ពីនេះ ពីនោះ
អ្នកខ្លះ​អួតថា​ខ្លួន​គិតពី​ប្រទេសជាតិ​ណាស់ តែ​មិន​ខ្វល់​ពី​ការចុះឈ្មោះ​បោះឆ្នោត​!
27, Nov 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន​
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ខ្លះ សម្តែង​ក្តីកង្វល់​ថា ប្រទេសជាតិ អាច​នឹង​កើត​ចលាចល ប្រសិនបើ​ផ្លាស់ប្តូរ​មេដឹកនាំ​។ អ្នក​ខ្លះទៀត អះអាងថា មានតែ​អ្នកដឹកនាំ​បច្ចុប្បន្ន​ទេ ដែល​អាច​រក្សា​សន្តិភាព និង​បន្ត​អភិវឌ្ឍ​ប្រទេស​បាន​។ តាមរយៈ​ពាក្យសម្តី​និង​កាយវិការ អ្នក​ទាំងនោះ ធ្វើ​ដូចជា​ភ័យព្រួយ​ពី​ប្រទេសជាតិ​ខ្លាំងណាស់​។ តែ​តាមពិត ក្នុងចំណោម​ពួកគេ អ្នកខ្លះ ទំ​ទង​ជា​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ផង​។​


​បើ​គ្រាន់តែ​ទៅ​ចុះឈ្មោះ​បោះឆ្នោត អ្នក​មិនទាន់​អាចធ្វើ​បាន​ផង តើ​ឲ្យ​គេ​ជឿថា អ្នកជា​បុគ្គល ដែល​គិតគូ​ពី​ប្រទេសជាតិ​យ៉ាងដូចម្តេច​។ អ្នកដទៃ អាច​នឹង​ពេបជ្រាយ​ឬ​មើលងាយ​អ្នក​ក្នុង​ចិត្ត នៅពេល​ដឹងថា អ្នក​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត តែ​បែរជា​ប្រឹង​និយាយ​រឿង​ប្រទេសជាតិ និង​រិះគន់​អ្នកនយោបាយ​បែបនេះ ឬ​បែប​នោះ​។

ប្រសិនបើ មិន​ពេញចិត្ត​គណបក្សកាន់អំណាច​បច្ចុប្បន្ន អ្នក អាច​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​មាន​សិទ្ធ​បោះឆ្នោត ជូន​គណបក្សនយោបាយ​ណា ដែល​អ្នកគាំទ្រ ឲ្យ​ទៅ​ដឹកនាំ​ប្រទេស​ម្តង​។ អ្នក មិនអាច​ផ្លាស់ប្តូរ​រដ្ឋាភិបាល​បច្ចុប្បន្ន តាម​វិធី​ណា​ផ្សេង ក្រៅពី​ការបោះឆ្នោត​នោះទេ​។ 

ប៉ុន្តែ ប្រសិនបើ​ភ័យព្រួយ​ថា ប្រទេស អាចមាន​ភាពវឹកវរ ឬ​បាត់បង់​សុខសន្តិភាព ពេល​គណបក្សប្រឆាំង​ឈ្នះឆ្នោត នោះ​អ្នក ក៏​ត្រូវតែទៅ​ចុះឈ្មោះ​បោះឆ្នោត​ដូចគ្នា ដើម្បី​បោះឆ្នោត​គាំទ្រ​គណបក្សកាន់អំណាច ឲ្យ​ដឹកនាំ​ប្រទេស​តទៅទៀត​។

អ្នក​គ្រប់គ្នា បានត្រឹមតែ​រិះគន់​អ្នកនយោបាយ ដើម្បី​ឲ្យ​កែប្រែ​កំហុស​អ្វីមួយ ប៉ុណ្ណោះ​។ តែ​អំណាច​ពិតប្រាកដ ដើម្បី​ផ្លាស់ប្តូរ​អ្នកដឹកនាំ ឬ​បន្ត​គាំទ្រ​អ្នកដឹកនាំ គឺ​ស្ថិត​លើ​សន្លឹកឆ្នោត​របស់​អ្នក​។

​ដូច្នេះ អ្នក​គប្បី​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​មានឱកាស​ជ្រើសរើស​អ្នកនយោបាយ​រូប​ណា ដែល​អ្នក​ពេញចិត្ត ឲ្យ​ទៅ​ដឹកនាំ​ប្រទេស​។ ផ្ទុយ​មកវិញ បើ​អ្នក មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នោះទេ អ្នកនឹង​បាត់បង់​សិទ្ធិ ក្នុងការ​ជ្រើសរើស​អ្នកនយោបាយ​។

