ពីនេះ ពីនោះ
ប្លា​តុង និង ខុង​ជឺ​៖ អ្នកដឹកនាំ​ជា​គតិ​វិញ្ញូ និង​ទស្សនវិទូ ទើប​អាចធ្វើ​ឲ្យ​សង្គម​ឥតខ្ចោះ​បាន​
29, Nov 2016 , 9:18 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនវិទូ​លោក ប្លា​តុង បាន​ឲ្យ​តម្លៃ​អ្នកដឹកនាំ អ្នកគ្រប់គ្រង​ឬ​ស្ដេច ចាំបាច់​ត្រូវតែ​ជា​ទស្សនវិទូ​។ ចំណែក​ទស្សនវិទូ​ដ៏​ល្បីល្បាញ់​របស់​ប្រទេស​ចិន ខុង​ជឺ វិញ​យល់ឃើញថា ដើម្បី​ឲ្យ​បាន​រដ្ឋ​ឥតខ្ចោះ​មួយ​បាន គឺ​អ្នកដឹកនាំ​ចាំបាច់​ត្រូវតែ​ជា​គតិ​វិញ្ញូ ទើប​ធ្វើ​ឲ្យ​សង្គម ឬ​រដ្ឋ​មួយ​នោះ​ក្លាយជា​រដ្ឋ​មួយ​ដែល​ល្អឥតខ្ចោះ​។



​គំនិត​ដឹកនាំ​រដ្ឋ​របស់​ប្លា​តុង និង ខុង​ជឺ ប្រសិនបើ​ពី​បញ្ញត្តិ ឃើញថា​មិន​ដូចគ្នា ព្រោះ​ម្នា​ក់បាន​ឲ្យ​តម្លៃ​ទៅលើ​អ្នកដឹកនាំ​ជា​ទស្សនវិទូ ប៉ុន្តែ​ម្នាក់ទៀត​បាន​ឲ្យ​តម្លៃ​ទៅលើ គតិ​វិញ្ញូ​។ ប៉ុន្តែ​បើ​មើល​ទៅលើ​អត្ថន័យ និង​ប្រភេទ​មនុស្ស​ទាំងពីរ​ជំពូក​នេះ​(​ទស្សនវិទូ និង គតិ​វិញ្ញូ​) គឺជា​ប្រភេទ​បុគ្គល​តែមួយ​។

​ជា​និយមន័យ គតិ​វិញ្ញូ​មានន័យថា​ជា​អ្នកប្រាជ្ញ ជា​មនុស្ស​ដែល​ប្រាជ្ញាញាណ មានការ​យល់ដឹង​ជ្រៅជ្រះ មាន​សមត្ថភាព​ពិត ស្គាល់​គុណធម៌ មាន​សីលធម៌​។ ចំណែក​ទស្សនវិទូ ក៏​ជា​អ្នក​ប្រាជ្ញា អ្នកចេះដឹង មាន​បញ្ញាញាណ មាន​គតិបណ្ឌិត មាន​បញ្ញា​ឈ្លាសវៃ មាន​ទាំង​សីលធម៌ គុណធម៌ ជា​បុគ្គល​ប្រកាន់ខ្ជាប់​សុចរិតធម៌ មេត្តាធម៌ ដឹង​ខុស ដឹង​ត្រូវ រស់នៅ​ពឹង​ផ្អែកលើ​វិចារ​ណា​ញ្ញាណ ជាដើម​។ ហេតុនេះហើយ​ទើប​ប្លា​តុង ដែលជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ​ក្នុងសម័យ​ក្រិ​ក​បុរាណ ព្រមទាំង​ជា​សិស្ស​របស់​ទស្សនវិទូ​លោក សូ​ក្រា​ត ផង​នោះ អះអាងថា អ្នកដឹកនាំ​ជា​ទស្សនវិទូ ទើប​ធ្វើ​ឲ្យ​សង្គម​ក្លាយ​សង្គម​សន្តិភាព រីកចម្រើន និង​ជា​សង្គម​ឥតខ្ចោះ​បាន​។

​ចំណែក​គោល​គំនិត របស់​ខុង​ជឺ នៅពេល​សង្គម​មួយ ប្រទេសមួយ រដ្ឋ​មួយ មាន​គតិ​វិញ្ញូ​មក​ដឹកនាំ​សង្គម រៀបចំ​សង្គម លោក​យល់ថា​នឹងធ្វើ​ឲ្យ​សង្គម​កាន់តែ​ល្អប្រសើរ​។ ព្រោះ​ទស្សនវិទូ​រូបនេះ យល់ឃើញថា ការដឹកនាំ និង​គ្រប់គ្រង​សង្គម​ដោយ​ប្រើប្រាស់​គុណធម៌ គឺមាន​ភាពល្អប្រសើរ​ជាង​ការគ្រប់គ្រង​សង្គម ដោយ​ការប្រើប្រាស់​ច្បាប់​ក្នុងការ​ដាក់ទោស​។ ហេតុនេះ​វិញ្ញូ​ជន​គឺជា​បុគ្គល​សំខាន់​ដែល​សង្គម​ត្រូវការ​។​

