អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រតិកម្ម​ចម្រុះ​របស់​មេដឹកនាំ​ពិភពលោក​ក្រោយ​មរណភាព លោក ហ្វី​ដែល កា​ស្ត្រូ​
27, Nov 2016 , 11:48 am        
រូបភាព
ដោយ: រួបរួម
​ក្រោយ​មរណភាព​របស់​អតីត​ប្រធានាធិបតី​គុយបា លោក ហ្វី​ដែល កា​ស្ត្រូ បណ្តា​មេដឹកនាំ​ពិភពលោក បានបង្ហាញ​ពី​ប្រតិកម្ម​ចម្រុះ​។ ថ្នាក់ដឹកនាំ​ខ្លះ​បាន​ចាត់ទុកថា ជាការ​បាត់បង់​ដ៏​ធំធេង ប៉ុន្តែ​ខ្លះទៀត បាន​រំលឹក​ពី​ការគ្រប់គ្រង​បែប​ផ្តាច់ការ​របស់លោក ហ្វី​ដែល កា​ស្ត្រូ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​


ខាងក្រោម​នេះ ជា​ប្រតិកម្ម​ចម្រុះ​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP៖

​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ៖ «​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី កា​ស្ត្រូ គុយបា​បាន​បោះជំហាន​ទៅមុខ​លើ​វិស័យ​អប់រំ អក្ខរកម្ម និង​សុខាភិបាល​»​។​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​៖ «​ប្រវត្តិសាស្ត្រ នឹង​វិនិច្ឆ័យ​ផលប៉ះពាល់​ដ៏​ធំធេង​របស់លោក​ហ្វី​ដែល កា​ស្ត្រូ​»​។​

​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​៖ «[​លោក ហ្វី​ដែល កា​ស្ត្រូ​] គឺជា​មេដឹកនាំ​ផ្តាច់ការ​ដ៏​ឃោ​ឃៅ​ម្នាក់​ដែល​ជិះជាន់​សង្កត់សង្កិន ប្រជាពលរដ្ឋ​របស់ខ្លួន​»​។​

​លោក វ្លា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​៖ «​បុរស​រដ្ឋ​ម្នាក់នេះ ត្រូវបាន​ចាត់ទុក​ដូចជា​និ​មិ្ម​ត​រូប​នៃ​សម័យមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​ពិភពលោក​»​។​

​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​៖ «​សម​មិត្ត កា​ស្ត្រូ នឹង​រស់នៅ​ជា​អមតៈ​»​។​

​លោក នា​រិ​ន្ត្រា មូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា​៖ «​គាត់​ធ្លាប់ជា​ឥស្សរជន​ដ៏​លេចធ្លោ​បំផុត​ម្នា​ក់នៅ​សតវត្សរ៍​ទី​១៩»​។​

​លោក Jean-Claud Juncker ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​៖ «​គាត់​ធ្លាប់ជា​មេដឹកនាំ​ប្រវត្តិសាស្ត្រ​ប្រចាំ​សតវត្សរ៍ ហើយ​ពិភពលោក បាន​បាត់បង់​បុរស​ម្នាក់​ដែល​មនុស្ស​ជាច្រើន​ចាត់ទុកជា​វីរបុរស​»​។​

​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង​៖ «​គាត់​បាន​ដឹកនាំ​ចលនា​បដិវត្តន៍​គុយបា ជាមួយ​ក្តី​សង្ឃឹមថា នឹង​ទទួលបាន​ផ្លែផ្កា ប៉ុន្តែ​បដិវត្តន៍​នេះ បាន​ផ្តល់នូវ​ការស្រងាកចិត្ត​ដ៏​ធំធេង​»​។​

​ព្រះអង្គ Felipe VI ស្តេច​អេ​ស្ប៉ា​ញ​៖ «​គាត់​ជា​មនុស្ស​មនុស្ស​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​ប្រកែក​បាន​នោះឡើយ​»​។​

​លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា​៖ «​ពលរដ្ឋ​កាណាដា​ចូលរួម មរណទុក្ខ​ជាមួយ​ពលរដ្ឋ​គុយបា​ចំពោះ​ការបាត់បង់​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​»​។​

​លោក បា​សា អាល់​អាសាដ ប្រធានាធិបតី​ស៊ី​រី​៖ «​ការតស៊ូរ​របស់លោក បាន​ក្លាយជា​វីរភាព​មួយ និង​ជា​គំរូ​ដល់​មេដឹកនាំ និង​ពលរដ្ឋ​នៅក្នុង​ពិភពលោក​ទាំងមូល​»​។​

​លោក គឹម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​៖ «​បើទោះបីជា​គាត់​បាន​បាត់បង់​ជីវិត​ក៏ដោយ ប៉ុន្តែ​ជ័យជម្នះ​ដែល​មិនអាច​កាត់ថ្លៃ​បាន ស្ថិត​នៅជាប់​ក្នុង​បេះដូង​ពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ និង​បេះដូង​នៃ​មនុស្សជាតិ​ទូទៅ​»​។​

​លោក Evo Morales ប្រធានាធិបតី​បូ​លី​វី​៖ «​វា​មេដឹកនាំ​ប្រវត្តិសាស្ត្រ​ដែល​បានការ​ពារ​ភាពថ្លៃថ្នូ​របស់​ពលរដ្ឋ​លើ​ពិភពលោក​»​។​

​លោក Juan Manuel Santos ប្រធានាធិបតី​កូ​ឡុំ​ប៊ី​៖ «​យើងទាំងអស់គ្នា​យំ សោកស្តាយ​ចំពោះ​មរណភាព​របស់លោក ហ្វី​ដែល កា​ស្ត្រូ​»​។​

​លោកស្រី Nkosazana Dlamini Zuma ប្រធាន​សម្ព័ន្ធ​អាហ្វ្រិក​៖ «​លោក ហ្វី​ដែល កា​ស្ត្រូ គឺជា​មេដឹកនាំ​បដិវត្តន៍​ដ៏​ពិតប្រាកដ​ម្នាក់ ដែល​ជួយ​លើកតម្កើង​សេរីភាព និង​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​»​។​

​លោក Jacop Zuma ប្រមុខរដ្ឋ​អាហ្វ្រិក​ខាងត្បូង​៖ «​លោក​ប្រធានាធិបតី​កា​ស្ត្រូ គឺជា​ដៃគូ​ម្នាក់​របស់​យើង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​របប​អាប៉ាថេត​»​។​

​លោក Charles Michel នាយករដ្ឋមន្ត្រី​បែ​ល​ហ្សិ​ក​៖ «​ទំព័រ​ប្រវត្តិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​ត្រូវបាន​បញ្ចប់​។ វា​ក៏​ជាការ​បញ្ចប់​សង្គ្រាមត្រជាក់​ផងដែរ​»​។​

​លោក Mahmoud Abbas ប្រធាន​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​៖ «​លោក ហ្វី​ដែល កា​ស្ត្រូ គឺជា​អ្នកតស៊ូ​រមតិ​ដ៏​អស្ចារ្យ​ម្នាក់ ដើម្បី​យុត្តិធម៌​ក្នុង​ពិភពលោក​»​។​

​លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​៖ «​គាត់​បានបង្ហាញ​ពី​ការតស៊ូរ​ប្រឆាំង​លោកខាងលិច និង​ចក្រពត្តិនិយម​»៕


Tag:
 ហ្វី​ដែល កា​ស្ត្រូ​
  គុយបា​
© រក្សាសិទ្ធិដោយ thmeythmey.com