ជាតិ
សេដ្ឋកិច្ច
អភិបាលរង​រាជធានី​ភ្នំពេញ​៖ ភ្នំពេញ​ស្ទះចរាចរណ៍​ធ្ងន់ធ្ងរ ជាង​ហាណូយ បាងកក និង​ប៉េកាំង​… ​
26, Nov 2016 , 7:39 pm        
រូបភាព
លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ថ្លែងសន្និបាតស្តីពី៖ ទីក្រុងយើងទាំងអស់គ្នា
លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ថ្លែងសន្និបាតស្តីពី៖ ទីក្រុងយើងទាំងអស់គ្នា
ដោយ:
ភ្នំពេញ​៖ លោក អៀង អូន​នី អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការកកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ មាន​ស្ថានភាព​ធ្ងន់ធ្ងរ ជាង​ទីក្រុង​ធំៗ​មួយចំនួន ដូចជា​៖ ហាណូយ  ហូជីមិញ បាងកក និង​ប៉េកាំង​ជាដើម​។  លោក​ពន្យល់ថា ឥរិយាបថ​របស់​អ្នកបើកបរ និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍ គឺជា​ដើមចម​នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។  


 
ការ​ថ្លែង​របស់លោក អៀង អូន​នី គឺ​បន្ទាប់ពី​លោក​ចូលរួម​សន្និសីទ​ស្តីពី​៖«​ទីក្រុង​យើងទាំងអស់គ្នា​» ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ឌា​យ​កូ​នៀរ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​។

សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍ លោក អៀង អូន​នី ខាងក្រោម​នេះ​៖  



រីឯ​ការគ្រប់គ្រង​ចិញ្ចើមផ្លូវ​វិញ ត្រូវបាន លោក អៀង អូន​នី បាន​អះអាងថា សាលា​រាជធានី​ភ្នំពេញ មានលទ្ធភាព​បណ្តេញ​អ្នករកស៊ី​តាម​ចិ​ញ្ចើ​ញ​ផ្លូវ​ក្នុង​រយៈពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ លោក​ថា បញ្ហា​នេះ នឹង​អាច​ប៉ះពាល់​ដល់​អ្នករកស៊ី​ក្រៅ​ប្រព័ន្ធ ដែលជា​ប្រភព​រួមចំណែក​នៃ​កំណើនសេដ្ឋកិច្ច​ប្រជាជន​។  លោក​បន្ថែមទៀតថា ការគ្រប់គ្រង​ចិញ្ចើមផ្លូវ គឺជា​ប្រធានបទ​មួយ​ធំ ពីព្រោះ វា​ស្ថិតនៅ​ចន្លោះ​បញ្ហា​សេដ្ឋកិច្ច នយោបាយ និង​បញ្ហា​បច្ចេកទេស​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកលក់​តាម​ចិញ្ចើមផ្លូវ បើ​ចង់​សម្អាត​ចេញពី​ចិញ្ចើមផ្លូវ តែ​២៤​ម៉ោង​អស់​បាត់អស់​ឥឡូវ ប៉ុន្តែ​កុំភ្លេចថា បងប្អូន​ដែល​កំពុង​អនុវត្តន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បានរួម​ចំណែក​ធំ​ណាស់ ក្នុង​កំណើនសេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​។ លោក​បន្តទៀតថា​៖ «​ក្នុងនាម​ខ្ញុំ​អ្នក​មកពី​គណបក្ស​ឈ្នះឆ្នោត បើ​ធ្វើ​ហើយ​គ្រាន់តែ​ចាញ់ឆ្នោត​អត់​បានធ្វើ​ទៀត តើ​ធ្វើៗ​អ្វី​? ឧបមា​ថា ខ្ញុំ​ធ្វើ​ឲ្យ​ស្អាត ប៉ុន្តែ គ្រាន់តែ​ខ្ញុំ​ធ្វើ​ភ្លាម គេ​អត់​បោះឆ្នោត​ឲ្យ​ខ្ញុំ​។ តើ​មានរឿង​ហេតុអ្វី បានជា​ខ្ញុំ​ត្រូវ​សម្អាត​មួយ​ភ្លេច ហើយ​ចុងបញ្ចប់​លទ្ធផល​ដដែល ហើយ​ខ្ញុំ​ត្រូវ​ចុះ​ពី​អំណាច​? ដូច្នេះ ខ្ញុំ​ត្រូវ​ស៊ូ​ក្នុង​អំណាច ហើយ​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ​»​។ 

សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​លោក អៀង អូន​នី ខាងក្រោម​នេះ​៖ 



ម្យ៉ាងវិញទៀត អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បានបង្ហាញ​ពី​ដំណោះស្រាយ​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ​។ លោក​បាន​ពន្យល់ថា ពលរដ្ឋ​គ្រប់រូប គួរតែ​កែប្រែ​ទម្លាប់​នៃ​ការបើកបរ គោរព​ច្បាប់​ចរាចរណ៍ និង​មាន​ភាព​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ លើសពីនេះ សាលា​រាជធានី​ភ្នំពេញ គ្រោង​បញ្ចប់​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង​នៅ​ចុងឆ្នាំ​នេះ ដើម្បី​ការពារ​ផ្នែក​សន្តិសុខ និង​គ្រប់គ្រង​បញ្ហា​ចរាចរណ៍ ដោយមាន​គោលដៅ​ផាកពិន័យ​ទៅ​ថ្ងៃ​អនាគត​។ ក្នុងចំណោម​កាមេរ៉ា​៦០០​គ្រឿង JICA បាន​ជួយ​ចំនួន​១០០​គ្រឿង​។ 

ទាក់ទង​នឹង​ការកកស្ទះ​ចរាចរណ៍​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) បាន​បានបង្ហាញ​មូលហេតុ​មូល​ចំនួន​នៃ​ការកកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​។ មូលហេតុ​ទីមួយ គឺ​បណ្តាលមកពី​កំណើនប្រជាជន​នៅ​រាជធានី​ភ្នំពេញ​។ JICA អះអាងថា នៅ​ឆ្នាំ​១៩៩៨ នៅ​ភ្នំពេញ​មាន​ប្រជាជន ១​លាន​នាក់​។ ឆ្នាំ​២០០៨ ប្រជាជន​បាន​កើនឡើង ១.៣៣​លាន​នាក់ ខណៈ​នៅ​ឆ្នាំ​២០១០ មាន​ការធ្វើសមាហរណកម្ម ឃុំ​ចំនួន​២០​របស់​ខេត្តកណ្តាល ធ្វើ​ឲ្យ​ដែនដី​រាជធានី​ភ្នំពេញ​មាន​ចំនួន​ប្រជាជន ១.៦៩​លាន​នាក់​នៅ​ឆ្នាំ​២០១៣​។

JICA បាន​សន្និដ្ឋានថា ចំនួន​ប្រជាជន​នៅ​ភ្នំពេញ អាច​កើន​ឡើងដល់ ១.៨ លាន​នាក់​នៅ​ឆ្នាំ​២០១៦ ហើយ​អាច​កើនឡើង​បន្ថែមទៀត​រហូត​២.៨​លាន​នាក់​នៅ​ឆ្នាំ​២០៣៥​។   មូលហេតុ​ទី​២៖ ចំនួន​រថយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ភ្នំពេញ បាន​កើនឡើង​៣​ដង​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ បន្ថែម​ពីនេះ ការកើនឡើង​ចំនួន​ទោចក្រយានយន្ត​ក៏​ជា​មូលហេតុ​នៃ​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។ ក្រៅពី​ការកើនឡើង​នៃ​ចំនួន​យានយន្ត ការចត​រថយន្ត​បំពាន​ច្បាប់ ការមិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ការបើកបរ​បញ្ច្រាសទិស គឺ​សុទ្ធសឹង​ជា​មូលហេតុ​នៃ​កកស្ទះ​ចរាចរណ៍​។

ដោយឡែក ការដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​វិញ JICA បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ព្រមទាំង​ងាក​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​ចំណេញ​ប្រាក់ មាន​សុវត្ថិភាព ជាពិសេស អាច​កាត់បន្ថយ​ចំនួន​រថយន្ត​នៅលើ​ដងផ្លូវ​។ បើតាម JICA រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នឹង​ពង្រីក​ចំនួន​រថយន្តក្រុង​នៅ​រាជធានី​ភ្នំពេញ ឲ្យ​បាន​១០​ខ្សែ​នៅ​ឆ្នាំ​២០២០៕          


Tag:
 អៀង អូន​នី​
 ​ ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com