ពីនេះ ពីនោះ
យុវជន​-​យុវ​ចាស់​៖ មិនទាន់មាន​កិច្ចសហការ​ផ្នែក​គំនិត​ជាមួយគ្នា​បានល្អ​ឡើយ​
25, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បរិបទ​សម័យមុន មនុស្ស​ចាស់ ចាស់ព្រឹទ្ធាចារ្យ គ្រូអាចារ្យ ព្រះសង្ឃ ជា​ជន​តែង​ត្រូវបាន​យុវជន ក្មេងជំនាន់ក្រោយ​គោរព​និង​ឲ្យ​តម្លៃ​។ ផ្ទុយ​ពី​សម័យមុន សម័យថ្មី កូន​ខ្មែរ​ក្មេង​ក្ដី យុវជន​ក្ដី មួយចំនួន​មិន​គោរព ហើយ​ព្រមទាំង​មិន​ឲ្យ​តម្លៃ​យុវ​ចាស់​ទៅវិញ​។ ប្រការនេះ​ទោះ​មិនមែន​ទាំងអស់ តែ​ជា​រូបភាព​មួយ​ដែល​យុវវ័យ​ជំនាន់​ថ្មី​នេះ​បានផ្ដល់​តម្លៃ​ទាប​ដល់​មនុស្ស​ជំនាន់​ចាស់​។



​យុវ​ចាស់​មួយចំនួន​ក្នុងពេល​បច្ចុប្បន្ននេះ នៅតែ​ប្រកាន់​ផ្នត់គំនិត​ចាស់ មើល​មិនទាន់​ឃើញ​ពី​តម្លៃ​នៃ​ការវិវឌ្ឍ​ន​ផ្នែក​គំនិត និង​ចំណេះដឹង​របស់​យុវជន​សម័យថ្មី​នេះ​។ ប្រការនេះ ហើយ​ដែល​នាំ​ឲ្យ​គេ​សង្កេតឃើញថា ពេលខ្លះ​ទោះបី​យុវជន ប្រឹង​ព្យាយាម​បង្ហាញ​ទស្សនៈ គំនិត ជា​ផែនការ ជា​មធ្យោបាយ​ដឹកនាំ រៀបចំ​សង្គម ឲ្យ​មានការ​អភិវឌ្ឍ​ល្អ​យ៉ាងណា ក៏​មិន​ត្រូវបាន​គេ​យកមក​ពិចារណា ព្រោះតែ​គិតថា ជា​គំនិត​ក្មេងខ្ចី​។

​ចំណែក​យុវជន​សម័យថ្មី​វិញ ព្យាយាម​បង្ហាញ​ពី​កិត្យានុភាព​របស់ខ្លួន តាមរយៈ​ចំណេះដឹង​ថ្មីៗ​នៅក្នុង​សង្គម​ទំនើប និង​សម័យ​បច្ចេកវិទ្យា​។ ចំណេះដឹង​យុវជន​សម័យថ្មី បាន​វិវឌ្ឍន​យ៉ាង​ល្អ គួរ​ឲ្យ​កោតសរសើរ ដែល​តម្លៃ​របស់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ បាន​ក្រោក​ឡើងជា​បណ្ដើរៗ​សម្រាប់​សង្គម​មួយ​នេះ ដើម្បី​ថ្ងៃមុខ​សង្គម​មួយ​នេះ​ក្លាយជា​សង្គម​ទំនើប​មួយ​។ ប៉ុន្តែ យុវជន​សម័យថ្មី បែរជា​នាំគ្នា​ពើងទ្រូង​បង្ហាញ​ភាព​អស្ចារ្យ ទៅលើ​យុវ​ចាស់ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ​នោះ​ទៅវិញ​ដែរ​។

​ព្រោះ​ទង្វើ​បែបនេះ វា​មិន​ត្រឹមតែ​ជា​សកម្មភាព​ប្រាស់ចាក​ពី ក្រឹ​ត​ក្រម​វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​គឺ សបញ្ជាក់​យ៉ាងច្បាស់​ថា កូន​ខ្មែរ មួយចំនួន បាន​ធ្លាក់ចុះ​ផ្នែក​សីលធម៌​យ៉ាងខ្លាំង ព្រោះ​ពេលខ្លះ​សម្បី​តែ​មាតាបិតា​ខ្លួន​ក៏​គេ​មិន​គោរព ថែមទាំង​ជេរប្រមាថ និង​វាយ​បន្លែ​ម​ទៀត​។ លើសពីនេះ ទៅទៀត​មាន​យុវជន​មួយចំនួន ស្ទើរ​មិនបាន​ផ្ដល់​តម្លៃ​សោះឡើយ​ទៅលើ​ចំណេះដឹង​របស់​មនុស្ស​ជំនាន់​មុន​ខ្លួន រហូតដល់​មាន​ពាក្យ​អ្នក​ជំនាន់​មុន​មាន គំនិត​មិនទាន់​សម័យ​បច្ចេកវិទ្យា ជាដើម​។

​ប្រការ​នេះហើយ ដែល​បង្ហាញ​ឲ្យ​ឃើញថា ទាំង​យុវ​ចាស់ និង​យុវជន​ជំនាន់​ថ្មី ហាក់​មិនទាន់មាន​ការបើក​ចិត្ត​ឲ្យ​ទូលាយ​ឲ្យ​គ្នា ដើម្បី​ទទួលយក និង​រៀនសូត្រ​ពីគ្នា ដើម្បី​យកគំនិត​ថ្មី ផែនការ​ថ្មី មធ្យោបាយ​ថ្មី យកទៅ​រៀបចំ និង​កសាង​សង្គម​នៅឡើយ​។

​ហេតុនេះ រវាង​យុវជន និង យុវ​ចាស់ មិនគួរ​បន្ទោស​គ្នា​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​ត្រូវ​គិតថា បរិបទ​ថ្មី​នៃ​សកម្មភាព​របស់​យុវជន គឺជា​ទង្វើ​មួយ​ដែល​ត្រូវតែ​កែ ត្រូវ​ទាញ​មកវិញ​ឲ្យ​ពួកគេ​ចេះ​គោរព និង​ឲ្យ​តម្លៃ​មនុស្ស​នៅ​ជុំវិញខ្លួន​របស់​ពួកគេ​។ ព្រោះថា មិនមែន​ខ្លួន​មានចំណេះ​បន្តិចបន្តួច ស្គាល់​សម័យ​វិទ្យាសាស្ត្រ ទទួល​វប្បធម៌​ប​ស្ចឹ​ម​ប្រទេស ទទួល​ឥទ្ធិពល វិទ្យាសាស្ត្រ​លោក​សាកល បែរមក​គិតថា អ្នក​ជំនាន់​មុន ថ្នាក់ដឹកនាំ​ចាស់ៗ មន្ត្រី​ចាស់ៗ​លោក​គ្មាន​សមត្ថភាព​នោះទេ ព្រោះ​បើ​អស់លោក​មិនមាន​សមត្ថភាព​ម្លេះ​សង្គម​នេះ​ក៏​មិនអាច​រីកចម្រើន​បាន​មួយចំនួនធំ​នោះដែរ​។ យ៉ាងណាមិញ មនុស្ស​ចាស់ ក៏ត្រូវ​ចាប់ផ្ដើម​សម្លឹងមើល​តម្លៃ​ខ្ពស់​របស់​យុវជន​មួយចំនួន ដើម្បី​ផ្ដើម​កិច្ច​សហការគ្នា រួមគ្នា​រវាង យុវជន និង យុវ​ចាស់ ដើម្បី​កសាង​ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com