកា​កន្លងទៅ លោក វេ​ង សាខុន បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ការងារ​កសិកម្ម​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក និង​បាន​ឈាង​មើល​ការរៀបចំ​រោង​កញ្ចប់​សម្រាប់​ដាំ​ដំណាំ ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ភាគី​ចិន​។ តាម​លោក​រដ្ឋមន្ត្រី ភូមិ​រុន​តា​ឯក​ជា​កន្លែង​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ ដូច្នេះ​ភូមិ​នេះ​គឺ​ត្រូវ​អភិវឌ្ឍន៍ និង​រៀបចំ​ឲ្យ​បានល្អ​ប្រសើរ​។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានផ្តល់​មតិ​កែលម្អ​ជាច្រើន​ដល់​លោក ម៉ី ម៉ា​រ៉ា​ឌី អ្នកគ្រប់គ្រង​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ អ្វីដែល​លោក​រដ្ឋមន្ត្រី​ផ្តោត​សំខាន់ គឺ​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព ដល់​ដំណាំ​កសិកម្ម​របស់​អ្នកភូមិ និង​មួយទៀត គឺ​ការស្វែងរក​ទីផ្សារ​ដល់​ពួកគេ​ជាដើម​។ ក្រៅពីនេះ​លោក វេ​ង សាខុន ក៏​ចង់​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា គិតគូរ​ផ្តល់​មេគោ​សម្រាប់​ឲ្យ​ប្រជាជន​ចិញ្ចឹម​ផងដែរ ក្រៅពី​ការផ្តល់ជូន​ដីចំការ​សម្រាប់​ដាំ​ដុះ​។​ល​៕

​សូម​ស្តាប់​សំឡេង​លោក វេ​ង សាខុន​







Tag:
 ​វេ​ង សាខុន​
  ភូមិ​ធម្មជាតិ​រុន​តា​ឯក
© រក្សាសិទ្ធិដោយ thmeythmey.com