​ស្ថិតក្នុង​ស្ថានភាព​សង្គម​បច្ចុប្បន្ន ការ​មាន​គតិ​វិញ្ញូ និង​ទស្សនវិទូ ឬ​អ្នកមានចំណេះដឹង​ពិត មក​ដឹកនាំ​សង្គម​គឺជា​រឿង​ដែល​ល្អ​ប្រពៃ​បំផុត ព្រោះ​ភាគច្រើន​នៃ​បុគ្គល​បែបនេះ គឺជា​មនុស្ស​ដែល​ស្រឡាញ់​សន្តិភាព ស្រឡាញ់​ភាពជា​មនុស្ស​ដូចគ្នា ស្រឡាញ់​អ្វី​ដែលជា​ភាពត្រឹមត្រូវ ស្រឡាញ់​អ្វី​ដែលជា​ភាពស្មើគ្នា​។ មិនតែប៉ុណ្ណោះ ជន​ទាំងនេះ​គឺជា​បុគ្គល​ដែលមាន​សីលធម៌ គុណធម៌ សច្ចធម៌ ដែល​អាច​នាំយក​យក​គំរូ​ដ៏​មានតម្លៃ ដែល​មនុស្ស​គ្រប់រូប​ត្រូវតែ​អនុវត្តន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ហើយក៏​ជា​អំពើ​ដ៏​ឧត្ដម​នៅក្នុង​ជីវិត​រស់នៅ​ក្នុងសង្គម​។​
 
​ប៉ុន្តែ​បើ​មានតែ​បុគ្គល​ដែលជា​វិញ្ញូ​ជន​មួយរូប មក​ដឹកនាំ​សង្គម ក៏​មិន​អាចធ្វើ​ឲ្យ​សង្គម​ទាំងមូល​មាន​ភាពល្អ​ឥតខ្ចោះ​បាន​ទាំងស្រុង​នោះដែរ​។ តែ​ត្រូវ​ទាមទារ​ឲ្យ​មាន​មន្ត្រី​គ្រប់​ជាន់ថ្នាក់​មាន​សណ្ដាន​ជា​មនុស្ស​ល្អ​គ្រប់ៗ​គ្នា មានចំណេះ​ជំនាញ​ពិត ចំណែកឯ​ប្រជាពលរដ្ឋនៅក្នុង​សង្គម​ទៀតសោត ក៏ត្រូវ​តែ​ជាម​នុស្ស​ដែលមាន​ការយល់ដឹង ចេះ​គិត​ចេះ​វិភាគ​ផងដែរ​។​
 
​ថែម​ពីនេះ​ទៀត ច្បាប់​ល្អ គឺជា​កត្តា​ដ៏​ចាំបាច់​បំផុត​សម្រាប់​ការគ្រប់គ្រង ដឹកនាំ​សង្គម​។ ជាពិសេស​គឺ​ទៅ​ការគ្រប់គ្រង សកម្មភាព​របស់​មនុស្ស​ប្រចាំថ្ងៃ ដើម្បី​ចូលរួម​ដាក់​សម្ពាធ​លើ​បុគ្គល ដែល​ប្រព្រឹត្តិ​អំពើ​នាំ​ឲ្យ​សង្គម​មាន​ភាពអសន្តិសុខ​ជាដើម​។​
 
​ជារួម ចង់បាន​សង្គម​មួយ​ដែលមាន​ភាពល្អ​ឥតខ្ចោះ គឺ​ទាមទារ​ឲ្យ​មាន​មេដឹកនាំ​ដែលជា​វិញ្ញូ​ជន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ បន្ថែម​ពីនេះ ក៏​ត្រូវការ​មន្ត្រី និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់​ផងដែរ រួមទាំង​មានច្បាប់​មាន​ទម្លាប់​ក្នុងការ​គ្រប់គ្រង​ច្បាស់លាស់​។ ប្រសិន​មាន​គ្មាន​ច្បាប់​ហើយ​ដឹក​នាំទៅ​តាមតែ​តាមតែ​មាត់​របស់​មេដឹកនាំ ទោះបី​ជាមាន​មេដឹកនាំ​ជា​វិញ្ញូ​ជន​ក៏ដោយ ក៏​មិនអាច​ធានា​ពី​ភាពត្រឹមត្រូវ​បាន​ទាំងស្រុង​នោះដែរ​។ ថ្វី​ដ្បិតថា គ្មានទេ​រដ្ឋ​ល្អឥតខ្ចោះ ប៉ុន្តែ​វិញ្ញូ​ជន ទស្សនវិទូ និង​ច្បាប់ គឺ​សំខាន់​ណាស់​សម្រាប់​គ្រប់គ្រង​សង្គម​៕


© រក្សាសិទ្ធិដោយ thmeythmey.com