​បើតាម​ទិន្នន័យ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រជាពលរដ្ឋ ជាង​៧​លាន​នាក់ បាន​ទៅ​ចុះឈ្មោះ​ឆ្នោត​។ ចំណែកឯ ប្រជាពលរដ្ឋ​ជាង ២​លាន​នាក់​ទៀត នៅ​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​ទេ ខណៈ​ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​បិទ​បញ្ចប់​នៅ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។

​ផ្នែក​លើ​ប្រភពពី​គ​.​ជ​.​ប ដដែល ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់ ដែល​គ្រប់​អាយុ​បោះឆ្នោត តែ​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺជា​អ្នក​ចំណាក់ស្រុក​។ ច្បាប់បោះឆ្នោត​បច្ចុប្បន្ន មិន​អនុញ្ញាត​ឲ្យ​រៀបចំ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ស្ថានទូត​ឬ​ស្ថាន​អគ្គ​កុង​សុល សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​នានា នោះទេ​។ ជាងនេះទៀត សូម្បីតែ​ការពង្រាយ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ព្រំដែន ក៏​មិនទាន់មាន​ចែក​ក្នុង​ច្បាប់​ដែរ​។ ដូច្នេះ វា ជាការ​លំបាក​សម្រាប់​ប្រជាពលរដ្ឋ ដែល​ទៅ​រស់​នៅឯ​ប្រទេសក្រៅ ហើយ​ត្រឡប់មក​ចុះឈ្មោះ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​។​

​ដោយឡែក ប្រជាពលរដ្ឋ ជាង​១​លាន​នាក់​ទៀត ដែល​គ្រប់​អាយុ​បោះឆ្នោត ហើយ​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា ហេតុអ្វី​មិន​ព្រមទៅ​ចុះឈ្មោះ​បោះឆ្នោត​?
​បើទោះបីជា​អ្នក​ជាប់រវល់​យ៉ាងណា ក៏​គួរតែមាន​ពេល​ដែរ ព្រោះ​ការចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល​៣​ខែ​ឯណោះ​។ ការ លើក​ហេតុផល​ថា មិនបាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ព្រោះតែ​ជាប់រវល់​ក្នុង​កិច្ចការ​ផ្សេងៗ គឺ​គ្រាន់តែ​ជា​លេស​របស់​អ្នក ប៉ុណ្ណោះ​។

ជាការ​ពិត អ្នក​អាច​មិន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ហើយក៏​មិនចាំបាច់​បោះឆ្នោត​ដែរ ព្រោះ​វា ជា​សិទ្ធិ​របស់​អ្នក​។ ម្យ៉ាងទៀត ច្បាប់ ក៏​មិន​បានចែង​ពី​ទោសទណ្ឌ​ទៅលើ​អ្នក ដែល​មិន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដែរ​។ តែបើ​ប្រទេស មាន​អ្នកដឹកនាំ ដែល​មិន​គិតគូ​ប្រយោជន៍​ជាតិ ហើយ​ថែមទាំង​ធ្វើបាប​ប្រជាពលរដ្ឋ​ទៀត​នោះ អ្នក​មិន​ចាំ​ចាំបាច់ មក​ធ្វើជា​ឈឺចាប់ ឬ​ស្រែក​តវ៉ា​អ្វី​ឡើយ ពីព្រោះថាអ្នក ក៏មាន​ឱកាស​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​ដែរ តែ​អ្នក​ខ្លួនឯង​ទេ ដែល​ព្រងើយកន្តើយ​។​
 
​ណាស់​ហើយ កុំ​ឲ្យ​គេ​សើច​អក​ច្រើនពេក ឆាប់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ភ្លាម​ទៅ ទាន់​មានឱកាស​! ពេញចិត្ត​ឬ​មិន​ពេញ​បក្ស​ណា គឺ​សម្រេច​ដោយ​សន្លឹកឆ្នោតរ​បស់​អ្នក​ឯណោះ​ទេ មិនមែន​អាស្រ័យ​លើ​ការស្រែក​រិះគន់​ឡើយ​!

ពី​ខ្ញុំ ម៉ៅ ចាន់​សុភ​ក្ត្រ ខេត្តកំពង់ស្ពឺ​


© រក្សាសិទ្ធិដោយ thmeythmey.com