អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមហ៊ុន​ម៉ិ​ក​ស៊ិ​ក​សុំ​ជួយ ដូ​ណា​ល់ ត្រាំ សង់​ជញ្ជាំង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​
25, Nov 2016 , 8:39 am        
រូបភាព
 
 
​ការសាងសង់​ជញ្ជាំង​តាម​បណ្ដោយ​ព្រំដែន​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក គឺជា​គោលនយោបាយ​ច​ម្រួ​ង​ចម្រាស​មួយ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ។ លោក​ចង់​សាងសង់​របង​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​លំហូរ​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពី​ម៉ិ​ក​ស៊ិ​ក​។ នៅពេលនេះ​លោក ត្រាំ មិនទាន់​ចូលកាន់​តំណែង​ផង​នោះ មាន​ក្រុម​សំណង់​ដ៏​ធំ​មួយ​របស់​ម៉ិ​ក​ស៊ិ​ក​ចេញមុខ​សុំ​លោក​សាងសង់​របង​ព្រំដែន​វែង​អន្លាយ​នេះ​។

 
​ប្រធាន​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍​ម៉ិ​ក​ស៊ិ​ក Grupo Cementos de Chihuahua (GCC) បាន​សុំ​ស្នើ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ក្នុងការ​ស្ថាបនា​ជញ្ជាំង​ដែល​ធំ ស្អាត មានអំណាច នៅតាម​បណ្ដោយ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ភាគខាងត្បូង​។ ការសាងសង់​ជញ្ជាំង​តាម​ព្រំដែន ជា​គោលនយោបាយ​របស់លោក ត្រាំ ក្នុងការ​ទប់ស្កាត់​លំហូ​រ​ជនភៀសខ្លួន តែ​វា​ធ្វើ​ឲ្យ​លោក​រង​ការរិះគន់​យ៉ាងខ្លាំង​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត​មាន Reuters លោក Enrique Escalante នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GCC បាន​ឡើង​ពី​គុណសម្បត្តិ​របស់​ក្រុមហ៊ុន​លោក ដែលជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​នោះ​។ លោក Enrique Escalante ក៏បាន​សរសើរ​លោក ដូ​ណា​ល់ ត្រាំ ដោយ​អះអាង គោលនយោបាយ​របស់លោក ត្រាំ នឹង​ផ្ដល់​ប្រយោជន៍​ខ្លាំង​ដល់​អ្នកជំនួញ​មុខរបរ​នេះ​។ 
 
​គេ​ចាំបាន​ថា នៅ​ថ្ងៃ​ប្រកាស​ទទួល​ធ្វើជា​បេក្ខជន​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា លោក​នឹង​សាងសង់​ជញ្ជាំង​តាម​ព្រំដែន ហើយ​របង​នោះ​នឹងមាន​តម្លៃថោក​បំផុត​។ លោក​បន្តថា លោក​នឹង​សង់​ជញ្ជាំង​នៅ​ព្រំដែន​ភាគខាងត្បូង ហើយ​លោក​ប្រកាស​ដែរ​ថា ម៉ិ​ក​ស៊ិ​ក​នឹង​ចេញថ្លៃ​សាងសង់​ជញ្ជាំង​នេះ​។ ប៉ុន្តែ​ម៉ិ​ក​ស៊ិ​ក​ក៏​ឆ្លើយតប​វិញ​ថា ខ្លួន​មិន​បង់លុយ​សាងសង់​ឡើយ​។​
 
​តាមពិតទៅ ជញ្ជាំង​ព្រំដែន​នេះ​នឹងមាន​ចម្ងាយ​តែមួយ​ពាន់​គីឡូ​ម៉ែត​ប៉ុណ្ណោះ ដ្បិត​កន្លែង​ខ្លះ​គេ​មិនអាច​សាងសង់​ជញ្ជាំង​បានឡើយ​ដោយសារ​ទីតាំង​ទាំងនោះ​ខ្ពស់​ស្រាប់ ឬក៏​មិន​អំណោយផល​ដល់​ការឆ្លងកាត់​ឡើយ​។ តែ​កម្ពស់​របស់​វា​នឹង​ខ្ពស់​ខ្លាំង​តាម​ការចង់បាន​របស់​លោក ត្រាំ ។ លោក​ចង់​សាងសង់​ជញ្ជាំង​ដែលមាន​កម្ពស់​ដល់​ចាប់ ៩ ទៅ ១២​ម៉ែត្រ ហើយ​និង​ត្រូវធ្វើ​ពី​ស៊ីម៉ង់ត៍​ទាំងអស់​។​
 
​ងាក​ទៅ​ក្រុម GCC បន្តិច ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​បំផុត​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋ Chihuahua ។ ក្រុមហ៊ុន​មួយ​នេះ​មាន​រោងចក្រ​ធំ​បី​នៅ​អាមេរិក ដែល​អាច​ផលិត​បាន​៧០​ភាគរយ​នៃ​ផលិតផល​លក់​សរុប​។ នៅពេល​ថ្មីៗ​នេះ ក្រុមហ៊ុន GCC ទើបតែ​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន តាមរយៈ​ការទិញ​ក្រុមហ៊ុន​ដទៃទៀត​នៅក្នុង​វិស័យ​មួយ​នេះ​។ បើតាម​ទំហំ​នេះ ក្រុមហ៊ុន GCC អាចមាន​លទ្ធភាព​សាងសង់​ជញ្ជាំង​តាម​បណ្ដោយ​ព្រំដែន​បាន​៕
 
 

Tag:
 ម៉ិ​ក​ស៊ិ​ក​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com